ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សរសើរ A.C.U ក្នុងការស៊ើបអង្កេត បំបែកសំណុំរឿងធំៗជាច្រើនក្នុងខែមេសា ឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សរសើរ A.C.U ក្នុងការស៊ើបអង្កេត បំបែកសំណុំរឿងធំៗជាច្រើនក្នុងខែមេសា ឆ្នាំនេះ

ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សរសើរ A.C.U ក្នុងការស៊ើបអង្កេត បំបែកសំណុំរឿងធំៗជាច្រើនក្នុងខែមេសា ឆ្នាំនេះ

ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ស្មារតីរបស់អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព,A.C.U) ក្នុងការស៊ើបអង្កេត បំបែកសំណុំរឿងធំៗជាច្រើនក្នុងខែមេសា ឆ្នាំ២០២៦នេះ ។

Advertisement

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៩ អាណត្តិទី៤ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៨ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ ឯកឧត្តម កិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន អ.ប.ព. បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៦នេះ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ បានដំណើរការពិនិត្យ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន ៤៣ពាក្យប្ដឹង និងបញ្ជូនសំណុំរឿងចំនួន ២ករណី មានជនសង្ស័យចំនួន ៦រូប ទៅសាលាដំបូងរាជធានីភ្នំពេញ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបន្តថា ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល មន្ដ្រីចំនួន ២០៩រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះ ការប្រកាសតាមរបប ២ឆ្នាំ មានចំនួន ២រូប, មន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៨១រូប, មន្រ្តីចំនួន ៥រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែងដោយឡែកមន្ដ្រីចំនួន ១២១រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលដោយមូលហេតុលាឈប់ ឬចប់អាណត្តិ និងចូលនិវត្តន៍ ។

ឯកឧត្តម ឱម យ៉ិនទៀង ក៏បានលើកឡើងពីការដឹកនាំគណៈប្រតិភូ អ.ប.ព. ចំនួន ៧ រូប ចូលរួមវេទិកាប្រឆាំងអំពើពុករលួយ និងសុចរិតភាពសកលប្រចាំឆ្នាំ របស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (Organization for Economic Cooperation and Development, OECD) ដែលប្រព្រឹត្តឡើងនាទីក្រុងប៉ារីស ប្រទេសបារាំង កាលពីចុងខែមីនា ឆ្នាំ២០២៦ ដើម្បីពិភាក្សា ចែករំលែកការវិវត្ត នូវនិន្នាការថ្មីៗលើការងារលើកកម្ពស់សុចរិតភាព ការប្រឆាំងអំពើពុករលួយ ទាំងក្នុងកម្រិតតំបន់ និងសកល ព្រមទាំងធ្វើការវាយតម្លៃថា “សុចរិតភាពសកល មានភាពកាន់តែស្មុគស្មាញ ប្រឈមកាន់តែច្រើន” អាស្រ័យដោយការវិវត្តន៍នៃ បច្ចេកវិទ្យា AI អង្គការចាត់តាំងនៃក្រុមឧក្រិដ្ឋជន និងអំពើពុករលួយ ស្របនឹងកង្វះខាត នៃយន្តការតាមដានវាយតម្លៃ ធនធាន ឆន្ទៈនយោបាយ និងការអនុវត្តច្បាប់ ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានចាត់ទុកសសរស្តម្ភលើការប្រឆាំងអំពើពុករលួយ និងកសាងសុចរិតភាព មាន ៤ សំខាន់ៗ៖ ១-ទិន្ន័យច្បាស់លាស់, ២-គោលនយោបាយចំៗ, ៣-ស្ថាប័នរឹងមាំ និង ៤-ការអនុវត្តច្បាប់ ព្រមទាំងបានវាយម្លៃពីភាពចាំបាច់ នៃការគោរពអនុលោមភាពនៃធុរកិច្ច ការពង្រឹងភាពជាដៃគូចម្រុះតួអង្គ ការប្រើប្រាស់បច្ចេកវិទ្យា និង AI ដោយការទទួលខុសត្រូវ ៕
អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា