ឆ្លើយតបនឹងការសម្រេចរបស់គណៈរដ្ឋមន្រ្ដីថៃ, កម្ពុជាបានសម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្លើយតបនឹងការសម្រេចរបស់គណៈរដ្ឋមន្រ្ដីថៃ, កម្ពុជាបានសម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ

ឆ្លើយតបនឹងការសម្រេចរបស់គណៈរដ្ឋមន្រ្ដីថៃ, កម្ពុជាបានសម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ

ភ្នំពេញ៖ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃអង្គារទី៥ ខែឧសភា ឆ្នាំ២០២៦សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងឧឡារឹកថា ថ្ងៃនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយ​ចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តី​ពី​នីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ក្នុងការដោះស្រាយតំបន់​ទាមទារ​ដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ បន្ទាប់ពីភាគីថៃ​បានប្រកាស​ជា​ផ្លូវការសម្រេចដកខ្លួនដោយឯកតោភាគីចេញពី​អនុស្សរណៈ​នៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MoU 2001 (ឬដែលភាគីថៃហៅថា MOU44) ។

Advertisement

សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានបន្តដោយរំលឹកថា ​ជាង២៥ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MoU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខ័ណ្ឌទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរ​ក្នុងការ​ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ឱ្យ​ឃើញ​អំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។

សំណេររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកើតឡើងបន្ទាប់ពីគណៈរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រថៃបានអនុម័តនូវសេក្ដី​សម្រេច​ស្ដីពីការបញ្ចប់នូវអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) ពាក់ព័ន្ធទៅនឹងការទាមទារត្រួតស៊ីគ្នាក្នុង​ដែនសមុទ្ររវាងគ្នាកម្ពុជា-ថៃ។

ក្នុងសេចក្តីថ្លែងការណ៍របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ​នៅរសៀលថ្ងៃទី៥ ខែឧសភាបានបញ្ជាក់ថា ថ្ងៃនេះគណៈរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រថៃ បានអនុម័តនូវសេក្ដីសម្រេចស្ដីពី​ការបញ្ចប់នូវអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) ពាក់ព័ន្ធទៅនឹងការទាមទារត្រួតស៊ីគ្នាក្នុងដែន​សមុទ្រ​រវាងគ្នាកម្ពុជា-ថៃ។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១នេះ គឺជាក្របខ័ណ្ឌតែមួយគត់រវាងប្រទេសទាំងពីរ​ដើម្បី​ដោះស្រាយ​ដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ នៅបញ្ហាទាមទារត្រួតគ្នាក្នុងដែនសមុទ្ររវាងប្រទេសយើងទាំងពីរ ក៏ដូចជាក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងប្រទេសយើងទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសបានបញ្ជាក់បន្ថែមថា “កម្ពុជាចាត់ទុកថា ការបញ្ចប់ ឬក៏ការដកខ្លួនចេញពីអនុស្សរណៈ​ឆ្នាំ២០០១​នេះ គឺជាការដើរចេញពីឆន្ទៈនយោបាយដែលសម្រេចឱ្យប្រទេសយើងទាំងពីរកំណត់នូវក្របខ័ណ្ឌមួយ​ក្នុងការដោះស្រាយ​ដោយ​សន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិនូវបញ្ហាដូចបានជម្រាបជូនខាងលើពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នា និងការដោះ​ស្រាយប​ញ្ហាព្រំដែនសមុទ្រជាមួយគ្នាផង។

លើបណ្ដាញសង្គមដដែលសម្ដេចធិបតីបានបន្តថា ជាការសោកស្តាយ ដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោ​ភាគីចេញពី​អនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជាយើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្រប​ទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការ​យោគយល់​គ្នានេះគឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ដែលបង្កើតឱ្យមានក្របខ័ណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរ​បានពឹងផ្អែក និងប្រើប្រាស់ជាង ២ទសវត្សកន្លងមកនេះ។

សម្ដេចធិបតីបញ្ជាក់ទៀតថា ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយ​ជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិ​សមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញា​មួយនេះនុះទេ។

នៅចុងបញ្ចប់នៃសំណេរ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានគូសរំលេចថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់​រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឱ្យ​ឃើញ​អំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយ​យុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតអោយប្រជាជនយើងរស់នៅជាមួយគ្នា​ដោយ​សន្តិភាព ស្ថេរភាព និងសេចក្តីសុខ៕
ដោយ៖ទួន សុផល , វណ្ណ លុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា