ក្រសួងឧស្សាហកម្មណែនាំវិធានការសុវត្ថិភាពនៃការប្រើប្រាស់យានយន្តអគ្គិសនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងឧស្សាហកម្មណែនាំវិធានការសុវត្ថិភាពនៃការប្រើប្រាស់យានយន្តអគ្គិសនី

ក្រសួងឧស្សាហកម្មណែនាំវិធានការសុវត្ថិភាពនៃការប្រើប្រាស់យានយន្តអគ្គិសនី

​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២០ឧសភានេះ បានចេញសេចក្តីណែនាំ​ស្តីពីវិធានការបង្កើនការយល់ដឹងអំពីសុវត្ថិភាពបឋមនៃការប្រើប្រាស់យានយន្តអគ្គិសនី ដោយអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសផលិត នាំចូល និងចរាចរលក់យានយន្តអគ្គិសនីគ្រប់ប្រភេទ ឱ្យចូលរួមអនុវត្តវិធានការសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

Advertisement

ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្នអ្នកប្រើប្រាស់យានយន្តអគ្គិសនីមួយចំនួននៅមានការយល់ដឹងតិចតួចអំពីស្តង់ដារសុវត្ថិភាពក្នុងការប្រើប្រាស់ ដែលអាចបង្កហានិភ័យដល់អ្នកបើកបរ អ្នករួមដំណើរ អ្នកប្រើប្រាស់ផ្លូវសាធារណៈ ព្រមទាំងអាចប៉ះពាល់ដល់ទ្រព្យសម្បត្តិ បរិស្ថាន និងសង្គមផងដែរ។

ដើម្បីទប់ស្កាត់ និងបង្ការហានិភ័យដែលអាចកើតមានជាយថាហេតុ ក្រសួងបានណែនាំឱ្យក្រុមហ៊ុន និងសហគ្រាសពាក់ព័ន្ធអនុវត្តវិធានការសំខាន់ៗមួយចំនួន។ ក្នុងនោះ ក្រុមហ៊ុនត្រូវរៀបចំគោលការណ៍ណែនាំអំពីសុវត្ថិភាពបឋមជាភាសាខ្មែរ ដោយភ្ជាប់រូបភាពពន្យល់ច្បាស់លាស់នៃការប្រើប្រាស់យានយន្តអគ្គិសនីគ្រប់ប្រភេទ មុននឹងដាក់ចរាចរលក់លើទីផ្សារ។ ការណែនាំនេះត្រូវផ្តោតលើស្ថានភាពហានិភ័យនានា ដូចជា ករណីប្រព័ន្ធយានយន្តគាំងមិនអាចបើកទ្វារ ឬបង្អួចបាន ការឆេះឬផ្ទុះអាគុយពេលមានការប៉ះទង្គិច ការឡើងកំដៅអាគុយអំឡុងពេលសាកភ្លើង និងការប្រើប្រាស់ដុំសាកភ្លើងក្នុងលក្ខខណ្ឌមិនមានសុវត្ថិភាពជាដើម។

ជាមួយគ្នានេះ ក្រសួងក៏បានជំរុញឱ្យមានការផលិតវីដេអូខ្លីៗ ដើម្បីផ្សព្វផ្សាយអំពីវិធានសុវត្ថិភាព និងបង្រៀនដល់អ្នកប្រើប្រាស់ឱ្យយល់ដឹងពីហានិភ័យដែលអាចកើតមាន មុនពេលប្រគល់យានយន្តជូនអតិថិជន។

បន្ថែមពីនេះ យានយន្តអគ្គិសនីគ្រប់ប្រភេទ ត្រូវចុះបញ្ជីបញ្ជាក់ពីសុវត្ថិភាពឱ្យស្របតាមស្តង់ដារកម្ពុជា និងបទប្បញ្ញត្តិបច្ចេកទេស ដែលក្រសួងបានកំណត់។ ក្រុមហ៊ុន និងសហគ្រាសទាំងអស់ក៏ត្រូវផ្តល់កិច្ចសហការជាមួយមន្ត្រីអធិការកិច្ចស្តង់ដារកម្ពុជា ក្នុងការត្រួតពិនិត្យ និងអនុវត្តតាមបទប្បញ្ញត្តិផងដែរ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសផលិតនិងនាំចូលយានយន្តអគ្គិសនីទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំនេះ ដើម្បីលើកកម្ពស់សុវត្ថិភាព និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។

សូមបញ្ជាក់ថា និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ដែលគិតត្រឹមត្រីមាសដំបូងក្នុងឆ្នាំ២០២៦នេះ មានយានយន្តអគ្គិសនីសរុបចំនួនជាង ១ម៉ឺន ៦ពាន់គ្រឿង បានចុះបញ្ជីប្រើប្រាស់ជាផ្លូវការ ក្នុងនោះមានរថយន្តចំនួនជាង ១១ ៦០០ គ្រឿង ទោចក្រយានយន្តជិត៤ពាន់គ្រឿង ត្រីចក្រយានយន្តជាង ៧០០គ្រឿង៕

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា