ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី៖ កម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី៖ កម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
នយោបាយ 26/05/2026

ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី៖ កម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី ចាត់ទុកប្រទេសកម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធ របស់ហុងគ្រី ។ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំកម្ពុជា បានថ្លែងដូច្នេះ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នាឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តម បញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។

Advertisement

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតហុងគ្រី បានសម្ដែងនូវការពេញចិត្ត ចំពោះវឌ្ឍនភាព​ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ​ រវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ថា ទំនាក់ទំនងនេះ​បានឆ្លងកាត់ប្រវត្តិសាស្ត្រជាមួយគ្នា និងបានប្រែក្លាយប្រទេសទាំងពីរ ទៅជាដៃគូដ៏ជិតស្និទ្ធ។ ជាក់ស្ដែង, ការផ្លាស់ប្ដូរទស្សនកិច្ច របស់ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក៏ដូចជា​ទំនាក់ទំនងរវាងវិនិយោគិននៃប្រទេសទាំងពីរ គឺស្ដែងឱ្យឃើញពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញ និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។ 

ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ហុងគ្រី នឹងនៅតែបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំ ជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកល។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន​ ដែល​ផ្តល់ផល​ប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់​ប្រជាជន​ នៃ​ប្រទេស​ទាំងពីរ។

ជាការឆ្លើយតប សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញ និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងអាណត្តិការទូតរបស់ឯកឧត្តម។

សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនងកម្រិតខ្ពស់ រវាងប្រទេសទាំងពីរ ទាំងក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនហុងគ្រី ដែលបាន និងកំពុងបន្តផ្ដល់អាហារូបករណ៍​ និង​យកចិត្តទុកដាក់ចំពោះនិស្សិតកម្ពុជា ដើម្បីបន្តចូលរួមចំណែកកសាងធនធានមនុស្សកម្ពុជា។

សម្ដេចធិបតីបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋ​និងរដ្ឋគឺពិត​ជាមានសារៈសំខាន់ តែ​ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏មានតួនាទី​សំខាន់ដូចគ្នា​ ក្នុងការជំរុញ ចំណងមិត្តភាព​​ សាមគ្គីភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតសិ្នទ្ធបន្ថែមទៀត។

សម្ដេចធិបតីបានបន្ថែមទៀត​ថា​ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តពូនជ្រំទំនាក់ទំនង រវាងប្រទេសទាំងពីរ​ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី, តំបន់ និងសកល។ សម្ដេចធិបតី ក៏បានជំរុញឱ្យកម្ពុជា-​ ហុងគ្រីបន្តផ្សារភ្ជាប់ទំនាក់ទំនង រវាងវិស័យឯកជននិងឯកជន ឱ្យកាន់តែស្អិតរមួត តាមរយៈការរៀបចំដំណើរទស្សនកិច្ច ធុរកិច្ច ដែលផ្ដោតលើវិស័យអាទិភាពមួយចំនួន ដូចជា ការគ្រប់គ្រងធនធានទឹក និងកសិ-ឧស្សាហកម្ម ជាដើម។​

សម្ដេចធិបតី​​ក៏បានលើកទឹកចិត្តឱ្យវិនិយោគិន​ហុងគ្រី ស្វែងរកឱកាសវិនិយោគបន្ថែមទៀត​នៅកម្ពុជា ព្រោះប្រទេសទាំងពីរនៅតែមានវិស័យសក្តានុពលជាច្រើនទៀត៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា