Hacker កូរ៉េខាងជើង សង្ស័យលួចលុយគ្រីបតូជិត ៣០០ លានដុល្លារ យកទៅផលិតអាវុធប្រល័យលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Hacker កូរ៉េខាងជើង សង្ស័យលួចលុយគ្រីបតូជិត ៣០០ លានដុល្លារ យកទៅផលិតអាវុធប្រល័យលោក

Hacker កូរ៉េខាងជើង សង្ស័យលួចលុយគ្រីបតូជិត ៣០០ លានដុល្លារ យកទៅផលិតអាវុធប្រល័យលោក

ព្យុងយ៉ាង ៖ ក្រុម Hacker ដ៏ល្បីល្បាញរបស់កូរ៉េខាងជើង ទំនងជាអ្នកនៅពីក្រោយអំពើចោរកម្មលួចលុយគ្រីបតូ ជិត ៣០០ លានដុល្លារ កាលពីចុងសប្តាហ៍កន្លងទៅ ដែលនេះជាការលួចលុយគ្រីបតូដ៏ធំបំផុតក្នុងឆ្នាំ២០២៦ ។

Advertisement

បើតាម ក្រុមហ៊ុន Layer Zero បង្ហាញថា សកម្មភាពនេះ គឺជាស្នាដៃរបស់ក្រុម Lazarus Group ដែលជាក្រុម Hacker កំពូលរបស់កូរ៉េខាងជើង ។

ផ្អែកតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា កូរ៉េខាងជើងបានប្រើប្រាស់កម្មវិធីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតដ៏ទំនើបរបស់ខ្លួន ដើម្បីចូលលួចលុយគ្រីបតូ យកទៅជួយឧបត្ថម្ភដល់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ស្របពេលដែលសេដ្ឋកិច្ចរបស់រដ្ឋកុម្មុយនីស្តមួយនេះ កំពុងរងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ។

បើតាមគេហទំព័រព័ត៌មានរូបិយប័ណ្ណឌីជីថល CoinDesk, ឧក្រិដ្ឋកម្មនេះ បានកើតឡើងលើប្រព័ន្ធវិនិយោគអនឡាញ KelpDAO ដោយក្រុម Hacker បានវាយលុកចូលទៅក្នុងម៉ាស៊ីនមេចំនួនពីរ ដែលគ្រប់គ្រងដោយកម្មវិធី Layer Zero ។

ការជ្រៀតចូលនេះ បានបើកដៃឱ្យក្រុម Hacker អាចមានឱកាសលួចលុយគ្រីបតូមានតម្លៃប្រហែល ២៩០ លានដុល្លារ ចេញពីប្រព័ន្ធវិនិយោគអនឡាញ KelpDAO បានដោយជោគជ័យ ។

ជុំវិញបញ្ហានេះដែរ សហស្ថាបនិកក្រុមហ៊ុន Nine Blocks Capital Management លោក Henri Arslanian និយាយថា ក្រុម Lazarus របស់កូរ៉េខាងជើង គឺជាក្រុមដែលមានជំនាញ និងឥទ្ធិពលគ្រប់គ្រាន់ ដើម្បីបើកការវាយប្រហារដ៏ធំបែបនេះ ។

លោកថា ករណីលួចលុយគ្រីបតូនេះ នឹងធ្វើឱ្យអ្នកវិនិយោគថ្មីៗមានការភ័យខ្លាចក្នុងការឈានជើងចូលទៅក្នុងពិភពហិរញ្ញវត្ថុ ដែលគ្មានមជ្ឈមណ្ឌលគ្រប់គ្រង ។

យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២៤, កូរ៉េខាងជើង ទំនងជាបានលួចលុយគ្រីបតូអស់ជាង ៣ ពាន់លានដុល្លារ ដើម្បីយកទៅជួយឧបត្ថម្ភដល់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៧ ។

ចំណែកឆ្នាំមុន អង្គការសហប្រជាជាតិក៏បានចោទប្រកាន់កូរ៉េខាងជើង ថាជាអ្នកនៅពីក្រោយអំពើចោរកម្មលួចលុយឌីជីថលមានតម្លៃប្រហែល ១ ពាន់ ៥០០ លានដុល្លារ ដែលនេះជាការលួចលុយគ្រីបតូធំបំផុតក្នុងប្រវត្តិសាស្រ្ត ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា