ក្រសួងដែនដីរៀបចំច្បាប់ភូមិបាលថ្មី ស្របតាមការវិវត្តនយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងដែនដីរៀបចំច្បាប់ភូមិបាលថ្មី ស្របតាមការវិវត្តនយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា

ក្រសួងដែនដីរៀបចំច្បាប់ភូមិបាលថ្មី ស្របតាមការវិវត្តនយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា

​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាមួយដើម្បីសិក្សាស្វែងយល់ ពិគ្រោះ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ដែលនឹងចូលមកជំនួសច្បាប់ភូមិបាលឆ្នាំ២០០១។

Advertisement

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ភូមិបាលថ្មី ត្រូវបានរៀបចំឡើង ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យស្របតាមការវិវត្តនៃនយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជាបច្ចុប្បន្ន ព្រមទាំងបន្ស៊ីជាមួយច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី និងការប្រែប្រួលនៃការប្រើប្រាស់ពាក្យពេចន៍ និងវោហាសព្ទក្នុងវិស័យភូមិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ការរៀបចំសេចក្តីព្រាងច្បាប់នេះ គឺផ្តោតទាំងលើទម្រង់ និងខ្លឹមសារ
ដែលជាការបន្តអភិវឌ្ឍន៍គោលការណ៍ និងគុណតម្លៃដែលបានកសាងតាំងពីឆ្នាំ១៩៧៩មក ហើយឯកឧត្តមរំពឹងថា ច្បាប់ថ្មីនឹងអាចយកទៅអនុវត្តបានយូរអង្វែងជាច្រើនឆ្នាំទៅមុខទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស។

ឯកឧត្តមជឿជាក់ថា ច្បាប់ថ្មីនឹងជួយពង្រឹងការគ្រប់គ្រង និងប្រើប្រាស់ដីរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងឱ្យអស់សក្តានុពល តាមរយៈការកំណត់សិទ្ធិនៃការប្រើប្រាស់ដីរដ្ឋ ដើម្បីគុណតម្លៃសេដ្ឋកិច្ច និងឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា។ ជាងនេះទៅទៀត បទបញ្ញត្តិច្បាប់ភូមិបាលថ្មីនឹងកំណត់សញ្ញាណដីមួយចំនួនឲ្យបានច្បាស់លាស់ ដូចជាដីសមាគម ឬដីសហគមន៍ជាដើម។

ចំណុចសំខាន់មួយដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានទាញចំណាប់អារម្មណ៍របស់អង្គសិក្ខាសាលា គឺស្ថានប័នដែលមានសិទ្ធិលុបចោលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។ ឯកឧត្តមបានសំណូមពរឲ្យសិក្ខាកាមរួមគ្នាពិគ្រោះពិភាក្សាថាតើតុលាការគួរតែមានសិទ្ធិមោឃភាពបណ្ណកម្មសិទ្ធិឬយ៉ាងណា។

ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា បច្ចុប្បន្ន កម្ពុជាកំពុងដើរលើទិសដៅត្រឹមត្រូវ ក្នុងការវាស់វែង និងចុះបញ្ជីដីធ្លី ព្រមទាំងដោះស្រាយវិវាទដីធ្លីជាច្រើនករណី។ ដូច្នេះ ការរៀបចំច្បាប់ភូមិបាលថ្មីនេះ គឺជាការកំណត់គោលការណ៍ថ្មីៗ ដើម្បីឱ្យស្របទៅនឹងស្ថានភាពជាក់ស្តែង និងបរិបទនៃសង្គមកម្ពុជា ដែលកំពុងមានការរីកចម្រើនជាបន្តបន្ទាប់។

សូមបញ្ជាក់ថា នេះគឺជាការវិវត្តន៍លើកទី៣ នៃច្បាប់ភូមិបាលនៅកម្ពុជា បន្ទាប់ពីការគ្រប់គ្រងដីធ្លីតាមប្រកាសនៅសម័យរដ្ឋកម្ពុជា និងច្បាប់ភូមិបាលឆ្នាំ២០០១ ដែលលែងសមស្របជាមួយការអភិវឌ្ឍរបស់ប្រទេសកម្ពុជាទៀតហើយ ហើយទាមទារឲ្យមានការរៀបចំច្បាប់ថ្មីនៅពេលនេះ៕

រូបភាព ៖ គ្រីសម្បត្តិ
អត្ថបទ៖ វណ្ណា

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា