សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជន មិនមែនជាបក្សកាន់អំណាចបែបឆក់កណ្តៀតនោះទេ ប៉ុន្តែជាបក្សកាន់អំណាចរយៈពេលវែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជន មិនមែនជាបក្សកាន់អំណាចបែបឆក់កណ្តៀតនោះទេ ប៉ុន្តែជាបក្សកាន់អំណាចរយៈពេលវែង

សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជន មិនមែនជាបក្សកាន់អំណាចបែបឆក់កណ្តៀតនោះទេ ប៉ុន្តែជាបក្សកាន់អំណាចរយៈពេលវែង

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជន មិនមែនជាបក្សកាន់អំណាចបែបឆក់កណ្តៀតនោះទេ ប៉ុន្តែជាបក្សកាន់អំណាចរយៈពេលវែង។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តព្រៃវែង ចំនួន១,៣១១នាក់ ដែលពិធីនេះបានធ្វើឡើងនៅសាលប្រជុំអគារ៦មករា នៃមន្ទីរគណបក្សខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។

Advertisement

ទាក់ទងនឹងពិធីសំណេះសំណាល ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា ដំណើរឆ្ពោះទៅកាន់មូលដ្ឋានរបស់សម្ដេចតេជោបានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ហើយរហូតមកដល់ពេលនេះ ជាលើកទី៧ហើយដែលសម្តេចតេជោបាន​អញ្ជើញជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតតាមបណ្ដាខេត្តនានា រួមមានខេត្តកំពង់ចាម, ត្បូងឃ្មុំ, កំពង់ស្ពឺ, តាកែវ, កំពត,កែប,ស្វាយរៀង និងព្រៃវែងនេះ។ គោលដៅនៃការចុះជួបសំណេះសំណាលនេះគឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តព្រៃវែងសាជាថ្មី។ សម្ដេចតេជោបានមានប្រសាសន៍អបអរសាទរចំពោះសមិទ្ធផលអគារមន្ទីរបក្សក្នុងខេត្តព្រៃវែងនៅថ្ងៃនេះ។ អគារមន្ទីរបក្សនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់គណបក្សប្រជាជនកម្ពុជា ហើយតាមរយៈសមិទ្ធផលអគារគណបក្សនៅខេត្តព្រៃវែង និងកន្លែងដទៃទៀត ក៏ដូចជានឹកដល់អគារវិមាន៧មករា នៅភ្នំពេញ បានចង្អុលបង្ហាញយ៉ាងច្បាស់ពីការកាន់អំណាចរយៈពេលវែងរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចថ្លែងទៀតថា គណបក្សប្រជាជន មិនមែនជាបក្សកាន់អំណាចបែបឆក់កណ្តៀតនោះទេ ប៉ុន្តែជាបក្សកាន់អំណាចរយៈពេលវែង។ សម្តេចតេជោបានមានប្រសាសន៍ថា ខេត្តព្រៃវែងពីមុនមិននឹកស្រមៃថាមានសាកលវិទ្យាល័យសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្សនោះទេ ប៉ុន្តែបច្ចុប្បន្ននេះព្រៃវែងមានសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលសិស្សនិស្សិតឲ្យទទួលបាននូវចំណេះដឹងជាបន្តបន្ទាប់។

សម្ដេចតេជោ បានមានប្រសាសន៍ រឿងមន្ត្រីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងប្រឌិត តែរឿងពិតគឺមន្ត្រីផ្លែទុរេន ដែលវាកើតឡើងពិតនៅកម្ពុជា។ សម្ដេចបានប្ដូរឈ្មោះហៅ ពីមន្ត្រីគ្រាប់ល្ពៅ ទៅជាមន្ត្រីផ្លែទុរេន ហើយសម្ដេចបន្តថា សម្តេចនឹងនៅតាមមើលរឿងមន្ត្រីផ្លែទុរេននេះឱ្យដល់ទីបញ្ចប់។ សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿន និងរហ័ស។ សម្តេចក៏បានជំរុញឱ្យពន្លឿនការផ្តល់សេវាលើការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យជាពលរដ្ឋឱ្យកាន់តែលឿនថែមទៀត ដើម្បីបញ្ចៀសភាពថ្នាំងថ្នាក់នៅមូលដ្ឋាន។ សម្តេចតេជោបានបន្តរំឭកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន។ សម្តេចបន្តថា ក្នុងនាមជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូបដែរនោះ សម្តេចបានយល់ច្បាស់ពីការលំបាកទាំងឡាយរបស់យុទ្ធជនក្នុងកិច្ចការពារជាតិ និងទឹកដី។ សម្តេចបានសង្កត់ធ្ងន់ថា យុទ្ធជនបានយកទ្រូងរបស់ពួកគេទៅការពារ​ជាតិ ការពារទឹកដី និងប្រជាជន តើហេតុអ្វីមន្ត្រីមិនអាចចែករំលែកក្តីស្រលាញ់ទៅដល់​ពួក​គេ។

សម្តេចតេជោក៏បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ។
សម្ដេចតេជោក៏បានមានប្រសាសន៍គាំទ្រដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ រួមទាំងទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬរត់គេចពន្ធជាដើម។ ទន្ទឹមនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។ សម្តេចក៏បានណែនាំឱ្យខិតខំ គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាពិសេសខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ត្រូវចេះសន្សំសំចៃលើការចំណាយដែលមិនចាំបាច់នានា។

សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។ សម្ដេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។ សម្តេចតេជោក៏បានរំលឹកឱ្យអាជ្ញាធរខេត្តព្រៃវែងត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមព្រំដែនជាមួយប្រទេសវៀតណាម ក្នុងការជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងប្រជាជន និងប្រជាជន។ ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តព្រៃវែងទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា