ស្ត្រីអាយុ ៦៦ឆ្នាំម្នាក់នៅស្រុករំដួល ត្រូវបានរកឃើញថា មានជំងឺផ្តាសាយបក្សី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ត្រីអាយុ ៦៦ឆ្នាំម្នាក់នៅស្រុករំដួល ត្រូវបានរកឃើញថា មានជំងឺផ្តាសាយបក្សី

ស្ត្រីអាយុ ៦៦ឆ្នាំម្នាក់នៅស្រុករំដួល ត្រូវបានរកឃើញថា មានជំងឺផ្តាសាយបក្សី

MC៖ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងអំពីករណីជំងឺផ្ដាសាយបក្សីលើស្ត្រីអាយុ ៦៦ឆ្នាំម្នាក់​រស់នៅស្រុករំដួល ខេត្តស្វាយរៀង ខណៈពេលនេះកំពុងទទួលការព្យាបាលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

Advertisement

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២២ ខែមេសាឆ្នាំ២០២៦ឱ្យដឹងថា មានករណីជំងឺ​ផ្តាសាយបក្សី​ចំនួន១ករណីកើត​លើស្ត្រីអាយុ៦៦ឆ្នាំ ដែលត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទហាស់៥ អ៊ុន១ (H5N1)នៅថ្ងៃទី២១ខែមេសា ឆ្នាំ២០២៦ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

អ្នកជំងឺមានទីលំនៅក្នុងភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ពេលនេះត្រូវបានដាក់ឱ្យសម្រាកដាច់ដោយ​ឡែក​នៅមន្ទីរពេទ្យ និងទទួលការព្យាបាលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ តាមការសាកសួរបានបង្ហាញថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៣ ខែមេសា នៅក្នុងភូមិកើតហេតុ និងផ្ទះអ្នកជំងឺមានមាន់ឈឺ និងងាប់ហើយក៏បានយកមកធ្វើម្ហូប។

ប្រភពដដែលបន្តថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយ
ក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវ​ជំងឺ​ផ្ដាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរក ប្រភពចម្លងទាំងលើសត្វ និងមនុស្ស និង​ស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ព្រមទាំងចែកជូនឱសថតាម៊ីក្លូ(Tamiflu) ដល់​អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងសុខាភិបាលបានក្រើនរំលឹកសារជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់
សុខភាពនៅឡើយ ។ក្រសួងបានប្រាប់ថា ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមាន​ប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា ។សូមកុំទៅជួបជុំ ឬទីប្រជុំជន​ដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅ​ជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។

គប្បីជម្រាបជូនថា ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺទៅបក្សីផ្សេង​ទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ជំងឺផ្តាសាយបក្សីលើមនុស្ស​ជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្ដាសាយតាមរដូវកាលផងដែរ។
ចំណែកវិធីបង្ការវិញគឺកុំប៉ះពាល់ ឬទទួលទាន មាន់ទាឈឺ ឬងាប់ ៕
ដោយ៖មុនី

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា