គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា និងបណ្តាអង្គទូតចុះពិនិត្យស្ថានភាពជាក់ស្តែងនៅប្រាសាទព្រះវិហារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា និងបណ្តាអង្គទូតចុះពិនិត្យស្ថានភាពជាក់ស្តែងនៅប្រាសាទព្រះវិហារ

គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា និងបណ្តាអង្គទូតចុះពិនិត្យស្ថានភាពជាក់ស្តែងនៅប្រាសាទព្រះវិហារ

ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា រួមជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ព្រមទាំងតំណាងមកពីស្ថានទូតចិន, ជប៉ុន, ឥណ្ឌូណេស៊ី, វៀតណាម និងឡាវ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅប្រាសាទព្រះវិហារ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ និងទទួលស្ដាប់បទបង្ហាញយ៉ាងលម្អិតពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងអង្គភាពស៊ីម៉ាក់ (CMAC)។

Advertisement

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានៅតែបន្តបើកចំហជានិច្ចសម្រាប់ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងមិត្តភាព តាមរយៈយន្តការពហុភាគី និងយន្តការច្បាប់អន្តរជាតិនានារបស់អង្គការសហប្រជាជាតិ ដើម្បីឆ្ពោះទៅរកសន្តិភាព និងវឌ្ឍនភាពយូរអង្វែងនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។
ផ្អែកតាមរបាយការណ៍បច្ចេកទេស និងបទបង្ហាញដែលបានដាក់ជូនគណៈប្រតិភូ ទំហំនៃការខូចខាតដែលបានកើតឡើងលើរចនាសម្ព័ន្ធប្រាសាទមានសភាពគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ដោយមានចំណុចខូចខាតសរុបរហូតដល់៥៦២កន្លែង នៅលើប្រាសាទបុរាណទាំងមូល ដែលទាមទារឱ្យមានការអន្តរាគមន៍សង្គ្រោះជាបន្ទាន់។

ឆ្លើយតបនឹងស្ថានភាពដ៏ធ្ងន់ធ្ងរនេះ ឯកឧត្តមបណ្ឌិតបានសម្តែងនូវមនោសញ្ចេតនាសោកស្តាយយ៉ាងជ្រាលជ្រៅ និងបានលើកឡើងថា «ប្រាសាទព្រះវិហារមិនរងាទេ ព្រោះមិនមែនជារបស់ប្រទេសណាមួយដាច់មុខឡើយ គឺជាមរតកមនុស្សជាតិសម្រាប់គ្រប់ជាតិសាសន៍មកទស្សនា និងរួមគ្នាការពារ។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា កម្ពុជា ថៃ ព្រមទាំងសហគមន៍អន្តរជាតិ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីជួសជុលប្រាសាទឡើងវិញ និងនាំសន្តិភាព និងវិបុលភាពយូរអង្វែង ពិសេសសម្រាប់បងប្អូនប្រជាជននៅតាមបណ្តោយព្រំដែន។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា បេតិកភណ្ឌពិភពលោកមិនគួរក្លាយជាឧបករណ៍នៃជម្លោះឡើយ ប៉ុន្តែត្រូវជាស្ពានសម្រាប់តភ្ជាប់ និងស្វែងយល់ពីអរិយធម៌រវាងគ្នាទៅវិញទៅមក។ ក្នុងស្មារតីនេះ ឯកឧត្តមបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចូលរួមបង្កើត «មូលនិធិជួសជុលប្រាសាទ» ដើម្បីស្តារឡើងវិញនូវរចនាសម្ព័ន្ធដែលរងការខូចខាតទាំង ៥៦២កន្លែងនោះ និង «មូលនិធិស្តារសេដ្ឋកិច្ចព្រំដែន» ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។ បេសកកម្មដែលមានការចូលរួមពីតំណាងអង្គទូតសំខាន់ៗនាពេលនេះ គឺជាសក្ខីភាពនៃឆន្ទៈរបស់កម្ពុជា ក្នុងការប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព ដែលការពារដោយការយោគយល់គ្នា និងធានាថាប្រាសាទព្រះវិហារនឹងនៅតែជាទ្រព្យសម្បត្តិដ៏រុងរឿងរបស់មនុស្សជាតិជារៀងរហូត៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា