ទោះមានវិវាទព្រំដែន ទំហំពាណិជ្ជកម្មកម្ពុជា-ថៃសម្រេចបានជិត៧០០លានដុល្លារក្នុងត្រីមាសទី១ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទោះមានវិវាទព្រំដែន ទំហំពាណិជ្ជកម្មកម្ពុជា-ថៃសម្រេចបានជិត៧០០លានដុល្លារក្នុងត្រីមាសទី១ឆ្នាំ២០២៦

ទោះមានវិវាទព្រំដែន ទំហំពាណិជ្ជកម្មកម្ពុជា-ថៃសម្រេចបានជិត៧០០លានដុល្លារក្នុងត្រីមាសទី១ឆ្នាំ២០២៦

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ ៦៩៦ លានដុល្លារអាមេរិក។ តួលេខនេះបង្ហាញថា ការដោះដូរពាណិជ្ជកម្មទ្វេភាពបានធ្លាក់ចុះប្រមាណ ៣៩,៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។ នៅក្នុងនោះ តួលេខនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃមានចំនួន ១៨១ លានដុល្លារ ធ្លាក់ចុះ ២៩% ខណៈដែលការនាំចូលពីថៃមកវិញមានតម្លៃជិត ៥១៥ លានដុល្លារ ថយចុះ ៤២,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Advertisement

ឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់កាលពីពេលថ្មីៗនេះថា ការដោះដូរទំនិញរវាងប្រទេសទាំងពីរធ្លាក់ចុះ បន្ទាប់ពីមានការបិទព្រំដែនគោក និងការផ្ទុះឡើងនៃសង្គ្រាម។ ឯកឧត្តមបានបន្តថា ការនាំចូលទំនិញយុទ្ធសាស្ត្រសំខាន់ៗដូចជា ប្រេងឥន្ធនៈ និងឧស្ម័ន រួមទាំងទំនិញដែលស្ថិតក្នុងបញ្ជីហាមឃាត់ ដូចជា បន្លែ ផ្លែឈើ បានធ្លាក់ចុះរហូតដល់កម្រិតសូន្យតែម្ដង។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននៅមានលំហូរនៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលកម្មន្តសាលមួយចំនួនដែលនៅបន្តនាំចូលជាធម្មតា។

ដោយឡែក ចំពោះប្រភេទទំនិញជាមធ្យោបាយផលិតកម្ម និងធាតុចូលសម្រាប់វិស័យឧស្សាហកម្ម ដូចជាគ្រឿងចក្រកសិកម្ម ត្រាក់ទ័រ គោយន្ត និងម៉ាស៊ីនច្រូត នៅតែបន្តមានការនាំចូលដើម្បីបម្រើឱ្យក្រុមហ៊ុនវិនិយោគធំៗ។ ការនាំចូលទាំងនេះគឺដើម្បីធានាដល់ដំណើរការផលិតកម្មរបស់ក្រុមហ៊ុនធំៗ ដែលមិនមែនជាការនាំចូលទំនិញសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងសារសំឡេងកាលពីរាត្រីថ្ងៃទី ១៥ ខែមេសា ដោយ អំពាវនាវឱ្យអាជីវករដែលធ្លាប់នាំទំនិញពីប្រទេសថៃ បញ្ឈប់សកម្មភាពនេះជាបន្ទាន់ ដោយហេតុថាបច្ចុប្បន្នកម្ពុជាមានលទ្ធភាពផលិតទំនិញគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងស្រុក និងមិនចាំបាច់ពឹងផ្អែកលើទំនិញពីប្រទេសដែលកំពុងរឹតត្បិតកម្ពុជានោះទេ។ សម្តេចបានស្នើឱ្យអាជ្ញាធរទាំងសងខាងពង្រឹងការត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់បំផុត ដែលនេះក៏ជាឱកាសមាសសម្រាប់ក្រុមហ៊ុនក្នុងស្រុកពង្រីកការផលិត និងនាំយកទំនិញរបស់ខ្លួនមកកាន់ទីផ្សារផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា ការលើកឡើងបែបនេះមិនមែនជាការអនុវត្តផ្ទុយពីគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នោះទេ ប៉ុន្តែវាគឺជាសិទ្ធិសម្រេចចិត្ត និងជាជម្រើសផ្ទាល់ខ្លួនរបស់ប្រជាជនកម្ពុជាម្នាក់ៗ។

គួររំលឹកផងដែរថា និន្នាការធ្លាក់ចុះនៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ បានចាប់ផ្ដើមតាំងពីឆ្នាំ ២០២៥ មកម៉្លេះ ដោយកាលនោះទំហំពាណិជ្ជកម្មសរុបសម្រេចបាន ៣,៦៥ ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះជិត ១៥% ធៀបនឹងឆ្នាំ ២០២៤។ កម្ពុជានាំចេញទៅថៃបានចំនួន ៧៣២ លានដុល្លារ និងនាំចូលមកវិញប្រមាណជិត ៣ពាន់លានដុល្លារ នេះបើយោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្ម៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា