មេទ័ពអាស៊ានប្រជុំគ្នាដោះស្រាយបញ្ហាតំបន់ ពិសេសជម្លោះព្រំដែនកម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេទ័ពអាស៊ានប្រជុំគ្នាដោះស្រាយបញ្ហាតំបន់ ពិសេសជម្លោះព្រំដែនកម្ពុជា-ថៃ
នយោបាយ 22/05/2026

មេទ័ពអាស៊ានប្រជុំគ្នាដោះស្រាយបញ្ហាតំបន់ ពិសេសជម្លោះព្រំដែនកម្ពុជា-ថៃ

អគ្គមេបញ្ជាការកងទ័ពនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន បានប្រជុំគ្នាតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលកំពុងកើតមានក្នុងតំបន់ និងតាមដានយ៉ាងដិតដល់លើបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ផងដែរ។

មេដឹកនាំយោធាអាស៊ានបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាសន្តិសុខដែលជាក្តីកង្វល់រួម ដូចជាបញ្ហាសន្តិសុខដែនសមុទ្រ ភេរវកម្ម ឧក្រិដ្ឋកម្ម ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណេត និងការត្រៀមលក្ខណៈឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ។

ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ រ៉ូមេអូ ប្រាវនើ ចេអរ នាយសេនាធិការកងទ័ពហ្វីលីពីន ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ បានសង្កត់ធ្ងន់លើតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ក្នុងការចូលរួមតាមដានស្ថានការណ៍នៃជម្លោះព្រំដែនកម្ពុជា-ថៃ។

លោកបានកោតសរសើរតួនាទីកន្លងមករបស់ប្រទេសម៉ាឡេស៊ីក្នុងការសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន ហើយបានសន្យាបន្តកិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យ តាមដាន បទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ លោកបញ្ជាក់ថា ​យន្តការនេះបង្ហាញពីតម្លៃដ៏យូរអង្វែងនៃការសន្ទនា ការអត់ធ្មត់ និងកិច្ចសហប្រតិបត្តិការក្នុងការរក្សាស្ថិរភាពក្នុងតំបន់ស្របតាមមាគ៌ាអាស៊ាន។

Advertisement

លោកនាយសេនាធិការកងទ័ពហ្វីលីពីនបានបន្ថែមទៀតថា ហ្វីលីពីន ក្នុងនាមប្រធានអាស៊ានឆ្នាំនេះ នឹងទទួលយកការទទួលខុសត្រូវដោយពង្រឹងកិច្ចសន្ទនា និងការកសាងទំនុកចិត្តជាបន្តបន្ទាប់ ដើម្បីការពារសន្តិភាពតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា។

ដោយឡែក ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏បានថ្លែងអំណរគុណដល់បណ្តាប្រទេសសមាជិកអាស៊ាន ជាពិសេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ និងហ្វីលីពីន ដែលជាប្រធានប្តូរវេនឆ្នាំ២០២៦ ចំពោះតួនាទីដ៏សំខាន់ក្នុងការគាំទ្របទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

លោកនាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ចំពោះការបញ្ជូននាយទាហានមកចូលរួមក្នុងបេសកកម្មជាអ្នកសង្កេតការណ៍បទឈប់បាញ់នៅកម្ពុជា ហើយជឿជាក់ថា អាស៊ានអាចដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនដោយខ្លួនឯងបាន។

ឯកឧត្តម វង្ស ពិសេន ក៏បានអះអាងជាថ្មីពីការប្រកាន់ខ្ជាប់គោលការណ៍ព្រំដែនមិនត្រូវកែប្រែដោយការប្រើប្រាស់កម្លាំង និងប្តេជ្ញាខិតខំធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។

សូមបញ្ជាក់ថា កម្ពុជាបានប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងអាណត្តិដឹកនាំរបស់ហ្វីលីពីន ដើម្បីធានាឱ្យមានការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ៕​ ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា