ធនាគារជាតិនៃកម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យធនាគារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារជាតិនៃកម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យធនាគារ

ធនាគារជាតិនៃកម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យធនាគារ

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព សម្រាប់វិស័យធនាគារ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ សម្រាប់ប្រតិបត្តិការអាជីវកម្ម គាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយចីរភាព និងគួរឱ្យទុកចិត្តជាងមុននៅក្នុងប្រទេសកម្ពុជា ។

Advertisement

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងថា ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាពនេះ នឹងនាំកម្ពុជាសម្រេចគោលដៅអភិវឌ្ឍន៍ដ៏មហិច្ឆតា ក្នុងការក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការសម្រេចគោលដៅទាំងនេះ នឹងតម្រូវឱ្យមានសេដ្ឋកិច្ចដែលមានការរួមបញ្ចូលភាពចម្រុះ និងមានផលិតភាពជាងមុន ។

ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុនេះឡើង ដើម្បីរួមចំណែកក្នុងការដោះស្រាយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនៅកម្ពុជា ដោយជួយពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចបៃតង តាមរយៈការពង្រឹងសមត្ថភាពស្ថាប័នហិរញ្ញវត្ថុ និងបង្កើតប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដែលមានលក្ខណៈអំណោយផលសម្រាប់គម្រោងវិនិយោគបៃតង សំដៅជំរុញដំណើរអភិវឌ្ឍន៍ប្រកបដោយចីរភាព។

យោងតាមរបាយការណ៍អាកាសធាតុនិងអភិវឌ្ឍន៍ប្រទេសកម្ពុជារបស់ក្រុមធនាគារពិភពលោក កម្ពុជាជាប់ចំណាត់ថ្នាក់ទី៦២ ក្នុងចំណោមប្រទេសចំនួន ១៩១ នៅក្នុងសន្ទស្សន៍ហានិភ័យព័ត៌មានឆ្នាំ២០២២ ដែលជាការវាយតម្លៃហានិភ័យសម្រាប់វិបត្តិមនុស្សធម៌ និងគ្រោះមហន្តរាយ ។ កម្ពុជាក៏ងាយរងគ្រោះខ្លាំងចំពោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។ បើគ្មានការសម្របខ្លួន និងការកាត់បន្ថយឱ្យបានគ្រប់គ្រាន់ទេ ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យខាតបង់រហូតដល់ ៩% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា នៅឆ្នាំ ២០៥០ និងបង្កើនអត្រាភាពក្រីក្ររហូតដល់ ៦% នៅឆ្នាំ២០៤០ ។

របាយការណ៍ដដែលប៉ាន់ប្រមាណថា ប្រទេសកម្ពុជា នឹងត្រូវការការវិនិយោគបន្ថែមដល់ ៣៦ពាន់លានដុល្លារ ពីវិស័យសាធារណៈ និងឯកជន ក្នុងរយៈពេល៣ទសវត្សរ៍ខាងមុខ ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ ។ ការអនុវត្តនេះ នឹងតម្រូវឱ្យមានជម្រើសគោលនយោបាយយ៉ាងប្រុងប្រយ័ត្ន ដើម្បីគ្រប់គ្រងហានិភ័យអន្តរកាល និងចាប់យកឱកាសអភិវឌ្ឍន៍ ក្នុងនាមជាសេដ្ឋកិច្ចបើកចំហ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើពាណិជ្ជកម្ម និងការវិនិយោគផ្ទាល់ពីបរទេស។

យោងតាមលោកជំទាវទេសាភិបាល ប្រទេសកម្ពុជាក៏នឹងរងផលប៉ះពាល់ដោយការកាត់បន្ថយកាបូនសកល និងការផ្លាស់ប្តូរគំរូនៃការប្រើប្រាស់ និងផលិតកម្មផងដែរ ដោយកម្ពុជាមានគោលនយោបាយត្រឹមត្រូវ និងវិស័យឯកជនដ៏រស់រវើក ដែលការផ្លាស់ប្តូរទាំងនេះអាចគាំទ្រដល់ការធ្វើពិពិធកម្មការនាំចេញ ការបង្កើតការងារ និងកំណើនប្រកបដោយចីរភាព៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា