កម្ពុជាប្រកាសប្រើប្រាស់យន្តការច្បាប់សមុទ្រអន្តរជាតិ បន្ទាប់ពីថៃដកខ្លួនចេញពី MOU 2001 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាប្រកាសប្រើប្រាស់យន្តការច្បាប់សមុទ្រអន្តរជាតិ បន្ទាប់ពីថៃដកខ្លួនចេញពី MOU 2001

កម្ពុជាប្រកាសប្រើប្រាស់យន្តការច្បាប់សមុទ្រអន្តរជាតិ បន្ទាប់ពីថៃដកខ្លួនចេញពី MOU 2001

បន្ទាប់ពីថៃសម្រេចចិត្តជាផ្លូវការដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬដែលថៃហៅថា MOU 44 រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរក្នុងការស្វែងរកដំណោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នា ដោយសន្តិវិធី និងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ។

Advertisement

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើផេកផ្លូវការកាលពីថ្ងៃអង្គារថា អស់រយៈពេលជាង ២៥ឆ្នាំមកនេះ MOU 2001 គឺជាក្របខណ្ឌទ្វេភាគីតែមួយគត់ដែលប្រទេសទាំងពីរបានឯកភាពគ្នា ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា ប្រកបដោយស្មារតីសហប្រតិបត្តិការ និងសុច្ឆន្ទៈ។

សម្តេចធិបតី បញ្ជាក់ថា កម្ពុជាសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ភាគីថៃ ដែលបាន បោះបង់ចោលយន្តការដែលបានប្រើប្រាស់ជាង ២ទស្សវត្សរ៍មកនេះ។ កន្លងមកកម្ពុជាតែងតែផ្តល់តម្លៃ និងផ្តល់លទ្ធភាពដល់យន្តការនេះជានិច្ច។

សម្តេចបានសង្កត់ធ្ងន់ថា ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ កម្ពុជាពុំមានជម្រើសអ្វីក្រៅពីការងាកទៅរកច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នោះឡើយ។

ចំណុចដ៏សំខាន់បំផុតនៃជំហររបស់កម្ពុជានាពេលនេះ គឺការត្រៀមប្រើប្រាស់យន្តការ «ការផ្សះផ្សាដោយចាប់បង្ខំ» ឬ Compulsory Conciliation ដែលមានចែងក្រោមអនុសញ្ញា UNCLOS ដើម្បីជួយទៅដល់រដ្ឋភាគី ដោះស្រាយជម្លោះសមុទ្រដោយសន្តិវិធី។

សម្តេចធិបតីមានប្រសាសន៍ថា ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់កម្ពុជា ក្នុងការរកដំណោះស្រាយជាមួយថៃ ដោយយុត្តិធម៌ យូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំង២រស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងសេចក្តីសុខ។

ចំណែកឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់សុខុន ក៏បានគូសបញ្ជាក់ដែរថា បើទោះបីជាភាគីថៃសម្រេចបញ្ចប់ ឬដកខ្លួនចេញពី MOU ២០០១ ក៏ដោយ ក៏វាមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជា នៅលើដែនសមុទ្ររបស់ខ្លួននោះដែរ៕

អ្នកជំនាញសេដ្ឋកិច្ចអាមេរិកលើកទឹកចិត្តប្រជាជនកម្ពុជាបង្កើតកូនឲ្យច្រើន ដើម្បីឈ្នះថៃនៅពេលអនាគត

នៅលើបណ្តាញសង្គម លោក Casey Barnett អតីតប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ហើយបច្ចុប្បន្នជាទីប្រឹក្សាពិសេសផ្នែកគោលនយោបាយសាធារណៈនៃសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានពន្យល់នៅថ្ងៃនេះថា មូលហេតុមួយដែលថៃហ៊ានឈ្លានពានកម្ពុជា គឺដោយសារគម្លាតសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ប៉ុន្តែគម្លាតនេះ កំពុងតែរួមតូចហើយ។ នៅក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចរបស់ប្រទេសថៃមានកំណើនត្រឹមតែ ២,១% ខណៈដែលសេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងតិច ៤,៨%។ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាបានកើនឡើងក្នុងអត្រាជាមធ្យម ៥,៥% ក្នុងមួយឆ្នាំ រីឯ GDP របស់ថៃវិញកើនឡើងត្រឹមតែ ២% ប៉ុណ្ណោះ ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះពន្យល់ថា សេដ្ឋកិច្ចរបស់ប្រទេសគឺពឹងផ្អែកលើកម្លាំងពលកម្ម ចំណែកប្រទេសថៃមានចំនួនប្រជាជនច្រើនជាង។ ប៉ុន្តែគម្លាតចំនួនប្រជាជនកំពុងរួមតូច។ ក្នុងឆ្នាំ២០២៥ ថៃមានអត្រាផ្តល់កំណើត ១,២ ក្នុងស្ត្រីមួយនាក់ ខណៈដែលកម្ពុជាមានអត្រាកំណើតផ្តល់កំណើត ២,៥ ក្នុងស្ត្រីមួយនាក់។ បើអត្រាកំណើត ២,៥ របស់ប្រទេសកម្ពុជានៅតែបន្ត ប្រជាជនកម្ពុជានឹងមានចំនួនច្រើនជាងប្រជាជនថៃក្នុងរយៈពេល ៧៥ ឆ្នាំទៅមុខ។

ទោះជាយ៉ាងណាក៏ដោយ អត្រាកំណើតរបស់កម្ពុជាបានថយចុះពី ៣,៨ ក្នុងឆ្នាំ ២០០០ មកត្រឹម ២,៥ ក្នុងឆ្នាំ ២០២៥។ អង្គការសហប្រជាជាតិបានព្យាករណ៍ថា អត្រាកំណើតរបស់ប្រជាជនកម្ពុជា នឹងថយចុះមកត្រឹម ១,៨ នៅឆ្នាំ ២១០០។ លោក Casey Barnett យល់ថា ប្រសិនបើអត្រាកំណើតរបស់កម្ពុជាបន្តថយចុះដូចការព្យាករណ៍របស់អង្គការសហប្រជាជាតិមែន កម្ពុជានឹងដើរក្រោយប្រទេសថៃជារៀងរហូត។

ដូច្នេះ ដើម្បីសន្តិសុខសេដ្ឋកិច្ច និងរក្សាដែនអធិបតេយ្យភាព អតីតប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា យល់ថា កម្ពុជាត្រូវចាត់វិធានការដើម្បីរក្សាអត្រាកំណើតប្រជាជនរបស់ខ្លួន។ បទពិសោធន៍របស់បណ្តាប្រទេសមួយចំនួននៅអឺរ៉ុបបង្ហាញថា នៅពេលដែលអត្រាកំណើតប្រជាជនធ្លាក់ចុះដល់ ១,៥ នោះការលំបាកក្នុងការស្រោចស្រង់សេដ្ធកិច្ចនឹងកើតមានឡើង។

លោក Casey Barnett បានលើឡើងពីវិធានការសំខាន់ៗ ៦ចំណុច ដើម្បីបង្កើនចំនួនប្រជាជន និងកម្លាំងពលកម្ម
ក្នុងនោះមានការពន្យារពេលឈប់សម្រាកមាតុភាពដល់ពី ៣ខែ ទៅ៦ ខែវិញ ដើម្បីជួយគាំទ្រដល់សុខភាព និងការអភិវឌ្ឍខួរក្បាលទារក, ក៏ដូចជាការផ្តល់បណ្ណថែទាំកុមារ តម្លៃ១០០ ដុល្លារក្នុង១ខែ ពីសំណាក់បេឡាជាតិរបបសន្តិសុខសង្គម ចំពោះទារកចាប់ពីអាយុ ១៣ខែដល់ ៦៩ខែ សម្រាប់ទូទាត់ទៅមណ្ឌលថែទាំកុមារណាមួយ។

ម៉្យាងទៀត លោក Casey Barnett បានសំណូមពរឲ្យ ប.ស.ស ពង្រីកការធានារ៉ាប់រងលើការព្យាបាលនានាសម្រាប់ការបង្កកំណើត ពោលគឺមិនផ្តោតតែលើការសម្រាលកូននោះទេ។ ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ៣ពាន់ ដុល្លារ សម្រាប់គូស្វាមីភរិយា ដែលមានកូនទីបី ឬច្រើនជាងនេះ ក៏ជាវិធានការគួរពិចារណាផងដែរ។

ក្រៅពីនេះ លោកទីប្រឹក្សាពិសេសសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាយល់ឃើញថា កម្ពុជាគួរជៀសវាងការជ្រើសរើសទាហានដោយបង្ខិតបង្ខំ ដើម្បីរក្សាអត្រាកំណើត និងជំរុញកំណើនសេដ្ឋកិច្ច ហើយកម្ពុជាគួរជំរុញការទាក់ទាញប្រជាជនខ្មែរនៅក្រៅប្រទេស និងអ្នកជំនាញបរទេសឱ្យត្រឡប់មកបម្រើការងារនៅកម្ពុជាវិញ។

ដើម្បីអនុវត្តគោលនយោបាយទាំងនេះ លោក Casey Barnett ផ្តល់យោបល់ថា កម្ពុជាអាចបង្កើនពន្ធអចលនទ្រព្យប្រចាំឆ្នាំ និងពង្រីកការប្រមូលពន្ធអចលនទ្រព្យឱ្យគ្របដណ្តប់ទូទាំងប្រទេស៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា