សម្តេចធិបតី៖ កម្ពុជាបានសម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ​ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ  | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី៖ កម្ពុជាបានសម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ​ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ 

សម្តេចធិបតី៖ កម្ពុជាបានសម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ​ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation)  ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ  បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជាថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44)  នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតីនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។

Advertisement

សម្តេចធិបតីបានបន្តថា ជាង25ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជាថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខណ្ឌទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់អោយឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។ 

សម្តេចធិបតីបានបន្តទៀតថា ជាការសោកស្តាយ ដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជាយើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេរភាគីតែមួយគត់ ដែលបង្កើតអោយមានក្របខណ្ឌទ្វេរភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ។ 

ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនុះទេ។ 

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតីក៏ចង់បញ្ជាក់បន្តិចដែរថា  យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងអោយឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតអោយប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ៕

ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា