មហាជនខ្មែរផ្ទុះកំហឹងលើកាសែតអាមេរិកចំពោះការប្រើពាក្យប្រមាថមកលើកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មហាជនខ្មែរផ្ទុះកំហឹងលើកាសែតអាមេរិកចំពោះការប្រើពាក្យប្រមាថមកលើកម្ពុជា

មហាជនខ្មែរផ្ទុះកំហឹងលើកាសែតអាមេរិកចំពោះការប្រើពាក្យប្រមាថមកលើកម្ពុជា

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម និងមហាជនកម្ពុជាជាច្រើន បានសម្តែងការមិនពេញចិត្ត និងប្រតិកម្មយ៉ាងខ្លាំងក្លា ចំពោះសារព័ត៌មានដ៏ល្បីរបស់សហរដ្ឋអាមេរិកគឺ The Wall Street Journal ដែលបានប្រើប្រាស់ពាក្យ “Scambodia” សំដៅលើកម្ពុជា នៅក្នុងអត្ថបទមួយពាក់ព័ន្ធបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។

Advertisement

ភ្លាមៗក្រោយការចុះផ្សាយ ប្រតិកម្មយ៉ាងក្ដៅគគុកបានផ្ទុះឡើងជាបន្តបន្ទាប់ពីសំណាក់មហាជន និងអាជ្ញាធរកម្ពុជា ដែលបានចាត់ទុកការប្រើប្រាស់ពាក្យ “Scambodia” ថាជាការឆ្លុះបញ្ចាំងពីសីលធម៌សារព័ត៌មានកម្រិតទាប និងជាការជាន់ឈ្លីកិត្តិយសកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ ការប្រមាថនេះបានកើតឡើងចំពេលដែលកម្ពុជាកំពុងខិតខំយ៉ាងខ្លាំងក្នុងការបង្ក្រាបបទល្មើសឆបោកអនឡាញ។

តាមរយៈប្រតិកម្មនេះ មហាជនបានរួបរួមគ្នាផ្ញើសារដាស់តឿនទៅកាន់កាសែត The Wall Street Journal ឱ្យប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន និងបញ្ឈប់ការប្រើប្រាស់ពាក្យអសុរសដែលបង្កប់ន័យមាក់ងាយដល់ប្រទេសអធិបតេយ្យមួយ។

ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានសម្ដែងការសោកស្ដាយ ចំពោះការប្រើប្រាស់ភាសាមាក់ងាយ និងរើសអើងមកលើកម្ពុជារបស់កាសែត The Wall Street Journal។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ការប្រើប្រាស់ពាក្យអសុរសនេះ គឺជាចេតនាធ្វើវិទ្ធង្សនាមកលើកិត្តិយសប្រទេសកម្ពុជា ដែលមិនត្រឹមតែប៉ះពាល់ដល់មុខមាត់ជាតិនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្រមាថដល់អត្តសញ្ញាណ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាទាំងមូលទៀតផង។

ក្រសួងព័ត៌មាន បានចាត់ទុកទង្វើនេះថា ជាការធ្លាក់ចុះនៃក្រមសីលធម៌វិជ្ជាជីវៈរបស់សារព័ត៌មានលំដាប់អន្តរជាតិ ដែលប្រើប្រាស់អារម្មណ៍ និងការបង្អាប់ដើម្បីទាក់ទាញការចាប់អារម្មណ៍ ជាជាងការវិភាគលើអង្គហេតុនៃបញ្ហាសកល។

សូម្បីកីឡាករប្រដាល់ដ៏ល្បី ដាវ លីឌុច ដែលបច្ចុប្បន្នកំពុងរស់នៅកម្ពុជា ក៏បានចេញប្រតិកម្មចំពោះការចុះផ្សាយរបស់កាសែតអន្តរជាតិនេះផងដែរ។ លោកបានលើកឡើងថា ការចុះផ្សាយនេះ គឺជាការប្រមាថយ៉ាងខ្លាំងដល់ប្រជាជនខ្មែរទាំង ១៨លាននាក់ និងជំរុញឲ្យសារព័ត៌មាននេះសុំទោសជាសាធារណៈ។

តាមពិតទៅ ពាក្យ Scambodia នេះត្រូវបានក្រុមជ្រុលនិយមថៃមួយចំនួនប្រើប្រាស់លើបណ្តាញសង្គមនៅពេលថៃបើកការឈ្លានពានលើបូរណភាពទឹកដីកម្ពុជា ដោយសំអាងមួយផ្នែកលើលេសថា កម្ពុជាគឺជាជម្រករបស់ជនល្មើស Online Scam។ ដូច្នេះ ការបន្តប្រើពាក្យ Scambodia ក្នុងកាសែតអាមេរិកនេះមិនត្រឹមតែជាការប្រមាថប៉ុណ្ណោះទេ តែក៏ជាការដុតរោលការឈឺចាប់របស់ប្រជាជនកម្ពុជាចំពោះការឈ្លានពានពីសំណាក់យោធាថៃផងដែរ៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា