សម្តេចធិបតីបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តខិតខិតខំប្រឹងប្រែងកសាង, ការពារ និងអភិវឌ្ឍសង្គមជាតិ ឈរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅរក ភាពសុខដុមរមនា, សេចក្តីថ្លៃថ្នូរ និង សុខុមាលភាពសង្គម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតីបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តខិតខិតខំប្រឹងប្រែងកសាង, ការពារ និងអភិវឌ្ឍសង្គមជាតិ ឈរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅរក ភាពសុខដុមរមនា, សេចក្តីថ្លៃថ្នូរ និង សុខុមាលភាពសង្គម

សម្តេចធិបតីបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តខិតខិតខំប្រឹងប្រែងកសាង, ការពារ និងអភិវឌ្ឍសង្គមជាតិ ឈរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅរក ភាពសុខដុមរមនា, សេចក្តីថ្លៃថ្នូរ និង សុខុមាលភាពសង្គម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តខិតខិតខំប្រឹងប្រែងកសាង, ការពារ និងអភិវឌ្ឍសង្គមជាតិ ឈរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅរក ភាពសុខដុមរមនា, សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពសង្គម បើទោះជាត្រូវជួបប្រទះឧបសគ្គ និងបញ្ហាប្រឈម យ៉ាងណាក៏ដោយ។ យើងត្រូវតែប្រែក្លាយការលំបាកទាំងនេះ ឱ្យទៅជាបទពិសោធន៍, ប្រែក្លាយការឈឺចាប់ ឱ្យទៅជាថាមពលដ៏រឹងមាំ, និងប្រែក្លាយឧបសគ្គ ឱ្យទៅជាឱកាស ដើម្បីជោគជ័យ”។ ពិតណាស់ថា ក្នុងឆ្នាំកន្លងទៅ, យើងបានឆ្លងកាត់នូវវិញ្ញាសាដ៏លំបាក និងថ្មីៗ ជាច្រើនមិនធ្លាប់មាន ដែលបាននិងកំពុងបង្កើតជាផលប៉ះពាល់ ដោយផ្ទាល់ និងដោយប្រយោល មកលើសន្តិសុខ, និងសង្គម-សេដ្ឋកិច្ចជាតិយើង។ នេះបើយោងតាមសារសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។

Advertisement

តាមរយៈសារដដែលនេះ សម្តេចធិបតីបានបញ្ជាក់ទៀតថា ឆ្នាំនេះ គឺជាឆ្នាំទី៣ នៃអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបាននិងកំពុងបន្តយ៉ាងស្វាហាប់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសុខសន្តិភាព, ការឯកភាពជាតិ និងសាមគ្គីភាពជាតិរឹងមាំ ដើម្បីបន្តរក្សាឱ្យបាននូវ ស្ថិរភាពនយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងសុខុមាលភាពប្រជាជន, សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពសង្គម។

សម្តេចធិបតីសង្កត់ធ្ងន់ថា ស្ថិតក្នុងសភាពការណ៍ចំពោះមុខ នៃការប្រឈមនឹងបញ្ហាជាបន្តបន្ទាប់ ទាំងកត្តាខាងក្រៅ និងកត្តាខាងក្នុង ជាមួយនឹងភាពមិនប្រាកដប្រជា និងហានិភ័យខ្ពស់, ពិភពលោក បាននិងកំពុងរៀនរស់ក្នុងសភាពការណ៍ថ្មី និងកំពុងស្វែងរកប្រក្រតីភាពថ្មី (New normal)។ សម្រាប់កម្ពុជា, ជម្រើសដែលប្រសើរបំផុត គឺត្រូវបន្តពង្រឹងខ្លួន ឱ្យកាន់តែរឹងមាំ និងបង្កើនភាពម្ចាស់ការលើមូលដ្ឋានសំខាន់ នឹងចាំបាច់ ដើម្បីបង្កើនសមត្ថភាពឆ្លើយតបទៅនឹង បញ្ហា និងវិបត្តិនានាប្រកបដោយភាពធន់។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល បាននិងកំពុងបន្តជំរុញអនុវត្តបេសកកម្ម ដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុត ដោយឥតរាថយ និងកាន់តែស្វាហាប់ ក្នុងការបន្តអនុវត្តកិច្ចការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ និងបន្តជំរុញការអនុវត្តឱ្យ កាន់តែមានប្រសិទ្ធភាពនូវកម្មវិធីនយោបាយ, យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយ ជាអាទិភាពទាំង៦ ព្រមទាំងវិធានការគន្លឹះទាំង៥ ក៏ដូចជាវិធានការកែទម្រង់ជាក់ស្តែងនានាទៀត ដែលត្រូវបន្ត អនុវត្តឱ្យកាន់តែខ្លាំងក្លាក្នុងឆ្នាំ២០២៦ និងឆ្នាំខាងមុខ ឱ្យចេញជាលទ្ធផលផ្លែផ្កា ដើម្បីឆ្លើយតបនឹងសំណូមពរ, សេចក្តីត្រូវការ, ការរំពឹងទុក និងក្តីប្រាថ្នា របស់ប្រជាពលរដ្ឋយើង។

សម្តេចធិបតីបញ្ជាក់បន្ថែមថា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការការពាររដ្ឋធម្មនុញ្ញ, ការពាររបបរាជានិយម ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងការពារនូវរាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូលសម្រេចបាន នាពេលកន្លងមក ឱ្យបាន គង់វង្ស, មិនឱ្យបុគ្គលណា, ក្រុមណា ឬបរទេសណា មកបំផ្លាញបានឡើយ។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល, ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ និងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាល ទ្រង់ទាំងទ្វេតែងតែផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការបំពេញបេសកម្មដើម្បីជាតិ និងមាតុភូមិ និងតែងយកព្រះទ័យទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខកូនចៅ ជាប្រជានុរាស្ត្ររបស់ព្រះអង្គ ក្នុងគ្រប់កាលៈទេសៈ ពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ។ ទន្ទឹមនេះ, ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក៏សូមសម្តែងនូវការដឹងគុណ ដ៏ជ្រាលជ្រៅបំផុតចំពោះការលះបង់មិនអាចកាត់ថ្លៃបានរបស់វីរយុទ្ធជន ជន និងកងកម្លាំងដ៏អង់អាចក្លាហានគ្រប់រូប ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនៃការកាពារអធិបតេយ្យជាតិ វាតិ និងបូរណភាពទឹកដីកម្ពុជា៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា