ប្រមុខរដ្ឋស្តីទីប្រកាសគាំទ្រនូវគោលជំហររាជរដ្ឋាភិបាល លើដំណោះស្រាយ ស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នា រវាងកម្ពុជា ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខរដ្ឋស្តីទីប្រកាសគាំទ្រនូវគោលជំហររាជរដ្ឋាភិបាល លើដំណោះស្រាយ ស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នា រវាងកម្ពុជា ថៃ

ប្រមុខរដ្ឋស្តីទីប្រកាសគាំទ្រនូវគោលជំហររាជរដ្ឋាភិបាល លើដំណោះស្រាយ ស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នា រវាងកម្ពុជា ថៃ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងនៅគោលជំហររាជរដ្ឋាភិបាល លើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។ មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ គឺដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីម្សិលមិញ។

Advertisement

តាមរយៈសារលើបណ្ដាញសង្គមហ្វេសប៊យផ្លូវការ នាព្រឹកថ្ងៃទី៦ មេសានេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់ខ្ញុំ ដែលបានធ្វើកិច្ចការនេះតាំងពីអតីតនាយករដ្ឋមន្ត្រី ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU ២០០១ ខ្ញុំពិតជាសោកស្តាយនូវការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផល (គ្មានវឌ្ឍនភាព) ។

សម្ដេចតេជោ បន្តថា ខ្ញុំគួរតែបំភ្លឺថា គ្មានវឌ្ឍនភាពដោយសារអ្វី? ភាគីថៃ ខ្លួនឯងដឹងច្បាស់ជាងនរណាទាំងអស់ តើថៃដូរនាយករដ្ឋមន្ត្រីប៉ុន្មានហើយក្រោយរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឆ្នាំ២០០៦? កម្ពុជាធ្វើដំណើរដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបន្តដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយគ្មានការផ្លាស់ប្តូរយន្តការ និងខ្លឹមសារចរចា។ ក្នុងពេលជាមួយគ្នាថៃ ផ្លាស់ប្តូរនាយករដ្ឋមន្ត្រីប្រមាណ១០នាក់ តើនេះជាហេតុផលមួយនៃការគ្មានវឌ្ឍនភាពទេ?

សម្ដេចតេជោ បញ្ជាក់បន្ថែមថា ទោះបីថៃ មានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីច្រើនរូបក៏ដោយ ក៏ថ្នាក់ដឹកនាំទាំងនោះនៅតែបង្ហាញការបន្តចរចា សូម្បីរដ្ឋាភិបាលឯកឧត្តមនាយករដ្ឋមន្ត្រី អាប់ភីស៊ីត វេចាជីវ៉ា ក៏បានចាត់បញ្ជូនឧបនាយករដ្ឋមន្ត្រី សុថេប ធឿកសុបាន់ និង រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាវីត វង្សសុវណ្ណ មកជួបចរចាជាមួយខ្ញុំនៅផ្ទះតាខ្មៅ នាឆ្នាំ២០១០ ដែលនៅពេលនោះហើយដែលវរជនទាំងពីរបានស្គាល់សម្លកកូរខ្មែរលើកដំបូង ដែលភរិយាខ្ញុំចម្អិនផ្ទាល់ដៃ ជូនភ្ញៀវកិត្តិយសទាំង២រូបសម្រាប់អាហារថ្ងៃត្រង់។

កម្ពុជា ធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូមកុំចោទប្រកាន់ថាកម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និងសូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី៣ ឬអន្តរជាតិចូលរួម និងក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគី។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា កម្ពុជា និងថៃ នឹងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ ។

គួរបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នា (OCA) រវាងកម្ពុជានិងថៃ។ ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីភាគីថៃ បានប្រកាសដកខ្លួនជាឯកតោភាគី ចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) ឬដែលថៃហៅថា MOU 44 តាមរយៈគណៈរដ្ឋមន្ត្រីថៃ បានអនុម័តលុបចោលកិច្ចព្រមព្រៀងដែនសមុទ្រឆ្នាំ២០០១ ជាមួយកម្ពុជា ជាផ្លូវការកាលពីថ្ងៃទី ៥ ឧសភា។ លោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល បានលើកឡើងថា ការសម្រេចចិត្តនេះ ស្ថិតនៅក្រោមនយោបាយ ប្រទេសថៃជាអាទិភាព ដោយបញ្ជាក់ថា ការផ្លាស់ប្តូរនេះនឹងមិនធ្វើឱ្យភាពតានតឹងកើនឡើងនោះទេ ហើយការពិភាក្សាជាមួយកម្ពុជានឹងបន្តធ្វើឡើងនៅក្រោមច្បាប់អន្តរជាតិ ។

ជុំវិញបញ្ហានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស បានគូសបញ្ជាក់ថា បើទោះបីជាភាគីថៃសម្រេចបញ្ចប់ ឬដកខ្លួនចេញពី MOU ២០០១ នេះ ក៏មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជា នៅលើដែនសមុទ្ររបស់ខ្លួននោះទេ។ ហើយការសម្រេចជ្រើសរើសយកយន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការដោះស្រាយគ្រប់វិវាទទាំងអស់ជាមួយប្រទេសជិតខាង ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា