អឺរ៉ុប ប្រកាសមិនប្តូរចិត្តងាកទៅរកទិញប្រេង រុស្ស៊ី ដូច អាមេរិក និងអង់គ្លេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុប ប្រកាសមិនប្តូរចិត្តងាកទៅរកទិញប្រេង រុស្ស៊ី ដូច អាមេរិក និងអង់គ្លេស

អឺរ៉ុប ប្រកាសមិនប្តូរចិត្តងាកទៅរកទិញប្រេង រុស្ស៊ី ដូច អាមេរិក និងអង់គ្លេស

បរទេស ៖ សហភាពអឺរ៉ុប នៅថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួននឹងមិនប្តូរចិត្ត ងាកទៅរកទិញប្រេងរុស្ស៊ី ដូច សហរដ្ឋអាមេរិក និង អង់គ្លេស នោះឡើយ បើទោះបីជាតម្លៃថាមពលឡើងថ្លៃ ដល់កម្រិតណាក៏ដោយ ។

Advertisement

លោក Valdis Dombrovskis ស្នងការអឺរ៉ុប ទទួលបន្ទុកសេដ្ឋកិច្ច បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយ Euronews ថា ទោះបីស្ថិតក្នុង កាលៈទេសៈណាក៏ដោយ សហភាពអឺរ៉ុបនឹងមិនត្រឡប់ក្រោយ សូម្បីតែការទិញដោយផ្នែក ចំពោះប្រេង និងឧស្ម័នរបស់រុស្ស៊ី មិន ដូចសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស នោះទេ។

លោកបញ្ជាក់ថា អឺរ៉ុប បដិសេធមិនទិញពីរុស្ស៊ី បើទោះបីជាការកើនឡើងតម្លៃថាមពល ដែលបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់ ឈានដល់កម្រិតណា ក៏ដោយ ។
លោកបានបន្ថែមថា បច្ចុប្បន្ន គណៈកម្មការអឺរ៉ុបមិនខ្លាច ចំពោះការរំខានដល់ការផ្គត់ផ្គង់ថាមពល ក្នុងបណ្តាប្រទេសរបស់សហភាពអឺរ៉ុបនោះទេ។

លោក Dombrovskis រៀបរាប់ថា «វាគ្មានហេតុផលណា ដែលត្រូវត្រឡប់ទៅរកប្រេងនិងឧស្ម័នរបស់រុស្ស៊ីនោះទេ ។ លោកថា ឥឡូវនេះអឺរ៉ុបបានបង្វែរការផ្គត់ផ្គង់ឧស្ម័នដ៏ធំបំផុតមកពីប្រទេសន័រវេស ខណៈដែល អ្នកចែកចាយឧស្ម័ន LNG ដ៏ធំបំផុតរបស់យើង គឺជាសហរដ្ឋអាមេរិក»។

បើតាម Tass, កាលពីដើមឆ្នាំ២០២៥ គណៈកម្មការអឺរ៉ុប បានទទួលជោគជ័យ ក្នុងការធានាការអនុម័តដោយក្រុមប្រឹក្សារបស់ខ្លួន ចំពោះការហាមឃាត់គ្មានដែនកំណត់ លើគ្រប់ទម្រង់នៃការទិញឧស្ម័នរុស្ស៊ី ។

ការបញ្ជាក់ជំហរ មិនប្តូរចិត្តរបស់អឺរ៉ុបនេះ បានធ្វើឡើង នៅមួយថ្ងៃ បន្ទាប់ពីអង់គ្លេស បានប្រកាសលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ពោលគឺនៅបន្ទាប់ពី អាមេរិក បានសម្រេចលើជុំទី២ នៃការបន្តដកទណ្ឌកម្មប្រេងរុស្ស៊ី នៅលើសមុទ្រ ឬ អនុញ្ញាតឲ្យបណ្តាប្រទេសនានា ទិញយកទៅប្រើប្រាស់ ចំពេលតម្លៃថាមពលកើនឡើងខ្លាំងជាសកល ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា។

បើតាម CNA, អង់គ្លេសបានលើកហេតុផលថា នេះគ្រាន់តែជាអាជ្ញាប័ណ្ណបណ្តោះអាសន្ន លើការនាំចូលប្រេង ចាក់យន្តហោះ និងប្រេងម៉ាស៊ូត ពីទីក្រុងមូស្គូ តែប៉ុណ្ណោះ ។

ទីក្រុងឡុងដ៍ បានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើរុស្ស៊ី បន្ទាប់ពីការលុកលុយចូលអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដោយកំណត់គោលដៅ លើការនាំចេញប្រេង ព្រមទាំងក្រុមហ៊ុន និងបុគ្គលជាង ៣ ពាន់នាក់ ៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា