កាហ្វេមណ្ឌលគិរីមានទីផ្សារកាន់តែល្អ សហគមន៍ជំរុញពង្រីកការដាំដុះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាហ្វេមណ្ឌលគិរីមានទីផ្សារកាន់តែល្អ សហគមន៍ជំរុញពង្រីកការដាំដុះ

កាហ្វេមណ្ឌលគិរីមានទីផ្សារកាន់តែល្អ សហគមន៍ជំរុញពង្រីកការដាំដុះ

កសិករដាំកាហ្វេនៅខេត្តមណ្ឌលគិរីមានលំនឹងទីផ្សារកាន់តែប្រសើរ ខណៈសហគមន៍បានជំរុញឲ្យប្រជាកសិករនាំគ្នាពង្រីកផ្ទៃដីដាំដុះ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ ដែលកំពុងកើនឡើង។ ទោះជាមានការពង្រីកការដាំដុះបន្ថែម ក៏កសិករខ្មែរមិនបារម្ភពីបញ្ហាខ្វះទីផ្សារនោះដែរ។ កាហ្វេដែលដាំដុះនៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា សុទ្ធតែមានគុណភាពល្អ និងរសជាតិឈ្ងុយឆ្ងាញ់ អាចប្រកួតប្រជែងបានទាំងនៅក្នុង និងក្រៅប្រទេស។

Advertisement

លោក ជិន ជ័យ យ៉ាបុត្រ ប្រធានក្រុមហ៊ុន គិរីកាហ្វេ បានឱ្យដឹងក្រោយកិច្ចប្រជុំជាមួយកសិករ ១៦៣គ្រួសារ នៅសហគមន៍ប៊ូស្រា នាដើមសប្តាហ៍នេះថា កសិករដាំកាហ្វេ អាចលក់ផលិតផលរបស់ខ្លួនដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនបាន ខណៈទីផ្សារកំពុងមានតម្រូវការខ្ពស់។

លោកបញ្ជាក់ថា បរិមាណកាហ្វេដែលកសិករផ្គត់ផ្គង់នៅពេលបច្ចុប្បន្ន នៅមិនទាន់គ្រប់តាមតម្រូវការរបស់ក្រុមហ៊ុននៅឡើយទេ ព្រោះទីផ្សារក្នុងស្រុកកំពុងស្រូបទាញខ្លាំង ហើយទីផ្សារបរទេសក៏ចាប់ផ្តើមមានតម្រូវការកាហ្វេពីកម្ពុជាកាន់តែច្រើនផងដែរ។

ក្នុងមួយរដូវកាលកន្លងមក ក្រុមហ៊ុន គិរីកាហ្វេ បានប្រមូលទិញកាហ្វេពីកសិករជាង ៨០០តោន ប៉ុន្តែបរិមាណនេះនៅតែមិនទាន់គ្រប់គ្រាន់តាមតម្រូវការ។ ដូច្នេះ ក្រុមហ៊ុនចង់ឱ្យកសិករពង្រីកការដាំដុះបន្ថែម។ ក្នុងរយៈពេលជិតមួយឆ្នាំកន្លងទៅ ក្រុមហ៊ុនបានទិញកាហ្វេដោយផ្ទាល់ពីកសិករប្រមាណ ៨០ភាគរយ ខណៈបរិមាណដែលនៅសល់ ត្រូវបានកសិករលក់ទៅឱ្យឈ្មួញផ្សេងៗ។

ដោយមានឈ្មួញចុះទិញផ្ទាល់ក្នុងតម្លៃកាហ្វេសើមចន្លោះពី ៤ ១០០ ទៅ ៤ ៣០០រៀលក្នុងមួយគីឡូក្រាម កសិករមិនត្រឹមតែមានទីផ្សារច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការបង្ខំទម្លាក់តម្លៃពីសំណាក់ឈ្មួញផងដែរ។

លោក សឹង កាយ ជំទប់ទី២ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានជំរុញឱ្យក្រុមហ៊ុនឯកជនបន្តប្រមូលទិញកាហ្វេពីកសិករក្នុងតម្លៃសមរម្យ និងពង្រីកលទ្ធភាពទិញឱ្យបានកាន់តែច្រើន ដើម្បីលើកកម្ពស់ជីវភាពប្រជាកសិករ។

ស្របគ្នានេះ មន្ត្រីកសិកម្មឃុំប៊ូស្រា លោក កើប ឆ្ងោញ ក៏បានលើកទឹកចិត្តឱ្យកសិករពង្រីកផ្ទៃដីដាំដុះ និងសិក្សាបច្ចេកទេសថ្មីៗ ដើម្បីអភិវឌ្ឍវិស័យកាហ្វេឱ្យកាន់តែរីកចម្រើន និងបង្កើនទិន្នផលឱ្យកាន់តែខ្ពស់។
ចំណែកអង្គការ iDE កម្ពុជា បានឱ្យដឹងថា ការធ្វើកសិកម្មបែបទំនើប មិនត្រឹមតែជាការផ្លាស់ប្តូរទម្លាប់នៃការដាំដុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងសមត្ថភាពកសិករឱ្យមានជំនាញកាន់តែខ្ពស់ ក្នុងការដាំដំណាំកាហ្វេតាមបច្ចេកទេសថ្មី។

ប្រធានសមាគមកាហ្វេកម្ពុជា លោក ឌុក ពិសិដ្ឋ បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦នេះ ផ្ទៃដីដាំកាហ្វេនៅកម្ពុជា បានកើនឡើងដល់ជិត ១ពាន់ហិកតា ហើយនៅចុងឆ្នាំនេះ អាចនឹងកើនបន្ថែមពី ៥០០ ទៅ ៦០០ហិកតាទៀត។ លោកបញ្ជាក់ថា បច្ចុប្បន្ន សមាជិកសមាគមអ្នកដាំកាហ្វេកាន់តែច្រើន កំពុងមានបំណងពង្រីកការដាំដុះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

លោកបន្ថែមថា ដំណាំកាហ្វេមានច្រើនជាងគេ នៅខេត្តមណ្ឌលគិរី និងរតនគិរី ខណៈតំបន់ផ្សេងៗទៀត ដូចជា អូរសោម ខេត្តពោធិ៍សាត់ កោះកុង ប៉ៃលិន ត្បូងឃ្មុំ និងកំពង់ចាម ក៏មានការដាំដុះដូចគ្នា ប៉ុន្តែមិនទាន់មានទំហំធំទូលាយនៅឡើយ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាផលិតកាហ្វេសរុបបានជាង ១ ៣១៤តោន ក្នុងឆ្នាំ២០២៥ ខណៈទិន្នផលជាមធ្យមសម្រេចបាន ២,៥តោនក្នុងមួយហិកតា៕

ដោយ៖ ម៉ាដេប៉ូ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា