បុគ្គលិកអនាម័យនិងប្រជាការពារក្នុងនគរសង្ក្រាន្តទទួលការលើកទឹកចិត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បុគ្គលិកអនាម័យនិងប្រជាការពារក្នុងនគរសង្ក្រាន្តទទួលការលើកទឹកចិត្ត
នយោបាយ 24/04/2026

បុគ្គលិកអនាម័យនិងប្រជាការពារក្នុងនគរសង្ក្រាន្តទទួលការលើកទឹកចិត្ត

បុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបានប្រតិបត្តិការផ្ទាល់ បោសសម្អាតអនាម័យក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦នៅរាជធានីភ្នំពេញចំនួន ៧០៦នាក់ ទទួលបានអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជាជាមួយរដ្ឋបាលរាជធានីភ្នំពេញ។

Advertisement

ពិធីចែកអំណោយខាងលើ បានធ្វើឡើងនាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងបរិវេណសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងនូវការអរគុណចំពោះ សសយក ដែលបានជ្រើសរើសយករាជធានីភ្នំពេញធ្វើជាកន្លែងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត”ឆ្នាំ២០២៦ រយៈពេល៦ថ្ងៃ ពីថ្ងៃទី១៤ដល់ទី១៩មេសាកន្លងទៅ ដោយបានបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ក្នុងគោលបំណងអបអរសាទរឆ្នាំថ្មី គាំទ្រផលិតផលខ្មែរ និងបង្ហាញពីសាមគ្គីភាពជាមួយវីរៈកងទ័ព។

យោងតាមឯកឧត្តម ឃួង ស្រេង នគរសង្ក្រាន្តបានទាក់ទាញអ្នកចូលចំនួន៦លាន ៦សែន និង៧ម៉ឺននាក់ ដែលបានធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ១ ជាមានកន្លែងទាក់ទាញជាងគេក្នុងរដូវចូលឆ្នាំ។ ភាពជោគជ័យទាំងអស់នេះ គឺមិនអាចផ្តាច់បានពីការលះបង់របស់អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច ពិសេសគឺបុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបានធ្វើឱ្យនគរសង្ក្រាន្តមានបរិស្ថានល្អស្អាត និងស្រស់បំព្រង។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា គោលបំណងនៃការជួបជុំសំណេះសំណាលនេះ គឺដើម្បីអរគុណចំពោះបុគ្គលិកសម្អាតអនាម័យ ទាំងរដ្ឋ និងក្រុមហ៊ុនឯកជន ក៏ដូចជាកងកម្លាំងប្រជាការពារទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងភាពសប្បាយរីករាយក្នុងគ្រួសារ មកបម្រើការងារនៅព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលធ្វើឱ្យនគរសង្ក្រាន្តទទួលបានជោគជ័យយ៉ាងធំធេង។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានចិត្តដាក់ការពារក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរក្នុងរយៈពេល៦ថ្ងៃនៃនគរសង្ក្រាន្ត។ ឯកឧត្តមបានកោតសសើរចំពោះសន្តិសុខ ដែលពុំមានហេតុការណ៍ណាមួយបង្កជាគ្រោះថ្នាក់អ្វីឡើយ ពោលគឺភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកដើរលេងកម្សាន្តដោយទឹកមុខសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងប្រកបដោយសុវត្ថិភាព។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីម្សិលមិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធី បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ ដែលបង្ហាញពីភាពធន់ និងសកម្មភាពរស់រវើកនៃសង្គម សេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា។

សម្តេចធិបតី បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចគ្រប់ប្រភេទ និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ប្រកបដោយក្តីសប្បាយរីករាយ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

រូបភាព ៖ ហេង សម្បត្តិ

ហេង សម្បត្តិ

ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា