កំណើនមន្រ្តីរាជការស៊ីវិលជាស្រ្តីកើនដល់ ៤៣ភាគរយ ខណៈការចូលរួមក្នុងតំណែងដឹកនាំនិងវិស័យមួយចំនួននៅមានកម្រិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំណើនមន្រ្តីរាជការស៊ីវិលជាស្រ្តីកើនដល់ ៤៣ភាគរយ ខណៈការចូលរួមក្នុងតំណែងដឹកនាំនិងវិស័យមួយចំនួននៅមានកម្រិត

កំណើនមន្រ្តីរាជការស៊ីវិលជាស្រ្តីកើនដល់ ៤៣ភាគរយ ខណៈការចូលរួមក្នុងតំណែងដឹកនាំនិងវិស័យមួយចំនួននៅមានកម្រិត

ក្រសួងមុខងារសារធារណៈ ដោយយោងតាមរយៈរបាយការណ៍ថ្មីមួយ បានបង្ហាញពីវឌ្ឍនភាពជាវិជ្ជមាននៃការចូលរួមរបស់ស្ត្រីក្នុងវិស័យរដ្ឋបាល ដោយអត្រាមន្ត្រីរាជការស៊ីវិលជាស្ត្រីទូទាំងប្រទេស បានកើនឡើងពី ៤១ភាគរយ នៅក្នុងឆ្នាំ២០២០ ដល់ ៤៣ភាគរយ នៅក្នុងឆ្នាំ២០២៥។ តួលេខនេះត្រូវបានរំលេចឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ ដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨ ដោយបញ្ជាក់ថា ចំនួនមន្ត្រីរាជការជាស្ត្រីបានកើនឡើងពីចំនួន ៨៧ ៩៥៨នាក់ ដល់ ៩៦ ០៩៥នាក់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

Advertisement

យោងតាមផែនការយុទ្ធសាស្ត្រដដែលនេះ កំណើននៃការចូលរួមរបស់ស្ត្រីមានភាពលេចធ្លោជាងគេនៅក្នុងវិស័យសង្គមកិច្ច ជាពិសេសក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដែលមានមន្ត្រីរាជការជាស្ត្រីចន្លោះពី ៥២ ទៅ ៥៥ភាគរយ ដែលនេះបង្ហាញពីវត្តមានដ៏ធំធេងរបស់ស្ត្រីក្នុងវិស័យទាំងពីរ។ ទោះជាយ៉ាងណាក្តី ទន្ទឹមនឹងជោគជ័យជារួមនេះ វិស័យមួយចំនួនទៀតនៅមិនទាន់ឆ្លើយតបបានល្អប្រសើរទៅនឹងសមភាពយេនឌ័រនៅឡើយទេ តួយ៉ាងក្រសួងរ៉ែនិងថាមពល ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងព្រះបរមរាជវាំង ដែលមានមន្ត្រីរាជការស៊ីវិលជាស្ត្រីត្រឹមតែប្រមាណ ១៦ ទៅ ២៣ភាគរយប៉ុណ្ណោះនៃចំនួនមន្ត្រីសរុបរបស់ខ្លួន។

ងាកមកមើលការកាន់តំណែងគ្រប់គ្រង និងដឹកនាំវិញ របាយការណ៍បានបង្ហាញថា អត្រាស្ត្រីក្នុងរចនាសម្ព័ន្ធថ្នាក់ជាតិនៅមានកម្រិត និងមានកំណើនយឺតនៅឡើយ។ ជាក់ស្តែង សម្រាប់មុខតំណែងចាប់ពីថ្នាក់អនុប្រធានការិយាល័យ រហូតដល់ថ្នាក់អគ្គលេខាធិការ ឬអគ្គនាយក នៅតាមបណ្តាក្រសួងស្ថាប័នថ្នាក់ជាតិ ចំនួនស្ត្រីបានកើនឡើងតិចតួចប៉ុណ្ណោះ ពោលគឺពី ២៦ភាគរយ (ក្នុងចំណោមមន្ត្រីតំណែងគ្រប់គ្រងសរុប ១៩ ៥៣៩នាក់) ក្នុងឆ្នាំ២០២០ មកត្រឹម ២៧ភាគរយ (ក្នុងចំណោមមន្ត្រីសរុប ២២ ៣៧៤នាក់) នៅក្នុងឆ្នាំ២០២៥។

ដោយឡែកសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និន្នាការនៃការចូលរួមរបស់ស្ត្រីក្នុងតំណែងគ្រប់គ្រងក៏មានសភាពប្រហាក់ប្រហែលទៅនឹងថ្នាក់ជាតិផងដែរ។ អ្វីដែលជាការកត់សម្គាល់នោះគឺ អត្រាស្ត្រីក្នុងមុខតំណែងថ្នាក់ដឹកនាំកំពូលនៅថ្នាក់ក្រោមជាតិ ដូចជាប្រធានមន្ទីរ ឬនាយករដ្ឋបាលរាជធានី-ខេត្ត បានបង្ហាញពីការធ្លាក់ចុះ ដោយពីចំនួន ៨,៥ភាគរយ ក្នុងឆ្នាំ២០២០ បានកើនឡើងដល់ ១០,៣ភាគរយ ក្នុងឆ្នាំ២០២៣ ប៉ុន្តែបានធ្លាក់មកនៅត្រឹម ៧,៣ភាគរយវិញនៅឆ្នាំ២០២៥។ ផ្ទុយទៅវិញ សម្រាប់មុខតំណែងកម្រិតអនុប្រធានការិយាល័យនៅតាមមន្ទីររាជធានី-ខេត្ត មានភាគរយខ្ពស់និងមានកំណើនថេរល្អជាងគេ ដែលកើនពី ៣៤,៧ភាគរយ ក្នុងឆ្នាំ២០២០ ដល់ ៣៦,១ភាគរយ ក្នុងឆ្នាំ២០២៣ និងបន្តកើនដល់ ៣៦,៧ភាគរយ នៅក្នុងឆ្នាំ២០២៥៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា