ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រកាសបន្តបញ្ចុះតម្លៃសម្រាប់រថយន្តដឹកទំនិញប្រភេទ D & E និងការផ្តល់ជូន​សេវាកម្មអូសសណ្តោងឥតគិតថ្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រកាសបន្តបញ្ចុះតម្លៃសម្រាប់រថយន្តដឹកទំនិញប្រភេទ D & E និងការផ្តល់ជូន​សេវាកម្មអូសសណ្តោងឥតគិតថ្លៃ

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រកាសបន្តបញ្ចុះតម្លៃសម្រាប់រថយន្តដឹកទំនិញប្រភេទ D & E និងការផ្តល់ជូន​សេវាកម្មអូសសណ្តោងឥតគិតថ្លៃ

ភ្នំពេញ៖ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានប្រកាសពីការបន្តបញ្ចុះតម្លៃ សម្រាប់រថយន្តដឹកទំនិញប្រភេទ D & E និងការផ្តល់ជូនសេវាកម្មអូសសណ្តោងដោយឥតគិតថ្លៃ ដើម្បីរួមចំណែកបន្ថយការចំណាយប្រតិបត្តិការលើវិស័យភស្តុភារកម្ម និងសហគ្រាសដឹកជញ្ជូនទំនិញនៅកម្ពុជា ។

Advertisement

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែមេសា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបញ្ជាក់ ថាក្នុងកាលៈ​ទេសៈ​ដែលប្រេងឥន្ធនៈទីផ្សារអន្តរជាតិ មានតម្លៃខ្ពស់បាន និងកំពុងបង្កជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដល់ថ្លៃចំណាយប្រតិបត្តិការ​លើវិស័យភស្តុភារកម្ម និងសហគ្រាសដឹកជញ្ជូនទំនិញនៅកម្ពុជា រាជរដ្ឋាភិបាលតាមរយៈថ្នាក់ដឹកនាំក្រសួង សាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឯកភាពបន្តផ្តល់ការបញ្ចុះ តម្លៃពិសេសសម្រាប់រថយន្តដឹក​ទំនិញ ដើម្បីធានាស្ថិរភាព នៃប្រព័ន្ធដឹកជញ្ជូន និងជួយបន្ថយបន្ទុកចំណាយរបស់ សហគ្រាស ឬអាជីវករធ្វើអាជីវកម្មដឹក​ជញ្ជូនទំនិញ ។

ការបន្តផ្តល់ជូននេះ រួមមាន៖ ១. បន្តបញ្ចុះតម្លៃ៤០% និង៦០% សម្រាប់រថយន្តដឹកទំនិញប្រភេទ D និង E រយៈពេល៦ខែ បន្ថែមទៀត ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ។ ២. ផ្តល់សេវាអូសសណ្តោងឥតគិតថ្លៃ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៧ សម្រាប់រថយន្តដឹកទំនិញប្រភេទ D និង E ដែលមានបញ្ហាបច្ចេកទេសលើផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុទៅកាន់ច្រកចេញ ឬតំបន់សេវាកម្មដែលនៅជិតបំផុត ។

យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី ២០ ខែមេសា ​២០២៦ រហូតដល់ថ្ងៃទី​ ២៦ ខែមេសា ឆ្នាំ២០២៦ ចរាចរណ៍លើផ្លូវល្បឿនលឿនសរុបមានចំនួន ៩៦,៤២៣ដង ក្នុងមួយសប្តាហ៍ ដែលក្នុងនោះ មានការស្វែងរកជំនួយ​តាមទូរសព្ទសង្គ្រោះ ១៣៩៩ ចំនួន ១៨១ខ្សែ ស្វែងរកជំនួយចំនួន ៧៦ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១០៥ ករណី និងគ្មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើងទេ ។

គួររម្លឹកថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ប្រវែងសរុបប្រមាណ ១៨៧គ.ម ដាក់ឱ្យដំណើរការកាលពីថ្ងៃទី០១ តុលា ២០២២។ ផ្លូវនេះ តភ្ជាប់រាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ ប្រើពេលធ្វើដំណើរកាត់​បន្ថយមកត្រឹមប្រហែល ២ម៉ោង ដែលមានច្រកទូទាត់ប្រាក់ចំនួន ៨កន្លែង រួមមាន ភ្នំពេញ, កំពង់ស្ពឺខាងកើត, កំពង់ស្ពឺខាងលិច, ត្រែងត្រយឹង, កំពង់សីលា ។ ផ្លូវនេះមាន ៤ គន្លង (២ ទៅ ២ មក) ទទឹង ២៤.៥ ម៉ែត្រ ដែលសម្រួលដល់ការដឹកជញ្ជូន និងទេសចរណ៍យ៉ាងខ្លាំង ។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានប្រតិបត្តិការប្រកបដោយស្ថិរភាព អស់រយៈពេលជាង ៣ឆ្នាំមកហើយ។ ផ្លូវមួយខ្សែ​នេះ ជាសរសៃឈាមដ៏សំខាន់ ដែលជួយលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ និងជំរុញការរីកចម្រើន នៃវិស័យភស្តុភារកម្ម និងដឹកជញ្ជូនក្នុងប្រទេសកម្ពុជា ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា