មេដឹកនាំ ២៦ ប្រទេស គាំទ្របើកច្រកសមុទ្រ Hormuz ឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំ ២៦ ប្រទេស គាំទ្របើកច្រកសមុទ្រ Hormuz ឡើងវិញ

មេដឹកនាំ ២៦ ប្រទេស គាំទ្របើកច្រកសមុទ្រ Hormuz ឡើងវិញ

បរទេស ៖ ក្រុមមេដឹកនាំមកពី ២៦ ប្រទេសជុំវិញពិភពលោក ក្នុងថ្ងៃ សុក្រ នេះ បានប្រកាសរួមគ្នាជំរុញធ្វើឲ្យស្ថានភាពនៅច្រកសមុទ្រ Hormuz វិលទៅរកភាពប្រក្រតីឡើងវិញ និងត្រៀមផែនការដាក់ពង្រាយកម្លាំងបោសសម្អាតគ្រាប់មីន ក្នុងទម្រង់ជាប្រតិបត្តិការយោធាចម្រុះជាតិសាសន៍ ។
 
ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។
 
ការបិទខ្ទប់នេះ បណ្ដាលកប៉ាល់ដឹកប្រេងរាប់ពាន់គ្រឿងនៅកកស្ទះពាសពេញឈូងសមុទ្រពែរ្ស និងធ្វើឲ្យទីផ្សារប្រេងសកលឡើងថ្លៃយ៉ាងគំហុក រហូតឈានដល់ជិត ១២៥ ដុល្លារក្នុងមួយធុងបារ៉ែល ។
 
បើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលអង់គ្លេស និងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសធំៗ រួមទាំង CNN ផងនោះ មេដឹកនាំចំនួន ២៦ ប្រទេស រួមមានកូរ៉េខាងត្បូង អង់គ្លេស បារាំង អាល្លឺម៉ង់ និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី១៤ ខែឧសភា ដោយបញ្ជាក់ថា ពួកគេនឹងរួមគ្នាកៀរគរសមត្ថភាពការទូត សេដ្ឋកិច្ច និងយោធា ដើម្បីគាំទ្រដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ។
 
ផ្អែកតាមសេចក្តីថ្លែងការណ៍រួមនោះ បណ្តាប្រទេសទាំង ២៦ ក៏បានសង្កត់ធ្ងន់ថា សេរីភាពនៃការដឹកជញ្ជូនទំនិញតាមកប៉ាល់ពាណិជ្ជកម្ម គឺជាសិទ្ធិស្នូលដែលត្រូវបានធានា ដោយអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ និងច្បាប់អន្តរជាតិ ។
 
បន្ថែមលើនេះ ក្រុមមេដឹកនាំក៏បានព្រមព្រៀងគ្នាផ្តល់ការគាំទ្រដល់បេសកកម្មយោធាចម្រុះជាតិសាសន៍ ក្នុងទម្រង់ការពារសុទ្ធសាធ ដើម្បីការពារកប៉ាល់ស៊ីវិល រួមទាំងការបោសសម្អាតគ្រាប់មីននៅចក្រសមុទ្រ Hormuz ។
 
បើតាម Chosun Biz, សហរដ្ឋអាមេរិក និងមហាយក្សចិន ក៏កំពុងគាំទ្រយ៉ាងខ្លាំងដល់ការបើកច្រកសមុទ្រដ៏សំខាន់មួយនេះផងដែរ ខណៈដែលអ្នកជំនាញបានអះអាងថា ការបិទផ្លូវសមុទ្រនេះ គឺជារឿងខុសច្បាប់ ហើយបានសង្កត់ធ្ងន់លើតម្រូវការឱ្យមានការសម្របសម្រួលពីសហគមន៍អន្តរជាតិ ។
 
បើតាមការលើកឡើងរបស់លោកប្រធានាធិបតី Donald Trump, ប្រមុខរដ្ឋចិន លោក Xi Jinping ចង់ឱ្យច្រកសមុទ្រ Hormuz បើកឡើងវិញ ហើយថា លោក Xi ក៏បង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយជ្រោមជ្រែងឈានទៅរកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ៕
 
ប្រភព ៖ Chosun Biz ប្រែសម្រួល ៖ ឈឹម ទីណា
 

Advertisement

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា