សម្តេចតេជោ រំលឹកដល់មន្រ្តីឱ្យរួមគ្នាទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ រំលឹកដល់មន្រ្តីឱ្យរួមគ្នាទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ

សម្តេចតេជោ រំលឹកដល់មន្រ្តីឱ្យរួមគ្នាទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ

ត្បូងឃ្មុំ៖សម្ដេចតេជោ ហ៊ុន សែន នាឱកាសជួបសំណេះសំណាល ជាមួយមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ ខេត្តត្បូងឃ្មុំ ដែលជាខេត្តមានច្រកព្រំដែន ជាមួយប្រទេសវៀតណាមផងនោះ សម្ដេច​បានលើក​ឡើងពីការគាំទ្រ ដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ និងបានណែនាំមន្ត្រី រួមគ្នាទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬរត់គេចពន្ធជាដើម ។

Advertisement

មានប្រសាសន៍កាលព្រឹកថ្ងៃអាទិត្យទី២៦ ខែមេសា ឆ្នាំ២០២៦ នៅខេត្តត្បូងឃ្មុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹក​នាំមន្ទីរអង្គភាពនានា ក្នុងខេត្តត្បូងឃ្មុំនេះសារជាថ្មី ។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ នៅខេត្តត្បូងឃ្មុំ ទាំងអស់ ដែលបានខិតខំបំពេញការងារ បម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេស ការរួមគ្នា​រក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម ។

ជាខេត្តមានច្រកព្រំដែនជាមួយប្រទេសវៀតណាមផងនោះ សម្ដេច​បានលើក​ឡើងពីការគាំទ្រ ដល់ការប្រមូលប្រាក់ចំណូល​ទាំងផ្នែកពន្ធគយ និងបានណែនាំដល់មន្ត្រីឱ្យរួមគ្នាទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬរត់គេចពន្ធជាដើម ។ជាមួយនេះ សម្តេច ក៏បានណែនាំឱ្យខិតខំគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ជាពិសេស ខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ត្រូវចេះ​សន្សំសំចៃលើការចំណាយ​ដែលមិនចាំបាច់នានា។

សម្តេចតេជោ ក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ដែលមានក្នុងមូលដ្ឋាន តាមរយៈ​ការជួយយកអាសារគាត់ និងការចុះជួបសំណេះសំណាលពួកគាត់ រយៈកម្មវិធីផ្សេងៗជាដើម ។ សម្ដេច ក៏បានជំរុញឱ្យ​អាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមទាំងអស់គ្នា ក្នុងការថែរក្សាធនធានធម្មជាតិ ដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នា ក្នុងការថែរក្សា ឱ្យបានគង់វង្ស ។

ទន្ទឹមនេះក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយក​ចិត្ត​ទុកដាក់ បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ និងបន្ត​យកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យមាន​ការថ្នាំងថ្នាក់ ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ ។ ត្រូវបន្តយកចិត្ត ទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ជាពិសេស បង្ក្រាបឱ្យបាន នូវអំពើឆបោក​តាមអនឡាញ (Scam Online) ។អាជ្ញាធរក៏ត្រូវយកចិត្តទុកដាក់ ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធិភាពផងដែរ។

វត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នៅខេត្តត្បូងឃ្មុំ គឺបន្ទាប់ពីមានជំនួបដូចគ្នានេះដែរនៅខេត្តកំពង់ចាម ដែលជាខេត្តជាប់គ្នា
កាលពីថ្ងៃសៅរ៍ទី២៥ ខែមេសា។

ដោយដាស់តឿនស្រដៀងនឹងខេត្តកំពង់ចាមដែរ សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ចៀសវាងភាព​អសកម្ម ឬការគាបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏​ស្មោះត្រង់​របស់ប្រជាជន» ។ ម្យ៉ាងវិញទៀតចៀសវាងប្ដីស័ក្ដិ៣ ប្រពន្ធសក្ដិ៤ កូនសក្ដិ៥ ដែលធ្វើឱ្យមានបញ្ហាក្នុងមូលដ្ឋាន ៕

អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា