អង្គការ AHF លើកទឹកចិត្តឱ្យប្រទេសដទៃទៀត គួរតែលុបចោលពន្ធលើផលិតផលសម្រាប់ការមករដូវ  | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការ AHF លើកទឹកចិត្តឱ្យប្រទេសដទៃទៀត គួរតែលុបចោលពន្ធលើផលិតផលសម្រាប់ការមករដូវ 

អង្គការ AHF លើកទឹកចិត្តឱ្យប្រទេសដទៃទៀត គួរតែលុបចោលពន្ធលើផលិតផលសម្រាប់ការមករដូវ 

ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំកម្ពុជា បានលើកទឹកចិត្តឱ្យប្រទេសដទៃទៀតជាច្រើន គួរតែលុបចោលពន្ធលើផលិតផលសម្រាប់ការមករដូវ ។ ការលើកទឹកចិត្តនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ខណៈដែលអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានប្រារព្វទិវាសុខភាពពេលមករដូវ ដើម្បីលើកកម្ពស់សុខភាពស្ត្រី និងក្មេងស្រីឱ្យកាន់តែប្រសើរ ។
 
កម្មវិធីនេះ បានប្រព្រឹត្តិទៅនៅអនុវិទ្យាល័យគោកបញ្ជាន់ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក សាំង សុផល ប្រធានការិយាល័យសុខភាពសិក្សា តំណាង លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ, លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានកម្មវិធីប្រចាំប្រទេសកម្ពុជា នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៣០០នាក់។
 
ថ្លែងក្នុងទិវាសុខភាពពេលមករដូវនាឱកាសនោះ លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានមានប្រសាសន៍ថា «ទិវាសុខភាពពេលមករដូវនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់ចំណេះដឹងទាក់ទិនការប្រឈម និងដំណោះស្រាយផ្សេងៗ នៅពេលមករដូវដើម្បីកាត់បន្ថយការរើសអើងអំឡុងពេលមករដូវ និងលើកកម្ពស់ការទទួលបានសម្ភារៈបរិក្ខារដែលមានសុវត្ថិភាព ស្អាត និងសំឡីអនាម័យឥតគិតថ្លៃ ឬមានតម្លៃសមរម្យសម្រាប់តម្រូវការ រួមទាំងវិធានការសំខាន់ៗក្នុងការការពារសុខភាពទូទៅ និងកាត់បន្ថយភាពងាយរងគ្រោះចំពោះមេរោគអេដស៍ និងការឆ្លងមេរោគផ្លូវភេទផ្សេងទៀត»។
 
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីរបស់ អង្គការ AHF បានមានប្រសាសន៍ថា នៅក្នុងតំបន់ជាច្រើននៃទ្វីបអាស៊ី ការរើសអើង និងភាពស្ងៀមស្ងាត់ជុំវិញការមករដូវនៅតែបន្តជាឧបសគ្គក្នុងការទទួលបានផលិតផលសម្រាប់មករដូវ និងព័ត៌មានសុខភាពសំខាន់ៗ ។ នៅពេលដែលមនុស្សមិនអាចគ្រប់គ្រងដោយសុវត្ថិភាពចំពោះការមករដូវរបស់ពួកគេបាន គឺជាផលវិបាកដល់សុខភាព នឹងសុត្តិភាព និងធ្វើឲ្យពួកគេទទួលភាពងាយរងគ្រោះចំពោះមេរោគអេដស៍ និងជំងឺកាមរោគផ្សេងទៀត។
 
លោកវេជ្ជបណ្ឌិតបន្តថា ដូចនេះទិវាសុខភាពពេលមករដូវគឺជាការរំលឹកថា ការលើកកម្ពស់ការទទួលបាន ការអប់រំ និងការពិភាក្សាដ៏ទូលំទូលាយ មានសារៈសំខាន់ណាស់ក្នុងការការពារសុខភាពបុគ្គល និងសាធារណៈ។ ប្រទេសអាស៊ីជាច្រើនដែលបានលុបចោលពន្ធលើផលិតផលសម្រាប់ការមករដូវ កំពុងជួយពង្រីកលទ្ធភាពទទួលបានសម្ភារៈបរិក្ខារ និងការប្រើប្រាស់សម្រាប់ពេលមករដូវ។ លោកវេជ្ជបណ្ឌិតបន្ថែមថា នៅទូទាំងពិភពលោក ប្រជាជនជិត ២ពាន់លាននាក់មករដូវ ដែលក្នុងនោះ ៥០០លាននាក់កំពុងជួបប្រទះនឹងភាពក្រីក្រនៅពេលមករដូវ រួមទាំងកង្វះផលិតផលគ្រប់គ្រាន់ គ្រឿងបរិក្ខារ និងបរិយាកាសគាំទ្រ។
 
លោក សាំង សុផល ប្រធានការិយាល័យសុខភាពសិក្សា មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានចាត់ទុកទិវាសុខភាពពេលមករដូវនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការចូលរួមចំណែក ស្វែងរកការគាំទ្រ និងដំណោះស្រាយ គ្រប់គ្រងសុខភាព ការអប់រំសុខភាពបន្តពូជដែលសម ស្របតាមវ័យ និងពង្រឹងពីសារៈសំខាន់នៃក្មេងស្រីដែលកំពុងចូលរៀន ចៀសវាងការឆ្លងមេរោគអេដស៍ ការមានផ្ទៃពោះដោយមិនបានគ្រោងទុក ការកសាងជំនាញបំណិនជីវិត និងបញ្ហាសំខាន់ៗផ្សេងទៀត ដែលប៉ះពាល់ដល់សុខភាពរបស់ពួកគេពិសេសចូលរួមលើកកម្ពស់ ការអប់រំសុខភាពបន្តពូជដ៏ទូលំទូលាយ និងសមភាពយេនឌ័រ ការយល់ដឹង និងជួយក្មេងស្រីឱ្យរស់នៅមានសុខភាពល្អ ដែលអាចឲ្យពួកគេបានចូលរៀន និងផ្តល់សិទ្ធិគ្រប់គ្រងជីវិតរបស់ពួកគាត់៕

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា