ឆ្នាំ២០២៥ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណបានប្រព្រឹត្តទៅក្នុងបរិការណ៍ដ៏ស្មុគស្មាញ និងមិនប្រាកដប្រជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្នាំ២០២៥ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណបានប្រព្រឹត្តទៅក្នុងបរិការណ៍ដ៏ស្មុគស្មាញ និងមិនប្រាកដប្រជា
នយោបាយ 23/05/2026

ឆ្នាំ២០២៥ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណបានប្រព្រឹត្តទៅក្នុងបរិការណ៍ដ៏ស្មុគស្មាញ និងមិនប្រាកដប្រជា

ក្នុងឆ្នាំ២០២៥ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានប្រព្រឹត្តទៅក្នុងបរិការណ៍សកល និងតំបន់ ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។ ទោះបីយ៉ាងណា រាជរដ្ឋាភិបាលនៅតែបន្តដំណើរទៅមុខ ដោយភាពម្ចាស់ការ ប្រាកដនិយម និងការទទួលខុសត្រូវ។

Advertisement

ភាពតានតឹងភូមិសាស្ត្រនយោបាយ ការប្រែប្រួលនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល សម្ពាធលើថាមពល និងតម្លៃទំនិញ បញ្ហាព្រំដែន ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ សុទ្ធសឹងជាកត្តា ដែលបានប៉ះពាល់ដល់បរិយាកាសអភិវឌ្ឍន៍របស់កម្ពុជា កាលពីឆ្នាំ២០២៥។

ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលនៅតែបន្តដឹកនាំប្រទេស ដោយភាពម្ចាស់ការ ប្រាកដនិយម និងទទួលខុសត្រូវ ដើម្បីការពារផលប្រយោជន៍ជាតិ និងសុខុមាលភាពរបស់ប្រជាជន។ នេះបើយោងតាមសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥ ដែលត្រូវបានគណៈរដ្ឋមន្រី្តពិនិត្យ និងអនុម័តកាលពីថ្ងៃសុក្រ ទី២២ ឧសភា។

ជាក់ស្តែង កម្ពុជាបានបន្តរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សន្ទុះនៃកំណើន ការបង្កើតការងារ ការពង្រឹងប្រព័ន្ធគាំពារសង្គម ការអភិវឌ្ឍមូលធនមនុស្ស ការកែលម្អសេវាសាធារណៈ និងការជំរុញកិច្ចការកែទម្រង់ក្នុងវិស័យសំខាន់ៗ។

សមិទ្ធផលទាំងនេះបង្ហាញថា កម្ពុជាបានបន្តដំណើរអភិវឌ្ឍន៍របស់ខ្លួនដោយភាពធន់ និងជំហរច្បាស់លាស់ ទោះបីបរិយាកាសខាងក្រៅនៅតែមានហានិភ័យ និងភាពមិនប្រាកដប្រជាក៏ដោយ។ ការណ៍នេះក៏បង្ហាញពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាព គ្រប់គ្រងហានិភ័យ និងតម្រង់ទិសការអភិវឌ្ឍ ឱ្យឆ្លើយតបទៅនឹងផលប្រយោជន៍ជាតិ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

របាយការណ៍តាមដាននិងត្រួតពិនិត្យឆ្នាំ២០២៥នេះ គឺជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ឆ្លុះបញ្ចាំងវឌ្ឍនភាព សមិទ្ធផល និងបញ្ហាប្រឈមក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងជាមូលដ្ឋានសម្រាប់បន្តពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង។

ក្រោមការដឹកនាំរបស់សម្តេចធិបតី បរិយាកាសធុរកិច្ច និងវិនិយោគរបស់កម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ វាយតម្លៃខ្ពស់ថា មានភាពអំណោយផល និងកាន់តែល្អប្រសើរឡើង។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន ៦៣០គម្រោង គឺកើនឡើងប្រមាណ៥២% ដោយបំបែកកំណត់ត្រាឆ្នាំ២០២៤ ដែលមាន ៤១៤គម្រោង។

ទំហំទុនសរុបមានប្រមាណ ១០ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើងប្រមាណ៤៤% បើធៀបនឹងឆ្នាំ២០២៤។ គម្រោងវិនិយោគទាំងនោះត្រូវបង្កើតការងារប្រមាណ ៤៤ម៉ឺនកន្លែង។ តួលេខដ៏ត្រចះត្រចង់នេះ គឺជាសូចនាករបញ្ជាក់យ៉ាងច្បាស់ពីទំនុកចិត្តរបស់វិនិយោគិនមកលើព្រះរាជាណាចក្រកម្ពុជា៕

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា