ជម្រកបណ្តោះអាសន្នជិត ៣ពាន់ខ្នងត្រូវបានប្រគល់ជូនគ្រួសារជនភៀសសឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជម្រកបណ្តោះអាសន្នជិត ៣ពាន់ខ្នងត្រូវបានប្រគល់ជូនគ្រួសារជនភៀសសឹក

ជម្រកបណ្តោះអាសន្នជិត ៣ពាន់ខ្នងត្រូវបានប្រគល់ជូនគ្រួសារជនភៀសសឹក

ប្រជាពលរដ្ឋភៀសសឹកជាង ២ពាន់គ្រួសារ ក្នុងស្រុកថ្មពួក និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានទទួលជម្រកស្នាក់នៅបណ្តោះអាសន្នរបស់រាជរដ្ឋាភិបាលរួចហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ។ មន្រ្តីរដ្ឋបាលខេត្តដដែលបានគូសបញ្ជាក់ថា ផ្ទះបណ្តោះអាសន្នដែលរដ្ឋាភិបាលសាងសង់នៅខេត្តបន្ទាយមានជ័យមានទាំងអស់ ២ ៨០៥ខ្នង គឺស្មើនឹងចំនួនគ្រួសារប្រជានជនភៀសសឹកនៅក្នុងខេត្តនេះ។

Advertisement

ដោយឡែក នៅខេត្តព្រះវិហារ រាជរដ្ឋាភិបាលក៏កំពង់សាងសង់ផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ចូលលំនៅឋានរបស់ពួកគេវិញបានផងដែរ។ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ បានប្រាប់បណ្តាញព័ត៌មាន AMS ថា បច្ចុប្បន្ននេះ អាជ្ញាធររៀបចំផ្ទះបណ្តោះអាសន្នបានចំនួន ៨០ខ្នង ក្នុងចំណោម ៣០០ខ្នងផ្ទះក្នុងគម្រោង និងមានពលរដ្ឋជាង ១០គ្រួសារបានចូលទៅរស់នៅហើយ។

បើតាមមន្រ្តីរដ្ឋបាលខេត្តដដែល នៅខេត្តព្រះវិហារ មានជនភៀសសឹកចំនួនបីភូមិ គឺភូមិតេជោមរកត ឃុំមរកត ភូមិបុស្បូវ ឃុំសាអែម និងភូមិអានសេះផ្នែកខាងលើ ឃុំជាំក្សាន្ត ដែលភូមិទាំងបីនេះ មានទីតាំងស្ថិតនៅលើភ្នំជាប់ព្រំដែនថៃ។

បន្ថែមលើការសង់ផ្ទះស្នាក់នៅបណ្តោះអាសន្ន អាជ្ញាធរក៏បានគិតគូររៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។ រដ្ឋបាលខេត្តបានរៀបចំយន្តការចាប់ឆ្នោត ដោយផ្ទាល់ដៃពីសំណាក់សាមីខ្លួន កំណត់យកលេខផ្ទះ និងទីតាំងជាក់ស្តែង ដើម្បីធានាបាននូវយុត្តិធម៌ និងតម្លាភាព។

ពាក់ព័ន្ធនឹងការសាងសង់ជម្រកជូនពលរដ្ឋជនភៀសសឹកនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដល់អនុសាសន៍ទៅកាន់នាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះថា ផ្ទះទាំងនេះគួរតែត្រូវបានប្រគល់ជូនជាកម្មសិទ្ធិដាច់សម្រាប់ពលរដ្ឋភៀសសឹកទាំងអស់ ទោះបីជាថ្ងៃក្រោយពួកគាត់ទទួលបានផ្ទះ និងដីធ្លីដើមមកវិញក៏ដោយ។ សម្ដេចតេជោបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការចំណាយសាងសង់ផ្ទះសម្រាប់ប្រជាជនខ្លួនឯងរស់នៅ គឺមិនមែនជារឿងធំដុំនោះទេ អ្វីដែលសំខាន់ គឺការផ្ដល់ជម្រកដ៏កក់ក្ដៅទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី ២១ មេសា មានពលរដ្ឋភៀសសឹកកម្ពុជា ប្រមាណ ៦១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញហើយ ហើយនៅសល់តែ ៣ម៉ឺន ៤ពាន់នាក់ទៀតប៉ុណ្ណោះ ដែលពុំទាន់អាចវិលចូលផ្ទះសម្បែងវិញបាន ដោយសារការឈ្លានពានរបស់ប្រទេសថៃ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា