សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រំលេចពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុង​ការចូលរួម​ដោះស្រាយបញ្ហាសុខភាពសកល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រំលេចពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុង​ការចូលរួម​ដោះស្រាយបញ្ហាសុខភាពសកល

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រំលេចពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុង​ការចូលរួម​ដោះស្រាយបញ្ហាសុខភាពសកល

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូស​រំលេច​ពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូល​រួមដោះ​ស្រាយបញ្ហាសុខភាពសកល ដោយសម្ដេចបានបង្ហាញជា​ទឡ្ហីករណ៍ថា តួ​យ៉ាងបញ្ហាជំងឺកូវីដ១៩ ដែលកម្ពុជា បាន​ប្រឹងប្រែងក្នុងការប្រយុទ្ធ​ប្រឆាំង ជាមួយជំងឺរាតត្បាតជាសកលមួយនេះ ទទួលបានជោគជ័យ​គួរឱ្យ​កត់សម្គាល់ ។

Advertisement

ក្នុងសុន្ទរកថាគន្លឹះ និងចែករំលែកទស្សនទានលើបញ្ហាសុខភាព​សកល​លោក ក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលប្រារព្ធ​ឡើងនៅទីក្រុងលីយ៉ុង ប្រទេស​បារាំងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦សម្តេចធិបតី ហ៊ុន ម៉ាណែត​បានកោត​សរសើររដ្ឋាភិបាល​បារាំង ដែល​បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ នៅពេលវេលាដ៏​សំខាន់​មួយសម្រាប់​មនុស្ស​ជាតិ និងភពផែនដី ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងជំងឺកូវីដ១៩ ដែលបាន​ចូល​​អង្រួន​សុខភាពរបស់មនុស្សជាតិកាលពីឆ្នាំ២០១៩ ជាពិសេសគូសរំលេច​ពីការ​ប្រឹង​ប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាត​ជាសកលមួយនេះ។ សម្តេច​​ធិបតី បានលើក​ឡើងថា ទោះបីជាប្រទេស​មានធនធាន​តិចតួច​ក៏ដោយ ក៏ការទប់ស្កាត់ជំងឺ​កូវីដ-១៩ របស់ប្រទេស​កម្ពុជា ត្រូវបានចាត់​ទុកយ៉ាងទូលំ​ទូលាយ​ថាជាជោគជ័យគួរឱ្យកត់​សម្គាល់ ពីដំណាក់កាលទប់ស្កាត់យ៉ាងតឹងរ៉ឹង រហូត​ដល់ដំណាក់កាល​ស្តារ​ឡើងវិញ​នៃការចាក់វ៉ាក់សាំងខ្ពស់ ។

សម្តេចធិបតីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាសុខភាពសកល។កម្ពុជា​បាន​ដោះស្រាយហា​និភ័យសុខភាពតែមួយតាមរយៈការឃ្លាំមើល និងការចូលរួមរបស់​សហគមន៍នៅទូទាំង​ពហុភាគីពាក់ព័ន្ធ តាមដានការធ្វើចំណាកស្រុករបស់សត្វស្លាបព្រៃ និងប្រព័ន្ធអេ​កូ​ឡូ​ស៊ី និងសន្តិសុខជីវសាស្រ្តកម្រិតខ្ពស់ និងវិធីសាស្រ្តផ្អែកលើហានិភ័យចំពោះ​សុខភាព​សត្វ ស្របពេលដែលមានការកែលម្អការឃ្លាំមើលហេដ្ឋារចនា​សម្ព័ន្ធនៅក្នុងទីផ្សារ និងភស្តុភារ ។

សម្ដេចធិបតី បញ្ជាក់ថា នៅលើឆាកអន្តរជាតិវិញ កម្ពុជា នៅតែប្តេជ្ញាចិត្ត ចំពោះកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់​អង្គការសុខភាព​ពិភពលោក និងប្រព័ន្ធឃ្លាំមើល AMR របស់ខ្លួន ដែលជាគំនិតផ្តួច​ផ្តើម​បរិស្ថាន រួមមានភាពជាដៃគូសកម្មភាពប្លាស្ទិកសកល ក៏ដូចជាគំនិតផ្តួចផ្តើម​សំខាន់ៗ​ផ្សេងទៀតក្រោមក្របខ័ណ្ឌអាស៊ាន ។

ក្នុងឱកាសសុន្ទរកថានោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បាន​ចែករំលែកនូវទស្សនទាន មួយចំនួន ចូលរួមដោះស្រាយបញ្ហា​សុខភាពជាសកល ក្នុងនោះរួមមាន៖ កម្ពុជា បានស្នើឱ្យជំរុញបន្ថែម​ទៀតនូវ​កិច្ច​សហការ​ក្នុង​តំបន់ និងសកល ចែករំលែកចំណេះ​ដឹង ធនធាន និងបច្ចេកវិទ្យារវាងរដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ សង្គមស៊ីវិល និងសហគមន៍។

សម្តេចធិបតី ក៏ស្នើឱ្យបន្ត​សម្របសម្រួលស្តង់ដារ ពង្រីកលំដាប់ហ្សែន និងធានាការឆ្លើយតប​យ៉ាងឆាប់​រហ័ស និងស្នើឱ្យជំរុញ​យន្តការអន្តរជាតិ រយៈពេលវែងបន្ថែមទៀត បង្កើនការវិនិយោគក្នុងស្រុក និងលើកកម្ពស់​ភាពជាដៃគូរវាងរដ្ឋ និងឯកជន។

ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងភាពធន់នឹងភ្នាក់ងារប្រឆាំងមេរោគ (Antimicrobial Resistance -AMR) និងសម្ពាធអាកាស​ធាតុ សម្តេចធិបតីបានស្នើលើកកម្ពស់បន្ថែមទៀតនូវការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកដែលមានទំនួលខុសត្រូវ បង្កើនការ​ត្រួតពិនិត្យកំណែ​ទម្រង់​បទប្បញ្ញត្តិ និងការរួមបញ្ចូលការការពារអាកាស​ធាតុទៅ​ក្នុងគោលនយោបាយសុខភាព និងកសិកម្ម ។

ជាមួយនឹងការលើកកម្ពស់ចំណេះដឹង សមធម៌ និងការត្រៀមខ្លួន សម្តេចបវរធិបតី បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលនេះថា គួរតែធានា​គោលនយោបាយផ្អែកលើភស្តុតាង វិនិយោគលើមន្ទីរ​ពិសោធន៍ និងការអភិវឌ្ឍកម្លាំងពលកម្ម ធានាការទទួលបាន​ឧបករណ៍​សង្គ្រោះជីវិតដោយសមធម៌ និងលើកតម្កើងសហគមន៍តាមរយៈ​ការយល់ដឹង ៕


ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា