សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាស្តីពី ការគាំទ្រផលិតផលជាតិ និង ត្រៀមខ្លួនដាក់លក់ផលិតផលខ្មែរលើទីផ្សារ ប្រធានបទ៖ ការវេចខ្ចប់ និងការកសាងម៉ាកយីហោ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាស្តីពី ការគាំទ្រផលិតផលជាតិ និង ត្រៀមខ្លួនដាក់លក់ផលិតផលខ្មែរលើទីផ្សារ ប្រធានបទ៖ ការវេចខ្ចប់ និងការកសាងម៉ាកយីហោ

សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាស្តីពី ការគាំទ្រផលិតផលជាតិ និង ត្រៀមខ្លួនដាក់លក់ផលិតផលខ្មែរលើទីផ្សារ ប្រធានបទ៖ ការវេចខ្ចប់ និងការកសាងម៉ាកយីហោ

ភ្នំពេញ ៖ ស្ថាប័នជីអេស១កម្ពុជា គាំទ្រដោយសភាពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី ១៣ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំសិក្ខាសាលាស្តីពី ការគាំទ្រផលិតផលជាតិ និង ត្រៀមខ្លួនដាក់លក់ផលិតផលខ្មែរលើទីផ្សារ ក្រោមប្រធានបទ៖ ការវេចខ្ចប់ និងការកសាង ម៉ាកយីហោ ក្នុងគោលដៅជួយគាំទ្រដល់អ្នកផលិតក្នុងស្រុក ដើម្បីធ្វើការកែលម្អ ម៉ាកផលិតផល អនុលោមភាពតាមបទបញ្ញត្តិ និងការវេចខ្ចប់ប្រកប ដោយចីរភាព។

សិក្ខាសាលានេះ ផ្តោតសំខាន់លើគោលដៅគាំទ្រការពង្រីកវិសាលភាព សហគ្រិនភាពកម្ពុជា តាមរយៈការយល់ដឹងអំពីការកសាងម៉ាកយីហោ នវានុវត្តន៍ក្នុងការវេចខ្ចប់ ការអនុលោមតាម ស្តង់ដារស្លាកសញ្ញាសម្រាប់ផ្សារទំនើប និងឱកាសហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍអាជីវកម្ម ក្នុងស្រុកឱ្យកាន់តែប្រសើរលើម៉ាកយីហោ ការវេចខ្ចប់ និងការបំពេញលក្ខខណ្ឌតម្រូវរបស់ ទីផ្សារស្តង់ដារ តាមរយៈបទពិសោធន៍ ចក្ខុវិស័យ និងទស្សនៈទានរបស់វាគ្មិនជាអ្នកជំនាញ លើវិស័យពាក់ព័ន្ធ ។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងស្ថាប័នបារកូដ តំណាងមកពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
សមាគមពាក់ព័ន្ធ ដៃគូធនាគារ ដៃគូផ្សារលក់រាយ ផ្សារទំនើប អាជីវករ ផលិតករ និងពាណិជ្ជករប្រមាណជាង ១៥០នាក់។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងឱ្យដឹងថា សិក្ខាសាលានេះ មានសារៈសំខាន់ណាស់សម្រាប់ពាណិជ្ជករ ម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ក្នុងការរៀបចំខ្លួនឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាពិសេសទទួលបាន បទពិសោធន៍ពិតជាក់ស្តែងតាមរយ:បទបង្ហាញអំពីការវេចខ្ចប់ និងការកសាងម៉ាកយីហោ ក្នុងការជំរុញផលិតផលចូលផ្សារទំនើប ឬម៉ាតនានា។

Advertisement

ឯកឧត្តម ឧកញ៉ា ជំរុញឲ្យមានការលើកកម្ពស់ការកសាងម៉ាកយីហោ និងគុណភាព គឺជាកត្តាចម្បងបំផុត បូកផ្សំ និងការវេចខ្ចប់អនុលោមតាមស្តង់ដារ ក៏ដូចជា លក្ខខណ្ឌតម្រូវរបស់ផ្សារទំនើប ឬអ្នកបញ្ជាទិញពីក្រៅប្រទេស។ លើសពីនេះ ធុរជន ពាណិជ្ជករ និងអ្នកផលិតទាំងអស់ ត្រូវគិតទៅលើរូបរាង សំបកវេចខ្ចប់ និងស្តង់ដារផលិតផលមានសារៈសំខាន់ណាស់សម្រាប់អតិថិជន។

ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ធុរជន អាជីវករ ផលិតករ និងពាណិជ្ជករ ព្រមទាំងសមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាស្ថាប័នជីអេស១កម្ពុជា និងអ្នកចូលរួមទាំងអស់ ត្រូវតែពង្រឹង និងពង្រីកសមត្ថភាពផ្ទៃក្នុងរបស់ខ្លួន ចេះរៀបចំផែនការហិរញ្ញវត្ថុ និងទីផ្សារ ពង្រឹងលើស្តង់ដារគុណភាព និងអនុលោមភាពនានា ដើម្បីអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់តែមានគុណភាពខ្ពស់ និងសម្បូរបែប កាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ។

ក្នុងឱកាសនេះដែរ លោក ង្វៀន អាញ់ខាញ់ អគ្គនាយកប្រតិបត្តិ នៃធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា យើងជឿជាក់យ៉ាងមុតមាំលើសក្តានុពលរបស់ SMEs កម្ពុជា។ យើងយល់ច្បាស់ថា ដើម្បីលើកកម្ពស់ផលិតផលខ្មែរ ម្ចាស់អាជីវកម្មមិនត្រឹមតែត្រូវមានផលិតផលល្អនោះទេ ប៉ុន្តែក៏ត្រូវការដើមទុន ដើម្បីវិនិយោគលើការច្នៃប្រឌិត ការវេចខ្ចប់ និងការរចនាស្លាកសញ្ញាឱ្យមានភាពទាក់ទាញ និងស្របតាមស្តង់ដារ ដើម្បីមានឱកាសឈានចូលទីផ្សារទំនើបក្នុងស្រុក។

លើសពីនេះ យើងក៏យល់ច្បាស់ពីមហិច្ឆតារបស់អតិថិជន ក្នុងការការពង្រីកអាជីវកម្មពួកគាត់ឱ្យហួសពីព្រំដែនកម្ពុជាផងដែរ។ ហេតុនេះហើយ ទើបយើងផ្តល់ជូននូវដំណោះស្រាយសេវាធនាគារឆ្លងដែនដ៏រឹងមាំ និងគួរឱ្យទុកចិត្តបំផុត។ មិនថាតម្រូវការនាំចូលវត្ថុធាតុដើម ដើម្បីបង្កើនផលិតកម្ម ឬកំពុងនាំចេញផលិតផលពីកម្ពុជាទៅក្រៅប្រទេសនោះទេ យើងមានសេវាហិរញ្ញប្បទានពាណិជ្ជកម្មអន្តរជាតិ និងសេវាទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព ដែលធានាថាប្រតិបត្តិការអាជីវកម្មរបស់អតិថិជនដំណើរការទៅដោយរលូន និងគ្មានឧបសគ្គ។

លោកអគ្គនាយកប្រតិបត្តិបន្ថែមថា ដើម្បីគាំទ្រដល់វឌ្ឍនភាពរបស់អតិថិជន ធនាគារ អ៊ឹមប៊ី (ខេមបូឌា) បានរៀបចំឥណទានអាជីវកម្មដែលមានរយៈពេលវែង ភាពបត់បែនខ្ពស់ និងអត្រាការប្រាក់សមរម្យ រួមជាមួយនឹងមធ្យោបាយហិរញ្ញប្បទានពាណិជ្ជកម្មដែលស្របទៅតាមតម្រូវការជាក់ស្តែង។ ក្រុមការងារយើងត្រៀមខ្លួនជាស្រេច ដើម្បីក្លាយជាដៃគូរយៈពេលវែងរបស់សហគ្រិនកម្ពុជា ទាំងក្នុងប្រតិបត្តិការអាជីវកម្មក្នុងស្រុក និងអន្តរជាតិ។

សូមបញ្ជាក់ថា សិក្ខាសាលានេះ មិនត្រឹមតែជាវេទិការចែករំលែកចំណេះដឹងវិធីសាស្ត្រ និងអនុសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាឱកាសផ្គូរផ្គងអាជីវកម្ម ជំរុញផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាត ដើម្បីលើកកម្ពស់ការប្រកួតប្រជែង ការបង្កើតបរិយាកាសធុរកិច្ចក្នុងស្រុកឱ្យសម្បូរបែប ក្នុងការរួមចំណែកបង្កើតមុខទំនិញ សេវាកម្ម ការងារ និង ផលិតភាព ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារឱ្យកាន់តែទូលំទូលាយ ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា