រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ សកម្មភាពរបស់ថៃនៅតំបន់បណ្តុំប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ គឺជាការទាមទារអធិបតេយ្យដោយខុសច្បាប់របស់ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ សកម្មភាពរបស់ថៃនៅតំបន់បណ្តុំប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ គឺជាការទាមទារអធិបតេយ្យដោយខុសច្បាប់របស់ថៃ

រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ សកម្មភាពរបស់ថៃនៅតំបន់បណ្តុំប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ គឺជាការទាមទារអធិបតេយ្យដោយខុសច្បាប់របស់ថៃ

នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន រៀបចំបទបង្ហាញស្តីពីស្ថានភាពតំបន់វប្បធម៌កម្ពុជាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ បទបង្ហាញនេះមានការ ចូលរួមពីប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន៤៤ រូប និងត្រូវបានដឹកនាំដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

Advertisement

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងអំណរគុណដល់ប្រធាន និងតំណាងបេសកកម្ម ការទូត និងអង្គការអន្តរជាតិចំពោះវត្តមាន និងការគាំទ្រជាបន្តបន្ទាប់ចំពោះការដោះស្រាយជម្លោះព្រំដែនកម្ពុជា- ថៃដោយសន្តិវិធី។ លោកជំទាវបានបញ្ជាក់ជាថ្មីនូវមូលដ្ឋានច្បាប់ចំពោះអធិបតេយ្យរបស់កម្ពុជាលើតំបន់វប្បធម៌ ដែលត្រូវបានកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ រួមមាន បណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានគូសបញ្ជាក់ពីការបំផ្លិចបំផ្លាញយ៉ាងធំធេង ចំពោះប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោកចុះបញ្ជីក្នុងអង្គការយូណេស្កូ ក៏ដូចជាចំពោះ បូជនីយដ្ឋានវប្បធម៌ដទៃទៀត ដែលមានតម្លៃលេចធ្លោជាសកល។ លោកជំទាវ បានសង្កត់ធ្ងន់ថា សកម្មភាពរបស់ថៃ នៅតំបន់បណ្តុំប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ ចាប់តាំងពីបទឈប់បាញ់កាលពី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក គឺជាការទាមទារអធិបតេយ្យដោយខុសច្បាប់របស់ថៃ។ សកម្មភាពទាំងនេះ រួម មានការរៀបចំពិធីសាសនា ការទៅទស្សនាទីតាំងដោយសមាជិកគណៈរដ្ឋមន្ត្រីថៃ សកម្មភាពជួសជុលដោយ គ្មានការអនុញ្ញាត ការដាក់បញ្ចូលប្រាសាទទាំងនោះទៅក្នុងបញ្ជីសារពើភណ្ឌបេតិកភណ្ឌជាតិរបស់ថៃ និងការ សាងសង់សំណង់អចិន្ត្រៃយ៍ជាច្រើនទៀត ដូចជាការកសាងព្រះពុទ្ធបដិមាធំៗជាដើម។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ថា កម្ពុជាបានដាក់កំណត់ទូតតវ៉ា ជាច្រើន ហើយនឹងបន្តប្រឆាំងដាច់ខាតចំពោះសកម្មភាពខុសច្បាប់បែបនេះរបស់ថៃ ដែលប៉ុនប៉ងបង្កើតស្ថានភាព លើដីជាក់ស្តែង និងព្យាយាមជំរុញការទាមទារ ដែលពុំមានមូលដ្ឋានទាំងអង្គហេតុនិងអង្គច្បាប់ ចំពោះ បេតិកភណ្ឌវប្បធម៌ខ្មែរ ។ លោកជំទាវបានបញ្ចប់បទបង្ហាញ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន របស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃ តាមរយៈមធ្យោបាយសន្តិវិធី អនុលោមតាម ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី។

លោកជំទាវបានបញ្ជាក់បន្ថែមទៀតថា សន្តិភាពរវាងកម្ពុជានិងថៃ មានសារៈសំខាន់ សម្រាប់ភាពសុខដុមរមនា សាមគ្គីភាព និងវឌ្ឍនភាពរបស់អាស៊ាន និងតំបន់ទាំងមូល៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា