ចិន ដាក់ដំណើរការមជ្ឈមណ្ឌលផ្ទុកទិន្នន័យក្រោមទឹកដើរដោយថាមពលខ្យល់ដំបូងបង្អស់លើលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ដាក់ដំណើរការមជ្ឈមណ្ឌលផ្ទុកទិន្នន័យក្រោមទឹកដើរដោយថាមពលខ្យល់ដំបូងបង្អស់លើលោក

ចិន ដាក់ដំណើរការមជ្ឈមណ្ឌលផ្ទុកទិន្នន័យក្រោមទឹកដើរដោយថាមពលខ្យល់ដំបូងបង្អស់លើលោក

ប៉េកាំង ៖ ប្រទេសចិនបានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលផ្ទុកទិន្នន័យក្រោមទឹកដើរដោយថាមពលខ្យល់ដំបូងបង្អស់លើពិភពលោក នៅឯតំបន់ Lingang នៃទីក្រុង សៀងហៃ ក្រោមទុនវិនិយោគប្រហែល ២២៦ លានដុល្លារ ។

មជ្ឈមណ្ឌលផ្ទុកទិន្នន័យក្រោមទឹកដ៏ទំនើបនេះ បង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាតម្រូវការថាមពលអគ្គិសនី បន្ទាប់ពីមានការអភិវឌ្ឍយ៉ាងគំហុកលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ។

បើតាម Interesting engineering, គម្រោងដែលមានតម្លៃរាប់លានដុល្លារនេះ បានបញ្ចប់ការសាងសង់ក្នុងខែតុលា ឆ្នាំ២០២៥ និងឆ្លងកាត់ការសាកល្បងដោយជោគជ័យរហូតឈានដល់ការបើកដំណើរការជាផ្លូវការជាលក្ខណៈពាណិជ្ជកម្មពេញលេញនៅក្នុងខែឧសភា ឆ្នាំ២០២៦ ។

គំនិតផ្តួចផ្តើមនេះ កើតចេញពីកិច្ចសហការរវាងគណៈកម្មាធិការរដ្ឋបាលតំបន់ពិសេស Lingang, ក្រុមហ៊ុន Shanghai Lingang Special Area Investment Holding Group និងក្រុមហ៊ុន HiCloud Technology ។

ក្នុងដំណាក់កាលសាកល្បងដំបូង វាដំណើរការថាមពលក្នុងកម្រិត ២,៣ មេហ្គាវ៉ាត់ ហើយបច្ចុប្បន្នត្រូវបានពង្រីកសមត្ថភាពសរុបរហូតដល់ ២៤ មេហ្គាវ៉ាត់ ដោយវាអាចផ្គត់ផ្គង់ថាមពលដល់ម៉ាស៊ីនមេ ចំនួន ១៩២ គ្រឿង និងម៉ាស៊ីន Server ជិត ២,០០០ គ្រឿង ។

មជ្ឈមណ្ឌលផ្ទុកទិន្នន័យនេះ ត្រូវបានដាក់ពង្រាយនៅក្រោមបាតសមុទ្រក្នុងជម្រៅប្រហែល ១០ ម៉ែត្រ និងតភ្ជាប់ដោយផ្ទាល់ទៅនឹងកសិដ្ឋានផលិតថាមពលខ្យល់នៅឯនាយសមុទ្រ ខណៈជាង ៩៥% នៃថាមពលអគ្គិសនីដែលវាប្រើប្រាស់បានមកពីប្រភពថាមពលបៃតង ។

បើតាម CGTN, ដោយសារវាស្ថិតនៅក្រោមបាតសមុទ្រស្រាប់ ដូច្នេះវាមិនត្រូវការម៉ាស៊ីនត្រជាក់ខ្នាតធំដូចដាក់ដំណើរការនៅលើដីគោកឡើយ ។ ព្រោះទឹកសមុទ្រអាចជួយស្រូបកម្ដៅដោយធម្មជាតិ ដែលជួយកាត់បន្ថយការប្រើប្រាស់ថាមពលសរុបបាន ២២,៨% និងមិនខាតបង់ទឹកស្អាតសូម្បីតែមួយដំណក់ ។

ម្យ៉ាងវិញទៀត ការផ្លាស់ទីទៅក្រោមបាតសមុទ្រ ក៏ជួយកាត់បន្ថយការប្រើប្រាស់ផ្ទៃដីបានជាង ៩០% ផងដែរ បើធៀបនឹងការសាងសង់លើដីគោកក្នុងទំហំសមត្ថភាពស្មើគ្នា ។

ចំពោះគម្រោងនាពេលអនាគត ក្រុមហ៊ុនអភិវឌ្ឍន៍រួមមាន Shanghai HiCloud Technology និង Shenergy Group គ្រោងនឹងសហការគ្នាអភិវឌ្ឍគម្រោងស្រដៀងគ្នានេះ ប៉ុន្តែមានទំហំកាន់តែធំជាងមុន រហូតដល់ទៅ ៥០០ មេហ្គាវ៉ាត់ ៕

ប្រភព ៖ Interesting engineering និង CGTN ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា