បារាំង ព្រមានបេឡារុស កុំឲ្យពាក់ព័ន្ធក្នុងសង្គ្រាមអ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង ព្រមានបេឡារុស កុំឲ្យពាក់ព័ន្ធក្នុងសង្គ្រាមអ៊ុយក្រែន

បារាំង ព្រមានបេឡារុស កុំឲ្យពាក់ព័ន្ធក្នុងសង្គ្រាមអ៊ុយក្រែន

ប៉ារីស ៖ ប្រធានាធិបតីប្រទេសបារាំង លោក ម៉ាក្រុង បានព្រមានដល់ប្រទេសបេឡារុស កុំឲ្យជាប់ពាក់ព័ន្ធ នៅក្នុងសង្គ្រាមអ៊ុយក្រែន។

Advertisement

អំឡុងការហៅទូរស័ព្ទដ៏កម្រ ជាមួយលោក Alexander Lukashenko កាលពីថ្ងៃអាទិត្យ, លោក Emmanuel Macron ប្រាប់ថា កុំឱ្យបង្កើនការចូលរួមរបស់ប្រទេសខ្លួន នៅក្នុងសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។

នេះតាមប្រភពជិតស្និទ្ធនឹងលោក Macron ដែលបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ។

បើតាមប្រភពដដែល, លោក Macron បានសង្កត់ធ្ងន់លើហានិភ័យ សម្រាប់បេឡារុស ប្រសិនបើខ្លួនអនុញ្ញាតឱ្យប្រទេសនេះ ចូលទៅក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។

ប្រភពរៀបរាប់ថា «គាត់ក៏បានអំពាវនាវឱ្យ លោក Alexander Lukashenko ចាត់វិធានការចាំបាច់ដើម្បីកែលម្អទំនាក់ទំនង រវាងបេឡារុស និងអឺរ៉ុប»។

ការអំពាវនាវនេះធ្វើឡើង នៅរយៈពេលតិចជាងមួយសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមាន កាលពីថ្ងៃទី២០ ខែឧសភាថា រុស្ស៊ីអាចនឹងកំពុងរៀបចំការវាយលុកថ្មី ប្រឆាំងនឹងភាគខាងជើងអ៊ុយក្រែន ដោយមានជំនួយពីបេឡារុស។

បន្ទាប់មក, ទីក្រុង Minsk បានប្រកាសថា ខ្លួនកំពុងចូលរួមក្នុងសមយុទ្ធអាវុធនុយក្លេអ៊ែររួមគ្នា ជាមួយទីក្រុងម៉ូស្គូ។

បើតាម Kyiv Independent, ខណៈពេលដែលកងទ័ពបេឡារុស មិនបានចូលរួមដោយផ្ទាល់ នៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន, ទីក្រុង Minsk បានអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ី ប្រើប្រាស់ទឹកដីរបស់ខ្លួន ជាទីតាំងសម្រាប់ការឈ្លានពានពេញលេញ របស់ទីក្រុងម៉ូស្គូ ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ទឹកដីបេឡារុសក៏ត្រូវបានប្រើប្រាស់ សម្រាប់ការបាញ់មីស៊ីលរុស្ស៊ី និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក អំឡុងសង្គ្រាម ផងដែរ៕

ប្រភពពី AFP, Kyiv Independent ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា