ទិវាជាតិនៃការចងចាំ​ជាឱកាសរម្លឹកពីតម្លៃសន្តិភាព និងការទប់ស្កាត់ការវិលត្រឡប់នៃរបបយង់ឃ្នង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទិវាជាតិនៃការចងចាំ​ជាឱកាសរម្លឹកពីតម្លៃសន្តិភាព និងការទប់ស្កាត់ការវិលត្រឡប់នៃរបបយង់ឃ្នង

ទិវាជាតិនៃការចងចាំ​ជាឱកាសរម្លឹកពីតម្លៃសន្តិភាព និងការទប់ស្កាត់ការវិលត្រឡប់នៃរបបយង់ឃ្នង

កម្ពុជាប្រារពខួបលើកទី៩ ទិវាជាតិនៃការចងចាំ នៅថ្ងៃទី២០ ឧសភា នេះ។ ទិវាចងចាំធ្វើឡើងក្នុងគោលបំណងរម្លឹកកដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ទិវានេះក៏ជាសារដាស់តឿនមួយអំពីសារសំខាន់​ដែលប្រជាពលរដ្ឋកម្ពុជាត្រូវរួមគ្នាថែរក្សាសន្តិភាព និងទប់ស្កាត់ការវិលត្រឡប់នៃរឿងរ៉ាវអតីតកាលដ៏សោកសង្រេង។

Advertisement

ចាប់តាំងពីឆ្នាំ២០១៨មក «ទិវាជាតិនៃការចងចាំ» ត្រូវបានកំណត់ធ្វើនៅថ្ងៃទី២០ ខែឧសភា ដើម្បីជាការរំលឹក និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទិវានេះក៏មានគោលបំណងស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដែលបានរងគ្រោះ ព្រមទាំងប៉ះប៉ូវការឈឺចាប់របស់ជនរងគ្រោះនិងក្រុមគ្រួសារ, ក៏ដូចជារួមចំណែកដល់ការផ្សះផ្សាជាតិ។
 
ដូចរៀងរាល់ឆ្នាំ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកត្រូវបានជ្រើសរើសសម្រាប់ប្រារព្ធពិធីរម្លឹកទិវាជាតិនៃការចងចាំនេះឡើង ដើម្បីរម្លឹកការចងចាំអំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ ក្នុងនោះមានការកាប់សម្លាប់ ការធ្វើទារុណកម្ម ការនិរាសព្រាត់ប្រាស់គ្រួសារ ​ការបង្ខំឱ្យធ្វើការដូចសត្វធាតុ ការស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល និងគ្មានអាហារបរិភោគជាដើម។
 
ក្នុងឱកាសខួបលើកទី៩ នៃទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារមួយ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាថែរក្សាសន្តិភាព និងចងចាំពីសោកនាដកម្មក្នុងរបបខ្មែរក្រហម ដើម្បីទប់ស្កាត់មិនឱ្យអំពើឃោរឃៅបែបនេះកើតឡើងជាថ្មីទៀតនៅកម្ពុជា។
 
សម្តេចធិបតី បានរម្លឹកដោយក្តីដឹងគុណចំពោះសមិទ្ធផលប្រវត្តិសាស្ត្រជាង ៣ទសវត្សរ៍ចុងក្រោយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងអធិបតេយ្យភាពបរិបូរណ៍ ដែលកម្ពុជាមិនធ្លាប់មានទាល់តែសោះក្នុងរយៈពេលជាង ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រចុងក្រោយនេះ។
 
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា ក្រោមដំបូលនៃសុខសន្តិភាព កម្ពុជាក៏បានកែប្រែពីប្រទេសខ្ទេចខ្ទាំដោយសារសង្គ្រាម ទៅជាសង្គមសម័យទំនើប ដោយផ្តល់ជាគំរូក្នុងការស្ថាបនាសន្តិភាព ការបញ្ចៀសជម្លោះ និងការបង្កើតឱ្យមានតុលាការគំរូមួយសម្រាប់ពិភពលោក និងបានកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហមដោយជោគជ័យ ​ដោយឈរលើគោលការណ៍យុត្តិធម៌ផ្សះផ្សាជាតិក្នុងគោលដៅសន្តិភាព។
​ 
នៅក្នុងបរិបទដែលពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងសង្គ្រាម អំពើហិង្សា និងភាពមិនប្រាកដប្រជាខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវរួមសាមគ្គីគ្នា ដើម្បីថែរក្សាការពារសុខសន្តិភាពដែលទទួលបានដោយលំបាកនេះឱ្យបានគង់វង្សជារៀងរហូត ព្រោះសន្តិភាពគឺជាគ្រឹះតែមួយគត់សម្រាប់ការកសាងគ្រួសារ សហគមន៍ និងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។
 
សូមរម្លឹកថា កាលពីឆ្នាំ១៩៨៣ រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង» ដើម្បីចងចាំអំពើប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្តដោយរបប ប៉ុល ពត។ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជាបានប្តូរពី «ទិវាចងកំហឹង» ទៅជា «ទិវាចងចាំ» រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» វិញ។
 
២០ឧសភា គឺសំដៅលើថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ ជាថ្ងៃបង្កើតសហករណ៍ ដើម្បីប្រមូលផ្តុំប្រជាជនធ្វើការងារក្រុមសាមគ្គី ដោយលុបបំបាត់កម្មសិទ្ធិឯកជន នៅក្នុងតំបន់មួយចំនួន ដែលហៅថាតំបន់រំដោះ ស្ថិតក្រោមការគ្រប់គ្រងនៃកងទ័ពរំដោះខ្មែរក្រហម។
 
២០ឧសភា ក៏ជាថ្ងៃ​ដែលអតីតក្រុមមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត និង នួន ជា បានរៀបចំផែនការ និងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ជាទ្រង់ទ្រាយធំ ដែលធ្វើឱ្យប្រជាជនកម្ពុជាប្រមាណជាង៣លាននាក់បានស្លាប់ក្នុងរបបដ៏ឃោរឃៅយង់ឃ្នងនេះ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា