គយ ដាក់ចេញវិធានការមុតស្រួច ដើម្បីបង្ក្រាបការរត់គេចពន្ធ បង្កើនចំណូល និងពង្រឹងអភិបាលកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គយ ដាក់ចេញវិធានការមុតស្រួច ដើម្បីបង្ក្រាបការរត់គេចពន្ធ បង្កើនចំណូល និងពង្រឹងអភិបាលកិច្ច

គយ ដាក់ចេញវិធានការមុតស្រួច ដើម្បីបង្ក្រាបការរត់គេចពន្ធ បង្កើនចំណូល និងពង្រឹងអភិបាលកិច្ច

នៅក្នុងជំនួបជាមួយតំណាងសភាពាណិជ្ជកម្ម និងធុរជននៅសាលាជាតិគយ កាលពីថ្ងៃអង្គារ ទី ២៨ មេសា ឯកឧត្ដម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា គយបានដាក់ចេញវិធានការមុតស្រួចក្នុងការបង្ការបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច ដែលគឺជាផ្នែកមួយនៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បីបោសសម្អាតបាតុភាពអសកម្មរ៉ាំរ៉ៃ និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនាពេលកន្លងមក។

Advertisement

ឯកឧត្ដមបានគូសបញ្ជាក់ថា វិធានការនេះត្រូវបានអនុវត្តចំពេលដែលកម្ពុជាកំពុងរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីវិបត្តិធំៗចំនួន ៣ ដែលឯកឧត្តមចាត់ទុកថាជា «ព្យុះសង្ឃរា ៣ ផ្ទួនគ្នា» រួមមាន៖ សង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជាពីសំណាក់ប្រទេសថៃ យុទ្ធនាការបង្ក្រាបសម្បុកឆបោកអនឡាញ (Online Scam) យ៉ាងក្ដៅគគុក និងវិបត្តិប្រេងឥន្ធនៈសកលដែលបណ្ដាលមកពីសង្គ្រាមនៅប្រទេសអ៊ីរ៉ង់។

ក្នុងស្ថានភាពដ៏តានតឹង និងភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញនេះ ប្រធានគយ បានបញ្ជាក់ថា ការពង្រឹងអភិបាលកិច្ច និងការបង្ក្រាបអំពើរត់គេចពន្ធ គឺជាកិច្ចការចាំបាច់បំផុត ដើម្បីធានាបាននូវចំណូលជាតិ និងស្ថិរភាពសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ។

ជាមួយគ្នានេះ ដើម្បីឆ្លើយតបនឹងវិបត្តិប្រេងឡើងថ្លៃ និងសម្រាលបន្ទុករបស់ធុរជន ក៏ដូចជាប្រជាពលរដ្ឋ រដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយបញ្ចុះពន្ធលើរថយន្តអគ្គិសនី អាគុយ សូឡា និងបរិក្ខារចាំបាច់ដទៃទៀត។ ជាងនេះទៅទៀត រដ្ឋក៏បានទទួលបន្ទុកបង់ពន្ធជំនួសលើការនាំចូលប្រេង និងឧស្ម័នឥន្ធនៈ ដែលធ្វើឱ្យគយបាត់បង់ចំណូលប្រមាណ ៥០លានដុល្លារក្នុងមួយខែ។

វិធានការសំខាន់មួយទៀតសម្រាប់ជួយដល់ធុរជន ៖ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ តទៅ រាជរដ្ឋាភិបាលនឹងលុបចោលកម្រៃត្រួតពិនិត្យកុងតឺន័រទំនិញដោយម៉ាស៊ីនស្គែនទាំងស្រុងតែម្ដង ដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីក។

វិធានការទាំងនេះធ្វើឡើងតាមគោលដៅសំខាន់ពីរ កំណត់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺ បង្កើនចំណូលពន្ធអាករ និងកែលម្អបរិយាកាសវិនិយោគឱ្យមានភាពស្មើគ្នា។

ដើម្បីសម្រេចគោលដៅនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានពង្រឹងអភិបាលកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីគយ ដោយបង្កើនតម្លាភាពក្នុងការអនុវត្តសវនកម្ម និងការបង្កើតប្រព័ន្ធ Complaint Hotline តាមអនឡាញដើម្បីទទួលបណ្ដឹងតវ៉ាពីផ្នែកឯកជន។ អាជ្ញាធរមានយន្តការតាមដានការអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ដោយមន្ត្រីដែលប្រព្រឹត្តបទល្មើស ឬធ្វើខុសនឹងច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ នឹងត្រូវរងទណ្ឌកម្មតឹងរ៉ឹងតាមផ្លូវច្បាប់។

ឯកឧត្ដម គុណ ញឹម បានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ និងក្ដៅគគុកនាពេលនេះ ការអនុវត្តវិធានការទាំងនេះនឹងត្រូវធ្វើឡើងដោយភាពប្រាកដនិយមបំផុត ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការប្រមូលចំណូលជូនជាតិ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា