ច្រកចេញចូលតែមួយរាជធានី-ខេត្តប្រមូលចំណូលបានជាង១២លានដុល្លារក្នុងរយៈពេល ៤ខែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ច្រកចេញចូលតែមួយរាជធានី-ខេត្តប្រមូលចំណូលបានជាង១២លានដុល្លារក្នុងរយៈពេល ៤ខែ

ច្រកចេញចូលតែមួយរាជធានី-ខេត្តប្រមូលចំណូលបានជាង១២លានដុល្លារក្នុងរយៈពេល ៤ខែ


ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៦នេះ ​អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន ២៧ម៉ឺនសេវា ដោយរកចំណូលបានជាង ១២លានដុល្លារអាមេរិក។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ​ក្នុងចំណោមវិស័យទាំង ១៤ ដែលបានផ្តល់សេវា វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឈរនៅលំដាប់ថ្នាក់លេខ១ ជាមួយនឹងការផ្តល់សេវាចំនួនជាង ៨ម៉ឺនសេវា។ បន្ទាប់មកគឺវិស័យសាធារណការ និងដឹកជញ្ជូន ដែលមានចំនួនជាង ៨ម៉ឺន៧ពាន់សេវា ខណៈវិស័យពាណិជ្ជកម្មមានការស្នើសុំតិចជាងគេបំផុត ពោលគឺទទួលបានតែ ២សេវានៅក្នុងរយៈពេលនេះ។
 
ទន្ទឹមនឹងការផ្តល់សេវាដោយផ្ទាល់ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ក៏បានជំរុញការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅតាមបណ្តាខេត្តគោលដៅចំនួន ១២ លើវិស័យសំខាន់ៗរួមមាន ទេសចរណ៍ វប្បធម៌ ឧស្សាហកម្ម និងកសិកម្ម ដែលសម្រេចបានចំណូលសរុបចំនួន ៥៤លានរៀលបន្ថែមទៀត។
 
ការសម្រេចបានសមិទ្ធផលនេះ គឺជាលទ្ធផលនៃការយកចិត្តទុកដាក់របស់ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកាលពីពេលថ្មីៗនេះ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅគ្រប់រដ្ឋបាលរាជធានី-ខេត្ត។ ការធ្វើទំនើបកម្មនេះ មិនត្រឹមតែអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចស្នើសុំសេវាតាមរយៈប្រព័ន្ធឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទូទាត់ប្រាក់តាមរយៈកម្មវិធីធនាគារ បានយ៉ាងងាយស្រួលផងដែរ។
 
ឯកឧត្តម ស សុខា បានចាត់ទុកការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញនេះ ជាសមិទ្ធផលយុទ្ធសាស្ត្រថ្មីមួយស្របតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ក្នុងដំណើរការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។ សកម្មភាពនេះក៏ដើរស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងគោលដៅឈានទៅសម្រេចបាននូវរដ្ឋាភិបាលឌីជីថលពេញលក្ខណៈ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។
 
ភាពជោគជ័យនៃយន្តការច្រកចេញចូលតែមួយរបស់កម្ពុជា ក៏បានក្លាយជាគំរូដ៏ទាក់ទាញនៅក្នុងតំបន់ផងដែរ។ ជាក់ស្តែង ប្រទេសទីម័រឡេស្តេ កំពុងធ្វើការសិក្សា និងដកស្រង់បទពិសោធន៍ជាក់ស្តែងពីក្រសួងមហាផ្ទៃកម្ពុជា ដើម្បីយកទៅអនុវត្តក្នុងប្រទេសរបស់ខ្លួនឱ្យមានប្រសិទ្ធភាព សំដៅលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋដូចកម្ពុជាដែរ៕ទួន សុផល

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា