សម្តេចធិបតី៖ កាតព្វកិច្ចយោធា ជាករណីកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី៖ កាតព្វកិច្ចយោធា ជាករណីកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ

សម្តេចធិបតី៖ កាតព្វកិច្ចយោធា ជាករណីកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កាតព្វកិច្ចយោធា ជាករណីកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍ កាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិតនិងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។ នេះបើយោងតាមសេចក្តីថ្លែងហេតុរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អំពីសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានផ្សព្វផ្សាយនៅសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧១នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

Advertisement

សម្តេចធិបតី ហ៊ុន​ ម៉ាណែត អញ្ជើញចូលរួមប្រជុំសភា ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ រដ្ឋសភាបានសម្រេចអនុម័តឯកច្ឆន្ទហើយសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ក្នុងសំឡេងគាំទ្រ ១១៤ លើ ១១៤ សំឡេង។

យោងតាមសេចក្តីថ្លែងហេតុរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អំពីសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាបានឱ្យដឹងថា ជាច្រើនទសវត្សរ៍កន្លងមក កងយោធពលខេមរភូមិន្ទបានឆ្លងកាត់តាមដំណាក់កាលជាច្រើននៅគ្រប់កាលៈទេសៈនៃប្រវត្តិសាស្ត្រជាតិ។ កងយោធពលខេមរភូមិន្ទតែងតែប្រកាន់ខ្ជាប់នូវឧត្តមគតិ ឆន្ទៈ និង ការទទួលខុសត្រូវពោរពេញដោយពលិកម្មគ្រប់រូបភាពក្នុងបុព្វហេតុការពារ និងកសាងជាតិ។ កងយោធពលខេមរភូមិន្ទបានចូលរួមយ៉ាងសកម្មអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺសន្តិភាពជូនដល់ប្រជាពលរដ្ឋខ្មែរ និងសុខសុវត្ថិភាព លើទឹកដីមាតុភូមិកម្ពុជាទាំងមូល ព្រមទាំងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលធ្វើឱ្យកិត្យានុភាពរបស់កងយោធពលខេមរភូមិន្ទ ត្រូវបានអន្តរជាតិទទួលស្គាល់។

សន្តិភាពបានផ្តល់នូវឱកាសដើម្បីការអភិវឌ្ឍជាតិ ការកសាងសង្គម និងគ្រួសាររីកចម្រើនសម្រាប់ ប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រប់ជំនាន់និងតទៅមុខ ហើយសន្តិភាពនៅគង់វង្សបានយូរអង្វែងទៅមុខក៏ដោយសារ ពលិកម្មដ៏ធំធេងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបចូលរួមចំពោះកិច្ចការពារជាតិ ខឿនការពារជាតិ និងការពារ បូរណភាពទឹកដីមាតុភូមិរបស់ខ្លួន។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តនិរន្តរភាពគោលការណ៍គ្រឹះដ៏រឹងមាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ កងយោធពលខេមរភូមិន្ទបាននិងកំពុងអនុវត្ត ភារកិច្ចការពារជាតិ ចូលរួមក្នុងការអភិវឌ្ឍសង្គម និងជួយសង្គ្រោះគ្រប់រូបភាព និងអនុវត្តរាល់បទបញ្ជា របស់រាជរដ្ឋាភិបាល ទាន់ពេលវេលានិងមានប្រសិទ្ធភាព។

កាតព្វកិច្ចយោធា ជាករណីយកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋនៃ ព្រះរាជាណាចក្រកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិនិងការអភិវឌ្ឍ កាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិតនិងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។

អនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា កន្លងមកព្រះរាជាណាចក្រកម្ពុជាមានច្បាប់ ស្តីពី កាតព្វកិច្ចយោធាដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០៦/០៣០ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។ ប៉ុន្តែច្បាប់ស្តីពីកាតព្វកិច្ច យោធាឆ្នាំ២០០៦នេះ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ននិងអនាគត ដែលតម្រូវឱ្យមាន ការរៀនធំច្បាប់នេះជាថ្មី។

សេចក្តីថ្លែងហេតុបានបញ្ជាក់ថា ការរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពីកាតព្វកិច្ចយោធា មានគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពី៖
-ភាពជាក់លាក់នូវនយោបាយការពារជាតិ ខឿនការពារជាតិ សក្តានុពលការពារជាតិ ការកសាង និង រៀបចំទិសដៅយុទ្ធសាស្រ្តការពារជាតិ កសាងកម្លាំងការពារជាតិ និងការគ្រប់គ្រងដឹកនាំ បញ្ជា កងកម្លាំងប្រដាប់អាវុធជាតិក្នុងកាលៈទេសៈដែលប្រទេសជាតិប្រឈមនឹងការឈ្លានពានគ្រាអាសន្ន និងរួមចំណែកគាំទ្រដល់កិច្ចការពារស៊ីវិល និងគ្រោះធម្មជាតិផ្សេងៗ និងការចូលរួមក្នុងការជួយសង្គ្រោះនូវរាល់យថាហេតុ
-វិធាននិងវិសាលភាពនៃការអនុវត្តកាតព្វកិច្ចយោធាចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ចំពោះស្ត្រី ការបំពេញកាតព្វកិច្ចយោធាត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត ហើយចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានសញ្ជាតិច្រើន ហើយរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបំពេញកាតព្វកិច្ចយោធា ក្នុងព្រះរាជាណាចក្រកម្ពុជា
-ការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលដែលមានក្រសួងការពារជាតិជាសេនាធិការ លើការសង្គ្រោះ ការព្យាបាល និងការថែទាំ ក្នុងករណីយោធិនមានជំងឺ ឬរងរបួស ឬគ្រោះថ្នាក់ផ្សេងៗ។ ទន្ទឹមនឹងនេះ ក្នុងរយៈពេលបំពេញកាតព្វកិច្ចយោធា យោធិនត្រូវទទួលបានប្រាក់ឧបត្ថម្ភនិងគោលរបបផ្សេងៗ
-ការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ស្ថាប័នរដ្ឋ សហគ្រាសសាធារណៈឬឯកជន គ្រឹះស្ថាន សាធារណៈឬឯកជន និងប្រជាពលរដ្ឋខ្មែរ អំពីកាតព្វកិច្ចចូលរួមចំណែកការពារជាតិ និងអត្ថប្រយោជន៍ បន្ទាប់ពីបានបញ្ចប់កាតព្វកិច្ចយោធាត្រូវទទួលបានប្រាក់លើកទឹកចិត្ត មានសិទ្ធិបន្តការសិក្សាតាម គ្រឹះស្ថានសិក្សាដើមវិញ មានអាទិភាពទទួលបានការអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ មានអាទិភាពទទួលបានឱកាសការងារនៅបរទេស និងមានអាទិភាព ក្នុងការប្រឡងប្រជែងឬ ជ្រើសរើសចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈឬឯកជន និងគ្រឹះស្ថានសាធារណៈ ឬឯកជននានា។

ការកំណត់បទប្បញ្ញត្តិផ្សេងៗនៅក្នុងសេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដើម្បីបំពេញសេចក្តីត្រូវការ កម្លាំងជាយោធិននៅពេលមានតម្រូវការចាំបាច់ ក្រសួងការពារជាតិអាចជ្រើសរើសមួយផ្នែកនៃកម្លាំងដែល ជាយោធិនកាតព្វកិច្ចចូលបម្រើជាយោធិនអាជីពក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទតាមគោលការណ៍ ស្ម័គ្រចិត្ត។
រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងការពារជាតិដឹកនាំរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានឆ្លងកិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនលើកច្រើនសា ទាំងកម្រិតបច្ចេកទេស និងនយោបាយ ហើយទទួលបានការសម្រេចឯកភាពយល់ព្រមពីគណៈរដ្ឋមន្ត្រីក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅរដ្ឋសភាសុំការពិនិត្យនិងអនុម័ត ដែលរួមមាន ៨ជំពូក និង២០មាត្រា ដូចខាងក្រោម៖

  • ជំពូកទី១ មាន២មាត្រា (ពីមាត្រា១ ដល់មាត្រា២) ជំពូកនេះ ចែងអំពីបទប្បញ្ញត្តិទូទៅ
  • ជំពូកទី២ មាន៣មាត្រា (ពីមាត្រា៣ ដល់មាត្រា៥)
    ជំពូកនេះ ចែងអំពីរយៈពេលនៃការចូលបំពេញកាតព្វកិច្ចយោធានិងលក្ខន្តិកៈដោយឡែកនៃយោធិនបម្រុង
    -ជំពូកទី៣ មាន៣មាត្រា (ពីមាត្រា៦ ដល់មាត្រា៨)
    ជំពូកនេះ ចែងអំពីការចុះបញ្ជី ការអញ្ជើញ ការពន្យារពេល និងការអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធា
  • ជំពូកទី៤ មាន៣មាត្រា (ពីមាត្រា៩ ដល់មាត្រា១១)
    ជំពូកនេះ ចែងអំពីកាតព្វកិច្ចនិងអត្ថប្រយោជន៍នៃការបំពេញកាតព្វកិច្ចយោធា
  • ជំពូកទី៥ មាន១មាត្រា (មាត្រា១២) ជំពូកនេះ ចែងអំពីសមត្ថកិច្ចតុលាការ
  • ជំពូកទី៦ មាន៥មាត្រា (ពីមាត្រា១៣ ដល់មាត្រា១៧)
    ជំពូកនេះ ចែងអំពីទោសប្បញ្ញត្តិ
  • ជំពូកទី៧ មាន១មាត្រា (មាត្រា១៨) ជំពូកនេះ ចែងអំពីអន្តរប្បញ្ញត្តិ
  • ជំពូកទី៨ មាន២មាត្រា (ពីមាត្រា១៩ ដល់មាត្រា២០) ជំពូកនេះ ចែងអំពីអវសានប្បញ្ញត្តិ៕
    ដោយ៖ពលជ័យ
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា