កម្ពុជាបោះជំហានថ្មីលើវិថី​ឯកភាពជាតិ ជាមួយការលើកលែងទោសអតីតមេបក្សប្រឆាំង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបោះជំហានថ្មីលើវិថី​ឯកភាពជាតិ ជាមួយការលើកលែងទោសអតីតមេបក្សប្រឆាំង​

កម្ពុជាបោះជំហានថ្មីលើវិថី​ឯកភាពជាតិ ជាមួយការលើកលែងទោសអតីតមេបក្សប្រឆាំង​

លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង ត្រូវបានប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យលើកលែងទោស​ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ នេះគឺជាការវិវឌ្ឍថ្មីមួយនៅក្នុងរបត់នយោបាយកម្ពុជា ដែលទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋាន។
 
យោងតាមសេចក្តីក្រាបបង្គុំទូលថ្វាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់របស់ព្រះមហាក្សត្រ បានសម្រេចលើកលែងទោសឲ្យលោក កឹម សុខា ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ។
 
សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីបានសរសេរខ្លីនៅលើទំព័រហ្វេសប៊ុកផ្លូវការថា ការលើកលែងទោសដល់លោក កឹម សុខា គឺជាជំហានមួយបន្ថែមទៀតក្នុងការពង្រឹងសាមគ្គីភាព និងឯកភាពជាតិ។
 
ជាមួយគ្នានេះដែរ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះជារឿងដ៏គួរឱ្យសាទរ និងជាការបង្ហាញសិល្បៈដឹកនាំ ព្រមទាំងគុណធម៌នយោបាយដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល ជាពិសេស​ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកស្នើទៅអង្គព្រះមហាក្សត្រ ដើម្បីសុំការអនុគ្រោះលើកលែងទោសនេះ។ ការដោះលែងនេះធ្វើឡើងក្នុងពេលដែលលោក កឹម សុខា កំពុងមានទុក្ខ ដោយសារម្ដាយរបស់លោកស្ថិតក្នុងភាពចាស់ជរា និងមានជំងឺបៀតបៀន​ ដែលតម្រូវឱ្យលោកមានពេលថែទាំក្នុងដំណាក់កាលចុងក្រោយ។
 
ចំណែកលោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះការវិវត្តថ្មីនេះ ដោយលោកបានចាត់ទុកថា នេះជាចំណុចចាប់ផ្តើមដ៏ល្អមួយនៃដំណើរការពង្រឹងសាមគ្គីភាព និងឯកភាពជាតិខ្មែរ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ។
 
លោកបណ្ឌិតបានរំឮកផងដែរថា បើគិតចាប់តាំងពីឆ្នាំ១៩៩៧ មក កម្ពុជាមានប្រវត្តិវប្បធម៌នយោបាយអត់ឱនច្រើនលើកច្រើនសារ ដោយមានឥស្សរជននយោបាយជាច្រើនរូប ដែលធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសពីបទឧក្រិដ្ឋធំៗ រួមទាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ផងនោះ ទទួលបានការលើកលែងទោសឱ្យមានសេរីភាពឡើងវិញ។
 
សូមបញ្ជាក់ថា ការលើកលែងទោសចំពោះលោក កឹម សុខា គឺអនុវត្តចំពោះតែទោសដាក់ពន្ធនាគារ ដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយ។ ទោសបន្ថែម គឺសំដៅលើការដកហូតជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត ព្រមទាំងបំរាមចាកចេញ​ពីប្រទេសកម្ពុជារយៈពេល៥ឆ្នាំ ដែលទើបកំណត់ដោយសាលាឧទ្ធរហ៍ភ្នំពេញកាលពីចុងខែមេសា កន្លងទៅថ្មីៗនេះ៕

Advertisement
ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា