ចិន នៅតែបន្តគាំទ្រចំពោះការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន នៅតែបន្តគាំទ្រចំពោះការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា

ចិន នៅតែបន្តគាំទ្រចំពោះការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសន្ទនាយុទ្ធសាស្ត្រ ២បូក២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។

Advertisement

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលជួបឯកឧត្តម វ៉ាង យី សាជាថ្មី។ សម្ដេចតេជោបានចាត់ទុកឯកឧត្តមជាមិត្តចាស់របស់កម្ពុជាដែលបានធ្វើការជាមួយគ្នាជាយូរឆ្នាំមកហើយ។ សម្ដេចបានលើកឡើងអំពីដំណើររបស់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់ចិនមកកាន់ប្រទេសកម្ពុជានៅពេលនេះក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ រវាងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន គឺបង្ហាញយ៉ាងច្បាស់អំពីមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន។សម្ដេចបានសង្កត់ធ្ងន់ថាទោះបីជាពិភពលោកនៅពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន មិនមានការប្រែប្រួលឡើយ។

ឯកឧត្តម វ៉ាង យី បានសម្ដែងនូវការអរគុណដែលសម្ដេចបានអនុញ្ញាតឱ្យឯកឧត្តមនិងសហការីបានចូលជួបសម្ដែងការគួរនៅពេលនេះ។ ឯកឧត្តមពិតជារីករាយដែលបានជួបសម្ដេចតេជោជាថ្មីម្ដងទៀត ដែលជាមិត្តចាស់របស់ចិន។ ឯកឧត្តមក៏នាំមកជាមួយនូវការសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង ចំពោះសម្ដេចតេជោផងដែរ។ ឯកឧត្តមបានលើកឡើងថា ឯកឧត្តមប្រធានាធិបតីក៏បានដឹងថា សម្ដេចតេជោ ថ្មីៗនេះបានទៅកាន់ប្រទេសចិនក្នុងការតាមដានអំពីព្រះរាជសុខភាពរបស់ព្រះព្រះមហាក្សត្រកម្ពុជា។ ឯកឧត្តម វ៉ាង យី បានបញ្ជាក់ថា រដ្ឋាភិបាលចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។ ជាមួយគ្នានេះឯកឧត្តមក៏បានលើកឡើងថា សម្ដេចតេជោគឺជាតួអង្គដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងចិន។

ឯកឧត្តមក៏បានសង្កត់នូវពាក្យថាមិត្តភាពដែកថែបរវាងកម្ពុជានិងចិន គឺអាចកើតមានឡើងគឺដោយសារសម្ដេចតេជោដែលលោកបានខិតខំប្រឹងប្រែងនៅក្នុងការពង្រឹងចំណងមិត្តភាពកន្លងមក ហើយបន្តនៃចំណងមិត្តភាពដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមបានលើកឡើងថា មិត្តភាពដែកថែបនេះ ឯកឧត្តម ស៊ី ជីនពីង ធ្លាប់បានបញ្ជាក់ហើយថា មិនមែនមិត្តភាពដែកថែបមានតែឈ្មោះទេ ប៉ុន្តែគឺជាមិត្តភាពដែកថែបដែលបានអនុវត្តជាក់ស្ដែងជាមួយគ្នា។
ឯកឧត្តមក៏បានរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ដែលបានប្រជុំជជែកពិភាក្សាគ្នា និងបានសម្រេចបានលទ្ធផលល្អៗជាច្រើនក្នុងការពង្រឹងទៅលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់ឯកឧត្តម វ៉ាង យី។ សម្ដេចក៏បានផ្ដាំតាមរយៈឯកឧត្តម វ៉ាង យី ក្នុងការសួរសុខទុក្ខទៅកាន់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង ផងដែរ។ សម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តមប្រធានាធិបតីផងដែរ ដែលបានសួរសុខទុក្ខដល់សម្ដេច។

សម្ដេចតេជោរីករាយចំពោះលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ដែលបានធ្វើនៅក្នុងប្រទេសកម្ពុជានេះ ហើយសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែរឹងមាំបន្ថែមទៀត ហើយឆ្លងកាត់តាមរយៈកិច្ចសន្ទនាយុទ្ធសាស្ត្រនេះ អ្វីដែលជាការកត់សម្គាល់សម្ដេចតេជោបានជំរុញទៅកាន់ភាគីចិន គឺស្នើឱ្យភាគីចិនបន្តនូវការគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ សម្ដេចបានសង្កត់ធ្ងន់ទៅលើចំណុចស្នូលនៃទំនាក់ទំនង គឺទៅលើសេដ្ឋកិច្ចដែលកម្ពុជាចង់ពង្រឹងនូវភាពធន់ផ្នែកសេដ្ឋកិច្ចនេះឱ្យបានកាន់តែរឹងមាំ។ សម្ដេចតេជោក៏បានអរគុណចំពោះមិត្តចិនដែលបានគាំទ្រ និងជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាកន្លងមកជាពិសេសគឺការផ្ដល់ជំនួយក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ដែលការជួយរបស់ចិនបានចូលរួមចំណែកនៅក្នុងការពង្រឹងនូវសេដ្ឋកិច្ចរបស់កម្ពុជាឱ្យបានរឹងមាំ។

ឯកឧត្តម វ៉ាង យី ក៏បានលើកឡើងដោយសរសើរចំពោះភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានសរសើរពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗទៀត ជាពិសេសគឺមានអគារខ្ពស់ៗ អគារធំៗជាច្រើនដែលកើតមានឡើង ហើយរដ្ឋាភិបាលចិននៅតែបន្តគាំទ្រចំពោះការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដែលស្របទៅនឹងសហគមន៍ជោគវាសនារួមដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នា ហើយក៏ស្របទៅនឹងផលប្រយោជន៍រវាងប្រជាជនកម្ពុជា និងប្រជាជនចិនផងដែរ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តម វ៉ាង យី បំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យ៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា