ព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា

ព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា

ភ្នំពេញ៖ ព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា ដោយឥតកែប្រែចំនួន៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ការអនុម័តច្បាប់កាតព្វកិច្ចយោធានេះ នៅក្នុងសម័យប្រជុំលើកទី៥ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

Advertisement

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានឱ្យដឹងថា សេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា មានគោលបំណងកំណត់វិធានការនៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយស ដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យ ការពារជាតិនិងការអភិវឌ្ឍកាយសម្បទា ព្រមទាំងបណ្តុះបណ្តាលស្មារតីស្នេហាជាតិ ការអប់រំ ផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ។

សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់២៥ឆ្នាំ ត្រូវអនុវត្តកាតព្វកិច្ចយោធា មានរយៈពេល២៤ខែ។ ចំពោះប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ប្រជាពលរដ្ឋដែលមានសញ្ជាតិច្រើន ហើយដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាតព្វកិច្ចយោធាក្នុងព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ប្រយោជន៍ដល់យុវជនដែលឆ្លងកាត់កាតព្វកិច្ចយោធា ទទួលបានការអភិវឌ្ឍកាយសម្បទា ការបណ្តុះបណ្តាលស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និង វិន័យ, ទទួលបានការលើកទឹកចិត្ត និងសរសើរ ចំពោះយោធិនដែលបានបង្កើតស្នាដៃល្អក្នុងពេលបំពេញកាតព្វកិច្ចយោធា, ទទួលបានការពិចារណាដំឡើងមុខតំណែង ឬថ្នាក់ ឬឋានន្តរសក្តិពេល យោធិនបានបញ្ចប់កាតព្វកិច្ចយោធា, ពង្រឹងភាពស្មោះត្រង់ចំពោះជាតិ មនសិការស្នេហាជាតិ និង ឧត្តមប្រយោជន៍ជាតិ។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងមាន ៨ជំពូក និង២០មាត្រា ត្រូវបានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១១៤សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧។

ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពី លទ្ធផលនៃការពិនិត្យ សិក្សាលើសេចក្តីព្រាងច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន៥រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺពីឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ នេះដោយឥតកែប្រែចំនួន ៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា