លោក ណម វិស្សុត ត្រូវបានជ្រើសរើសជា “អ្នកដឹកនាំវ័យក្មេងពិភពលោក” ប្រចាំឆ្នាំ២០២៦ ដោយវេទិកាសេដ្ឋកិច្ចពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ណម វិស្សុត ត្រូវបានជ្រើសរើសជា “អ្នកដឹកនាំវ័យក្មេងពិភពលោក” ប្រចាំឆ្នាំ២០២៦ ដោយវេទិកាសេដ្ឋកិច្ចពិភពលោក

លោក ណម វិស្សុត ត្រូវបានជ្រើសរើសជា “អ្នកដឹកនាំវ័យក្មេងពិភពលោក” ប្រចាំឆ្នាំ២០២៦ ដោយវេទិកាសេដ្ឋកិច្ចពិភពលោក

ភ្នំពេញ ៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិ នៃក្រុម ហ៊ុន អ៊ែរអេស៊ា ខេមបូឌា ត្រូវបានជ្រើសរើសជា “អ្នកដឹកនាំវ័យក្មេងពិភពលោក” (Young Global Leaders) ប្រចាំឆ្នាំ ២០២៦ ដោយវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ដែលនឹងត្រូវចូលរួមនៅក្នុងបណ្តាញសកលនៃបុគ្គលដឹកនាំឆ្នើមអាយុ ៤០ឆ្នាំ និងក្រោមអាយុ ៤០ឆ្នាំ តាមរយៈការទទួលស្គាល់នូវសមិទ្ធផលការងារ ភាពជាអ្នកដឹកនាំ ដែលផ្ដោតលើប្រយោជន៍រួម និងសមត្ថភាពពិសេសក្នុងការរៀបចំផែនការតម្រង់ទិសដៅសម្រាប់អនាគតឱ្យកាន់តែល្អប្រសើរ ។

Advertisement

ការជ្រើសរើស លោក ណម វិស្សុត បានបង្ហាញឱ្យឃើញពីសក្ដានុពលរីកចម្រើននៃអ្នកដឹកនាំកម្ពុជាជំនាន់ថ្មី ដែលកំ ពុងដើរតួនាទីយ៉ាងសកម្មក្នុងវិថីប្រសព្វរវាងវិស័យធុរកិច្ច កិច្ចការអភិវឌ្ឍជាតិ និងកិច្ចការអន្តរជាតិ ។ ក្នុងនាមជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា លោកបានដឹកនាំក្រុមហ៊ុន ដោយផ្តោតលើវិន័យប្រតិបត្តិការ ការរីកចម្រើនប្រកបដោយចីរភាព និងការតភ្ជាប់ជើងហោះហើរក្នុងតម្លៃសមរម្យ ខណៈពេលកំពុងមានតួនាទីជាសមាជិកដ៏សំខាន់មួយរូប ក្នុងក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ផងដែរ ។

ការជ្រើសរើសជាសកល ចំពោះកិត្យានុភាពដ៏ល្បីល្បាញ ក្នុងការប្រមូលផ្តុំអ្នកដឹកនាំ, ក្រុមបណ្តាញអ្នកដឹកនាំវ័យក្មេងពិភពលោក ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៤ បានពង្រីកបណ្តាញសមាជិកលើសពី ១,៤០០នាក់ និងមានសមាជិករៀមច្បងប្រមាណ ១២០ជាតិសាសន៍ រួមមានសុទ្ធសឹងជាប្រមុខរដ្ឋ រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាល ប្រធានក្រុមហ៊ុន សហគ្រិន អ្នកច្នៃប្រឌិត សិល្បករ អ្នកអប់រំ និងអ្នកដឹកនាំសង្គមស៊ីវិលជាដើម ។ លើសពីនេះទៀត ការជ្រើសរើសនេះ កាន់តែមានតម្លៃទ្វេដងតាមរយៈកិត្យានុភាព នៃវេទិកាសេដ្ឋកិច្ចពិភពលោក និងកម្រិតនៃភាពល្បីល្បាញនៃសមាជិកជាធនធាន ដែលមិនអាចកាត់ថ្លៃបានមានដូចជា ប្រធានាធិបតីបារាំង Emmanuel Macron, មហាសេដ្ឋីជំនួញចិន Jack Ma ដែលជាសហស្ថាបនិកក្រុមហ៊ុន Alibaba Group និងលោក Tan Sri Tony Fernandes, ជាសហស្ថាបនិកក្រុមហ៊ុន AirAsia និងជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Capital A Group ជាដើម។

ដំណើរការជ្រើសរើសនេះ ត្រូវបានធ្វើឡើងក្រោមលក្ខខណ្ឌយ៉ាងតឹងរ៉ឹង និងម៉ត់ចត់បំផុត ដើម្បីស្វែងរកអ្នកដឹកនាំដែលលេចធ្លោពិតប្រាកដ ពីគ្រប់វិស័យ តំបន់ និងស្ថាប័នផ្សេងៗ។ លោក ណម វិស្សុត បានក្លាយជាជនជាតិខ្មែរទីបួន ដែលបានជ្រើសរើសជាអ្នកដឹកនាំវ័យក្មេងពិភពលោក នៅក្នុងនោះមានថ្នាក់ដឹកនាំមានឥទ្ធិពលដែលដូចជាលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលនៃធនាគារជាតិកម្ពុជា ដែលត្រូវបានជ្រើសរើសជាអ្នកដឹកនាំវ័យក្មេងពិភពលោកកាលពីឆ្នាំ២០១៩ ផងដែរ ។

បញ្ជីឈ្មោះអ្នកដឹកនាំវ័យក្មេងប្រចាំឆ្នាំ២០២៦ នេះ មានសមាជិកសរុបប្រមាណ ១១៨រូប ជាធនធានកម្រដែលមានបទពិសោធន៍ ចំណេះដឹង និងមានឥទ្ធិពលមកពីបណ្តាស្ថាប័នហិរញ្ញវត្ថុទូទាំងពិភពលោក រួមមានលោក Yazeed Alumbarak ជាប្រធាននាយកនៃក្រុមហ៊ុនផ្តល់សេវាកម្មវិនិយោគ និងគ្រប់គ្រងហិរញ្ញវត្ថុ BlackRock, លោកស្រី Sabina Ceric, ប្រធាននាយកក្រុមហ៊ុនផ្តល់សេវាកម្មវិនិយោគក្នុងវិស័យធនគារ និងហិរញ្ញវត្ថុ Goldman Sachs ព្រមទាំងថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈមានដូចជា លោកស្រី Kristrún Frostadóttir, នាយករដ្ឋមន្រ្តីនៃប្រទេស Iceland និងលោកស្រី Verena Hubertz, រដ្ឋមន្ត្រីសហព័ន្ធទទួលបន្ទុកផ្នែកគោលនយោបាយលំនៅដ្ឋាន រៀបចំនគរូបនីយកម្ម និងសំណង់ នៃប្រទេសអាល្លឺម៉ង់។

នៅក្នុងប្រសាសន៍ដ៏មានអត្ថន័យមួយ លោក ណម វិស្សុត បានមានប្រសាសន៍ថា៖ “ខ្ញុំទទួលបានការជ្រើសរើសជា អ្នកដឹកនាំវ័យក្មេងពិភពលោក ជាមួយភាពម៉ឺងម៉ាត់ និងសេចក្តីអំណរ ។ សម្រាប់ខ្ញុំ សមិទ្ធផលនេះមិនមែនជាជោគ ជ័យផ្ទាល់ខ្លួនទេ ប៉ុន្តែនេះ គឺជាការឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់ប្រទេសកម្ពុជា និងការចូលរួមចំណែករបស់ក្រុមការងារ Allstars របស់ក្រុមហ៊ុនអ៊ែរអេស៊ា ខេមបូឌា ដោយមានការជឿជាក់ពីម្ចាស់ភាគហ៊ុនទាំងអស់ រួមមានការគ្រាំទ្រពីដៃគូសហការដ៏ទៃទៀត ក៏ដូចជាការជួយជ្រោមជ្រែងពីក្រុមហ៊ុន AirAsia Group ព្រមទាំងការជួយជំរុញគាំទ្រពីសំណាក់អតិថិជន និងក្រុមគ្រួសារដែលតែងតែបន្តជាផ្នែកមួយដ៏សំខាន់នៃបេសសកម្មរបស់យើងទាំងអស់គ្នា ។ សមិទ្ធផលនេះ ក៏បានមកពីបទពិសោធន៍ដ៏មានតម្លៃដែលខ្ញុំទទួលបានពីបុគ្គល និងស្ថាប័នដែលខ្ញុំធ្លាប់បានរួមការងារជាមួយកន្លងមកផងដែរ ។


ខ្ញុំសង្ឃឹមថា នឹងប្រើគេហទំព័រនេះ ជាមួយភាពទំនួលខុសត្រូវ និងមានលក្ខណៈស្ថាបនា ដើម្បីចូលរួមចំណែកក្នុងកិច្ចពិភាក្សាលើការផ្សារភ្ជាប់ទំនាក់ទំនង ការបង្កើតឱកាសថ្មីៗ និងការជំរុញកំណើនប្រកបដោយចីរភាព ព្រមទាំងតំណាងឱ្យកម្ពុជាប្រកបដោយភាពសុចរិត និងផែនការច្បាស់លាស់ ។”
សម្រួលអត្ថបទ ៖ គង់ សុផុល
រូបភាព ៖ AirAsia Cambodia

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា