បន្ទាប់ពីសម្តេចតេជោព្រមានខ្លាំងៗ ខេត្តនានាចាប់ផ្តើមពង្រឹងការបោសសម្អាត​ Scam Online ​​  | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បន្ទាប់ពីសម្តេចតេជោព្រមានខ្លាំងៗ ខេត្តនានាចាប់ផ្តើមពង្រឹងការបោសសម្អាត​ Scam Online ​​ 

បន្ទាប់ពីសម្តេចតេជោព្រមានខ្លាំងៗ ខេត្តនានាចាប់ផ្តើមពង្រឹងការបោសសម្អាត​ Scam Online ​​ 

ក្រោយការប្រកាសព្រមានយ៉ាងម៉ឺងម៉ាត់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ​សមត្ថកិច្ចរាជធានី ខេត្ត បានប្រកាសអនុវត្តវិធានការណ៍ក្តៅ​ ដើម្បីបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការស្នាក់នៅខុសច្បាប់របស់ជនបរទេសនៅក្នុងមូលដ្ឋានរបស់ខ្លួន។

Advertisement

កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា សម្តេចតេជោបានប្រកាសថា នឹងគ្មានការយោគយល់ ឬលើកលែងណាមួយឡើយ ចំពោះមន្ត្រីទាំងឡាយណាដែលជាប់ពាក់ព័ន្ធ ឬអសកម្មមិនព្រមបង្ក្រាបក្រុម Scam Online ទោះអ្នកនោះជាកូនថ្នាក់ដឹកនាំ ឬជាអ្នកមានគុណបំណាច់បម្រើជាតិយូរឆ្នាំក៏ដោយ។

សម្តេចតេជោបានណែនាំត្រង់ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យដកតំណែងអភិបាលខេត្ត អភិបាលស្រុក មេប៉ូលិស និងមេប៉េអឹមណា ដែលអសមត្ថភាពក្នុងការគ្រប់គ្រងបទល្មើសនេះ ដូចដែលធ្លាប់បានអនុវត្តរួចរាល់លើការដកតំណែងថ្នាក់ដឹកនាំកំពូលៗរបស់ខេត្តមណ្ឌលគិរី។

ពាក់ព័ន្ធការបង្រ្កាបនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែឧសភាថា ម្ចាស់ផ្ទះជួលមួយកន្លែង ស្ថិតនៅស្រុកទឹកឈូ ត្រូវបានពិន័យជាប្រាក់ ២៤លានរៀល បន្ទាប់ពីសមត្ថកិច្ចរកឃើញថា បានលបលួចជួលផ្ទះឱ្យជនបរទេសចំនួន ០៦នាក់ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន។

ដោយឡែក រដ្ឋបាលខេត្តកំពង់ចាម ក៏បានចេញសេចក្តីណែនាំដល់ម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលភ្ញៀវអន្តរជាតិ។ អាជ្ញាធរបានបញ្ជាក់ច្បាស់ៗថា ករណីទទួលជនបរទេសដែលគ្មានឯកសារត្រឹមត្រូវឱ្យស្នាក់នៅ នឹងត្រូវប្រឈមការផាកពិន័យ ៤លានរៀលក្នុងម្នាក់ ឬអាចលើសពីនេះ ហើយវិធានការនេះត្រូវបានអនុវត្តលើទីតាំងមួយចំនួនរួចហើយដោយគ្មានការលើកលែង។

ដូចគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ក៏បានចេញសារក្រើនរម្លឹកជាថ្មីដល់ម្ចាស់ផ្ទះជួល រីស៊ត និងសណ្ឋាគារទាំងអស់ ត្រូវតែត្រួតពិនិត្យលិខិតឆ្លងដែនជនបរទេសឱ្យបានម៉ឺងម៉ាត់ និងរាយការណ៍ជូនអាជ្ញាធរឃុំ-សង្កាត់ជាដាច់ខាត។

សមត្ថកិច្ចខេត្តកោះកុង ធ្លាប់បានបើកប្រតិបត្តិការក្តៅចុះបង្ក្រាប និងបិទទីតាំងសង្ស័យបទល្មើសអនឡាញខុសច្បាប់ធំៗចំនួន ៣ រួចមកហើយ រួមមាន៖ តំបន់សាគរ, មូលដ្ឋានឃុំព្រែកខ្សាច់, និងតំបន់ចាំយាម ស្រុកមណ្ឌលសីមា កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៦។

ដោយឡែក រដ្ឋបាលខេត្តសៀមរាប ខេត្តប៉ៃលិន និងខេត្តដទៃទៀតក៏បានចេញសារព្រមានធ្ងន់ៗដូចគ្នានេះដែរចំពោះម្ចាស់ទីតាំង​ដែលហ៊ានជួលឲ្យភ្ញៀវអន្តរជាតិគ្មានឯកសារត្រឹមត្រូវ ស្នាក់នៅ។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងរយៈពេល ៣សប្តាហ៍ដើមខែឧសភានេះ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញបានចំនួន ៥០ទីតាំង នៅទូទាំងប្រទេស ដោយឃាត់ខ្លួនមនុស្សសរុបជាង ៣ ៣០០នាក់ ស្មើនឹង ៣២សញ្ជាតិ។

ក្នុងនោះ អាជ្ញាធរបានសម្រេចបណ្តេញជនបរទេសជាង ១ ០០០នាក់ ចេញពីប្រទេសកម្ពុជា។ ចំណែកជនសង្ស័យចំនួន ៩៦នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ទួន សុផល និង ង៉ាន់ ទិត្យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា