រដ្ឋមន្រ្តីក្រសួងព័ត៌មានរំលឹកអំពីខួប៥១ឆ្នាំនៃថ្ងៃ១៧ មេសា ជាថ្ងៃដែលប្រវត្តិសាស្រ្តគួរចងចាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីក្រសួងព័ត៌មានរំលឹកអំពីខួប៥១ឆ្នាំនៃថ្ងៃ១៧ មេសា ជាថ្ងៃដែលប្រវត្តិសាស្រ្តគួរចងចាំ

រដ្ឋមន្រ្តីក្រសួងព័ត៌មានរំលឹកអំពីខួប៥១ឆ្នាំនៃថ្ងៃ១៧ មេសា ជាថ្ងៃដែលប្រវត្តិសាស្រ្តគួរចងចាំ

លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៦នេះ ជាមួយរូបថត៣សន្លឹក ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះសំណេរមួយរំលឹកដល់ថ្ងៃ១៧មេសាដែលជាថ្ងៃប្រវត្តិសាស្រ្តមួយរបស់កម្ពុជា។

Advertisement

សំណេរមានខ្លឹមសារថា៖១៦ មេសា ឆ្នាំ១៩៧៥-១៧ មេសា ឆ្នាំ២០២៦៖ ថ្ងៃនេះជាខួប៥១ឆ្នាំ នៃថ្ងៃដែលរបបខ្មែរក្រហម​បានឡើងកាន់អំណាច និងបាននាំមកនូវសោកនាដកម្មដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា និងជាថ្ងៃដ៏ឈឺចាប់របស់​ប្រជាជាតិខ្មែរទាំងមូល។ ប្រជាជនរាប់លាននាក់បានបាត់បង់ជីវិត បែកបាក់គ្រួសារ និងទទួលរងទុក្ខវេទនាយ៉ាងសាហាវឃោរឃៅ និងអ្នកដែលនៅរស់រានមានជីវិតត្រូវបានទទួលរងគ្រោះផ្លូវកាយនិងផ្លូវចិត្តដោយសារតែការធ្វើទារុណកម្ម បង្អត់អាហារ គ្មានថ្នាំសង្កូវព្យាបាល…។

ការរំដោះប្រទេសនៅថ្ងៃទី ៧ មករា ១៩៧៩ ដឹកនាំដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការជួយគាំទ្រពីកង​ទ័ពស្ម័គ្រ​ចិត្តវៀតណាម គឺជាចំណុចរបត់ប្រវត្តិសាស្ត្រដែលបានសង្គ្រោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ ការដាក់ចុះនូវនយោបាយឈ្នះឈ្នះដោយសម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា បានបំផ្លាញចោលទាំងស្រុងនូវ​អង្គការ​ចាត់​តាំងនយោបាយ និងយោធាខ្មែរក្រហមនាំមកនូវសុខសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជាដែលមិនដែល​ធ្លាប់​មាន​ក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំចុងក្រោយរបស់ខ្លួន។

ឯកឧត្តមបន្តថាដោយធ្វើការបញ្ជាក់ថាការនាំយកមេខ្មែរក្រហមមកកាត់ទោសតាមរយៈការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) ដែលជាគំនិតផ្តួចផ្តួចរបស់សម្តេចតេជោ ហ៊ុន សែន ក៏ជាជំហានដ៏សំខាន់មួយក្នុងការស្វែងរក និងនាំមកនូវយុត្តិធម៌ជូន​ជនរងគ្រោះនៃរបបខ្មែរក្រហម និងបញ្ជាក់ថា ឧក្រិដ្ឋកម្មដ៏សាហាវបែបនេះ មិនត្រូវអនុញ្ញាតឱ្យកើត​ឡើងម្តងទៀតឡើយ។

យើងចងចាំអតីតកាល ដើម្បីការពារសន្តិភាព ថែរក្សាយុត្តិធម៌ និងកសាងអនាគតមួយដែលគ្មានអំពើប្រល័យពូជសាសន៍។ អ្វីដែលប្រជាជនចងចាំនោះគឺតួនាទីរបស់សម្តេចតេជោ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះប្រទេស​ចេញពីរបប​ខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជា និងនាំយកនូវយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរ​ក្រហមទាំងអ្នកដែលបានស្លាប់បាត់បង់ជីវិត និងអ្នកដែលនៅរស់រានមានជីវិត។

រូបភាពនេះ ថតនៅខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងនាមប្រធានផ្នែកកិច្ចការសាធារណៈនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា​ដែលជាតុលាការជាតិដោយមានការចូលរួមពីអង្គការសហប្រជាជាតិ ធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសសាលក្រមលើ​សំណុំរឿង ០០២/០២ ដែលអង្គជំនុំជម្រះសាលាដំបូងកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម នួន ជា ប្រធានសភាតំណាង​ប្រជាជន និងខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ឱ្យជាប់ពន្ធនាគារមួយជីវិត​លើបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ក្នុងសំណុំរឿង ០០២/០១ អតីតមេដឹកនាំទាំងពីរក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិតដែរពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលមានអង្គហេតុនៃការជម្លៀសប្រជាជនដោយបង្ខំចេញពីភ្នំពេញនៅថ្ងៃទី១៧ មេសាផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ចប់ដោយគូសបញ្ជាក់ថា បច្ចុប្បន្ន អតីតមេដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិតនិងកំពុង​អនុវត្តទោស​ជាប់ពន្ធនាគារមួយជីវិតរបស់ខ្លួននៅ​ពន្ធនាគារ​ខេត្តកណ្តាល គឺ ខៀវ សំផន (ឈ្មោះបដិវត្តន៍ ហែម) ដែលបច្ចុប្បន្ន គាត់មានអាយុ ៩៥ ឆ្នាំ (កើតខែកក្កដា ឆ្នាំ១៩៣១ នៅឃុំ​រំចេក ស្រុក​រំដួល ខេត្ត​ស្វាយរៀង)។ ខៀវ សំផន ត្រូវបានចាប់ខ្លួនដោយសហ​ចៅក្រម​ស៊ើបអង្កេតសាលាក្តីខ្មែរ​ក្រហមនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ ៕
ដោយ៖ជម្ពូនុទ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា