កម្ពុជា និងគុយបា រួមគ្នាតាំងពិព័រណ៍រូបថត ដើម្បីអបអរសាទរខួបលើកទី៦៥ទំនាក់ទំនងការទូត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា និងគុយបា រួមគ្នាតាំងពិព័រណ៍រូបថត ដើម្បីអបអរសាទរខួបលើកទី៦៥ទំនាក់ទំនងការទូត

កម្ពុជា និងគុយបា រួមគ្នាតាំងពិព័រណ៍រូបថត ដើម្បីអបអរសាទរខួបលើកទី៦៥ទំនាក់ទំនងការទូត

(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងស្ថានទូតសាធារណៈរដ្ឋគុយបា បានរួមគ្នារៀបចំពិធីតាំងពិព័រណ៍រូបថត ៣១សន្លឹក ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៥ មេសា ១៩៦០ – ១៥ មេសា ២០២៦)។ ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ នាសាលចតុម្មុខមង្គល នៃក្រសួងព័ត៌មាន ។

Advertisement

លោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ព្រាដា (Milena Caridad Zaldívar Piedra) ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា បានថ្លែងថា ការតាំងពិព័រណ៍រូបថតនេះឧទ្ទិសដល់ព្រឹត្តិការណ៍សំខាន់នៃទំនាក់ទំនងពិសេស និងជាប្រវត្តិសាស្ត្ររវាងសាធារណៈរដ្ឋគុយបា និងព្រះរាជាណាចក្រកម្ពុជា ដែលជាប្រជាជាតិដាច់ស្រយាលពីរដែលចំណងការទូត ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០។

ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា បានលើកឡើងថា៖ «រួមគ្នា និងជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ យើងប្រឈមមុខនឹងកិច្ចការដ៏លំបាកក្នុង ការដោះស្រាយទំនាក់ទំនងទ្វេភាគីជាងប្រាំមួយទសវត្សរ៍។ យើងបានធ្វើដូច្នេះដោយផ្អែកលើការពិតដែលមិនអាចប្រកែកបាន និងដោយការកោតសរសើរចំពោះការរួមចំណែក របស់មនុស្សម្នាក់ៗដែលបានជួយពង្រឹង និងស៊ូទ្រាំទំនាក់ទំនងទាំងនេះ។ ការលើកទឹកចិត្ត ពិសេសមួយគឺការគោរពចំពោះទំនួលខុសត្រូវប្រវត្តិសាស្ត្រ ដើម្បីគោរពដល់ចំណងមិត្តភាព និងក្តីស្រលាញ់រវាងប្រជាជាតិយើង ដែលបង្កើតឡើងដោយសម្តេចព្រះបិតា នរោត្តម សីហនុ និងមេដឹកនាំប្រវត្តិសាស្ត្រនៃបដិវត្តគុយបា អគ្គមេបញ្ជាការ Fidel Castro Ruz»។

លោកជំទាវ បានឱ្យដឹងថា រូបថតនីមួយៗចំនួន ៣១សន្លឹក បង្ហាញពីឫសគល់ជ្រៅនៃទំនាក់ទំនង ដែលបង្កើតឡើងនៅលើឆន្ទៈនយោបាយ ការគោរព និងការយោគយល់គ្នាទៅវិញទៅមក លះបង់ចំពោះគោលការណ៍មិនចូលបក្សសម្ព័ន្ធ កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍ និងការបំពេញបន្ថែម។ រូបភាពខ្លះនឹងមិនត្រូវបានផ្សព្វផ្សាយសម្រាប់មនុស្សជាច្រើន ប៉ុន្តែប្រាកដជាទាក់ទាញចិត្តប្រជាជនគុយបា និងប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់ ដោយឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍សំខាន់ៗក្នុងរយៈពេល ៦៥ឆ្នាំនៃចំណងមិត្តភាពដ៏ជិតស្និទ្ធ និងគំរូ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៍មាន បានថ្លែងថា ការតាំងពិព័រណ៍រូបថតអបអរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា ដែលជាសក្ខីភាពដ៏សំខាន់នៃមិត្តភាពដ៏ជ្រាលជ្រៅ និងយូរអង្វែង និងមិនអាចបំបែកបានរវាងប្រទេសជាតិទាំងពីរ។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណដ្ឋគុយបា នាថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០ ក្រោមព្រះរាជតម្រិះផ្តួចផ្តើមរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោក Fidel Castro អគ្គមគ្គុទេសក៏បដិវត្តន៍គុយបា ប្រទេសទាំងពីរ បានបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធលើវិស័យនានាដូចជា៖ នយោបាយ អប់រំ សុខាភិបាល កីឡា និងវិស័យព័ត៌មាន។ល។ ទំនាក់ទំនងទាំងនេះត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការយោគយល់ និងការគាំទ្រគ្នា នៅលើឆាកអន្តរជាតិ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា សាធារណរដ្ឋគុយបា មិនត្រឹមតែជាដៃគូសហប្រតិបត្តិការរបស់កម្ពុជា ប៉ុន្តែជាមិត្ត ស្និទ្ធស្នាល និងស្មោះត្រង់ដែលបានឈរនៅក្បែរគ្នា ក្នុងគ្រប់កាលៈទេសៈផងដែរ។ ក្នុងគ្រាលំបាកកន្លងមក គុយបាបានផ្តល់នូវការគាំទ្រដ៏មានតម្លៃដល់វិស័យសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស។ សកម្មភាពទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ពិធីតាំងពិព័រណ៍រូបថត ៣១សន្លឹក ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៥ មេសា ១៩៦០ – ១៥ មេសា ២០២៦) ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ និន សាផុន ប្រធានគណៈកម្មាធិការទី៩ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាព សភាកម្ពុជា-គុយបា, ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មាធិការទំនាក់ទំនង បរទេសនៃគណបក្សប្រជាជនកម្ពុជា, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោកជំទាវ កិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងសមាគមនិស្សិតកម្ពុជា នៅប្រទេសគុយបា៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា