កម្ពុជា-ថៃ អាចជួបពិភាក្សាបញ្ហាព្រំដែននៅហ្វីលីពីន ក្រោមការសម្របសម្រួលពីប្រធានអាស៊ាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ថៃ អាចជួបពិភាក្សាបញ្ហាព្រំដែននៅហ្វីលីពីន ក្រោមការសម្របសម្រួលពីប្រធានអាស៊ាន

កម្ពុជា-ថៃ អាចជួបពិភាក្សាបញ្ហាព្រំដែននៅហ្វីលីពីន ក្រោមការសម្របសម្រួលពីប្រធានអាស៊ាន

​កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងហ្វីលីពីន ដើម្បីស្វែងរកច្រកចេញនៃជម្លោះព្រំដែន ត្រូវបានគេរំពឹងថាអាចនឹងកើតមានឡើងនៅមុនការបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅប្រទេសហ្វីលីពីន។

Advertisement

ជំនួបដ៏មានសារៈសំខាន់នេះ គ្រោងធ្វើឡើងក្រោមការសម្របសម្រួលដោយផ្ទាល់ពីសំណាក់ភាគីហ្វីលីពីន ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ានប្តូរវេន ដើម្បីបន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយរួមរវាងប្រទេសជិតខាងទាំងពីរ។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS នៅព្រឹកថ្ងៃពុធនេះថា ជំនួបរវាងភាគីកម្ពុជា និងថៃ មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយ។ ប៉ុន្តែក្រោមការសម្រួលពីភាគីហ្វីលីពីន ជាម្ចាស់ផ្ទះ ឯកឧត្តមបញ្ជាក់ថា ទំនងជាជំនួបនេះ អាចកើតឡើងនៅមុនកិច្ចប្រជុំកំពូលអាស៊ាន។

ទាក់ទងនឹងបញ្ហានេះ លោក ស៊ីហាសាក់ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ បានលើកឡើងតាមបណ្តាញផ្សព្វផ្សាយថៃកាលពីថ្ងៃទី៤ ខែឧសភា ថា ប្រទេសថៃ កំពុងរង់ចាំការឆ្លើយតបពីកម្ពុជា ចំពោះកិច្ចពិភាក្សាត្រីភាគី ថៃ-កម្ពុជា-ហ្វីលីពីន។

ទោះយ៉ាងណា អ្នកនាំពាក្យស្តីទីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា គិតមកដល់ថ្ងៃពុធនេះ កម្ពុជា មិនទាន់ទទួលបានលិខិតផ្លូវការណាមួយពីភាគីថៃឡើយ។

តបតាមការអញ្ជើញរបស់ប្រធានាធិបតីហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា សម្តេចធិបតី នឹងត្រូវអមដំណើរដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងតំណាងធុរកិច្ចសំខាន់ៗមកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។

កិច្ចប្រជុំកំពូលអាស៊ានក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» នេះ នឹងក្លាយជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ានពិភាក្សាលើបញ្ហាសំខាន់ៗចំនួន រួមមាន ការធានាសន្តិសុខថាមពល និងភាពធន់ក្នុងតំបន់ ស្ថិរភាពសន្តិសុខស្បៀង សុវត្ថិភាពរបស់ពលរដ្ឋអាស៊ាន ព្រមទាំងការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដើម្បីជំរុញសន្តិភាព និងវិបុលភាព។

នៅហ្វីលីពិន សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ានដទៃទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍រួមសម្រាប់ជាតិ និងតំបន់ផងដែរ៕​ ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា