ក្រសួងមហាផ្ទៃ៖ ការមានស្រោមអនាម័យតាមខ្លួនមិនមែនជាភស្តុតាងដាក់ទោសពីបទលក់ខ្លួនឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងមហាផ្ទៃ៖ ការមានស្រោមអនាម័យតាមខ្លួនមិនមែនជាភស្តុតាងដាក់ទោសពីបទលក់ខ្លួនឡើយ

ក្រសួងមហាផ្ទៃ៖ ការមានស្រោមអនាម័យតាមខ្លួនមិនមែនជាភស្តុតាងដាក់ទោសពីបទលក់ខ្លួនឡើយ

ក្នុងសារាចរថ្មីមួយចុះថ្ងៃទី២៧មេសា ក្រសួងមហាផ្ទៃបានណែនាំដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ចំណុះឱ្យក្រសួង ត្រូវបន្តផ្សព្វផ្សាយអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% ក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ពីដៃគូរួមភេទ។

Advertisement

ក្រសួងបានសង្កត់ធ្ងន់ថា សមត្ថកិច្ចមិនត្រូវយកស្រោមអនាម័យធ្វើជាកម្មវត្ថុនៃការដាក់បន្ទុក ឬចោទប្រកាន់បុគ្គលណាម្នាក់ឡើយ លើកលែងតែក្នុងករណីប្រើប្រាស់ស្រោមអនាម័យក្នុងការប្រព្រឹត្តបទល្មើសជួញដូរផ្លូវភេទជាក់ស្ដែងប៉ុណ្ណោះ។ ការមានស្រោមអនាម័យតាមខ្លួន គឺជាសិទ្ធិក្នុងការការពារសុខភាព។

ក្នុងន័យនេះ ក្រសួងលើកទឹកចិត្តឲ្យអាជ្ញាធរផ្សព្វផ្សាយពីសារសំខាន់នៃការរក្សាទុក និងចែកចាយស្រោមអនាម័យនៅតាមទីតាំងចាំបាច់នានា ជាពិសេសនៅតាមមូលដ្ឋានសេវាកម្សាន្ត រង្គសាល បៀរហ្គាឌិន សណ្ឋាគារ ផ្ទះសំណាក់ ឬគ្រប់ទីកន្លែងដែលសង្ស័យថាមានការរួមភេទ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការបង្ការ។

សម្រាប់ប្រជាជនដែលបម្រើការក្នុងសេវាកម្សាន្ត ហើយសង្ស័យថាមានផ្ទុកមេរោគអេដស៍ ត្រូវជំរុញឱ្យពួកគាត់ប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ ដើម្បីទទួលបានសេវាថែទាំ និងព្យាបាលបានទាន់ពេលវេលា។

យោងតាមក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាផ្សព្វផ្សាយ និងលុបបំបាត់ទស្សនៈយល់ច្រឡំថា នៅកម្ពុជាគ្មានអេដស៍ទៀតទេ។ គ្រប់ភាគីត្រូវបន្តអប់រំអំពីហានិភ័យនៃមេរោគអេដស៍ និងជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០ភាគរយ ជាដាច់ខាតក្នុងការរួមភេទជាមួយដៃគូ ដើម្បីទប់ស្កាត់ការចម្លង។

កាលពីចុងឆ្នាំ ២០២៥ ក្រុមអ្នកជំនាញបានប្រកាសផ្ដោតគោលដៅស្វែងរកអ្នកផ្ទុកមេរោគអេដស៍ប្រមាណជាង ៤ពាន់នាក់ ដែលកំពុងរស់នៅដោយមិនទាន់ដឹងពីស្ថានភាពផ្ទុកមេរោគរបស់ខ្លួន ដើម្បីជំរុញឱ្យពួកគេធ្វើតេស្ត និងទទួលបានសេវាព្យាបាលទាន់ពេលវេលា។

យោងតាមសារលិខិតរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២៥ កន្លងទៅ នៅកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍សរុបប្រមាណ ៧ម៉ឺន ៦ពាន់នាក់។ ក្នុងនោះ អ្នកកំពុងទទួលការព្យាបាលមានចំនួនជាង ៧ម៉ឺន១ពាន់នាក់។ ដោយឡែក នៅសល់ប្រមាណជាង ៤ពាន់នាក់ទៀត ដែលមិនទាន់បានមកទទួលសេវាព្យាបាល ឬមិនទាន់ដឹងថាខ្លួនមានផ្ទុកមេរោគ។

សូមបញ្ជាក់ផងដែរថា កម្ពុជាបានដាក់ឱ្យប្រើប្រាស់ថ្នាំបង្ការការឆ្លងមេរោគអេដស៍ ឈ្មោះ Cabotegravir កាលពីខែមិថុនា ឆ្នាំ២០២៥។ កម្ពុជា គឺជាប្រទេសដំបូងគេក្នុងតំបន់ដែលដាក់ឲ្យប្រើប្រាស់ថ្នាំបង្ការនេះ ដែលមានប្រសិទ្ធភាពការពារការឆ្លងមេរោគអេដស៍រហូតដល់ទៅ៩៥ភាគរយ។ ប្រជាពលរដ្ឋត្រូវចាក់ថ្នាំបង្ការនេះរៀងរាល់២ខែម្តង រហូតទាល់តែពួកគេឈប់ប្រព្រឹត្តសកម្មភាពដែលប្រឈមនឹងជំងឺអេសដ៍៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា