មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទទួលបានសម្ភារបរិក្ខារពេទ្យពីក្រុមហ៊ុន ទឹកពិសា វីតាល់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទទួលបានសម្ភារបរិក្ខារពេទ្យពីក្រុមហ៊ុន ទឹកពិសា វីតាល់

មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទទួលបានសម្ភារបរិក្ខារពេទ្យពីក្រុមហ៊ុន ទឹកពិសា វីតាល់

ភ្នំពេញ ៖ពិធីប្រគល់-ទទួលសម្ភារបរិក្ខារពេទ្យពីក្រុមហ៊ុនទឹកពិសាវីតាល់  ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាមខាងលើនេះ រៀបចំដោយក្រុមហ៊ុន ទឹកពិសាវីតាល់នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រាជធានីភ្នំពេញ ក្រោមវត្តមានលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និង លោកជំទាវ ជឹង សុគន្ធាវី  នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ គ្រុប (ទឹកពិសាវីតាល់) និងមានការចូលរួមផងដែរ ពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ មជ្ឈមណ្ឌលជាតិផ្តល់ឈាម, អ្នកផលិតមាតិកា, ដៃគូសារព័ត៌មាន, និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

Advertisement

បើតាមប្រសាសន៍លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ គ្រុប (ទឹកពិសាវីតាល់) ពិធីប្រគល់-ទទួល សម្ភារបរិក្ខារពេទ្យនាពេលនេះ ធ្វើឡើងក្រោមបុព្វហេតុ និងស្មារតី លើកតម្កើងគុណវុឌ្ឍិ នៃចលនាបរិច្ចាគឈាមពីសប្បុរសជនដោយស្ម័គ្រចិត្ត ជាពិសេសការចូលរួមគាំទ្រវិស័យសុខាភិបាល ក្នុងក្របខណ្ឌយុទ្ធនាការបរិច្ចាគឈាម សំដៅជួយសង្រ្គោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម។ ជាងនេះទៅទៀត លោកជំទាវ សង្ឃឹមថា សម្ភារបរិក្ខារពេទ្យដែលផ្តល់ជូននេះ  មិនត្រឹមតែជួយសម្រួលការងារ របស់ក្រុមគ្រូពេទ្យចល័ត នៅតាមបណ្ដាទីតាំង និងខេត្តនានា ប៉ុណ្ណោះទេ  ប៉ុន្តែជាការផ្ដល់កម្លាំងចិត្ត និងការគាំទ្រដល់ក្រុមគ្រូពេទ្យ ក្នុងការបន្តបេសកកម្មសង្គ្រោះជីវិតប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។

 លោកជំទាវ ជឹង សុគន្ធាវី ក៏បានថ្លែងអំណរគុណដល់វេជ្ជបណ្ឌិត សុខ ប៉ូ និងសហការី ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិផ្តល់ឈាមគ្រប់ជំនាន់ តែងតែផ្តល់ការអនុញ្ញាតដល់ វីតាល់ ក្នុងនាមវិស័យឯកជន ចូលរួមបេសកកម្មមនុស្សធម៌មួយនេះ អស់រយៈពេលជាង១ទសវត្ស ចាប់តាំងពីថ្ងៃវីតាល់ ឈានជើងចូលទីផ្សារបាន១ឆ្នាំ ពោល គឺពី២០១១ ហើយបើគិតមកទល់ពេលនេះ មានរយ:ពេល១៥ឆ្នាំហើយ។ ទោះបីយ៉ាងនេះក្តី វីតាល់ នៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិនេះ ប្រកបដោយបរិយាប័ន្ន ស្របតាមចក្ខុវិស័យរួមរបស់ស្ថាប័នទាំងពីរ។

នាឱកាសនោះផងដែរ លោកជំទាវ ជឹង សុគន្ធាវី បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់ ដៃគូពាណិជ្ជកម្ម អតិថិជនរបស់វីតាល់ និងប្រជាពលរដ្ឋខ្មែរ បានផ្តល់ភាពជឿជាក់ និងគាំទ្រ វីតាល់បន្តបេសកកម្ម ជាបន្តបន្ទាប់។ ជាក់ស្ដែង ថ្ងៃនេះ សមិទ្ធផលថ្មីបន្ថែមទៀតពី «មូលនិធិ ២៥រៀល» នឹងផ្ដល់ជូនសម្ភារបរិក្ខារពេទ្យចាំបាច់ រួមមាន គ្រែពេទ្យចំនួន ១០០គ្រែ, ឯកសណ្ឋានបុគ្គលិក,  ភួយ,  កូនបាល់, កៅអីអង្គុយសាធារណៈ និងទឹកពិសាវីតាល់សម្រាប់ប្រតិបត្តិការ ជារៀងរាល់ថ្ងៃរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ ក្រៅពីអំណោយ ជាសម្ភារះដូចរៀបរាប់មកនេះ សម្រាប់ឆ្នាំថ្មីនេះដែរ យើងក៏កំពុងសិក្សាប្លង់សំណង់ ក្នុងការផ្គត់ផ្គង់លើការជួសជុលពង្រីកវិសាលភាពបន្ទប់ និងអាគាររង់ចាំផងដែរ។

ស្របគ្នា​នេះផង លោក វេជ្ជបណ្ឌិត សុខប៉ូ ចាត់ទុកសកម្មភាព របស់វីតាល់ មិនគ្រាន់តែជាការផ្តល់ជូននូវសម្ភាររូបវន្តប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ការតភ្ជាប់ខ្សែចង្វាក់នៃស្មារតីសាមគ្គីភាពជាតិ» ឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកជំទាវទី១ ព្រមទាំងជាការបង្កើនសមត្ថភាព និងល្បឿនក្នុងការបម្រើសេវាផ្ដល់ឈាម ជួយសម្រាលការនឿយហត់របស់គ្រូពេទ្យ និងផ្តល់ផាសុកភាពខ្ពស់ដល់អ្នកបរិច្ចាគឈាម ហើយថា គ្រែបូមឈាមទាំងនេះ នឹងក្លាយជាឧបករណ៍បន្តជីវិតដ៏មានតម្លៃ ក្នុងបេសកកម្មមនុស្សធម៌ជួយដល់អ្នកជំងឺ និងវីរកងទ័ពយើង។

ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ លោកវេជ្ជបណ្ឌិត សុខប៉ូ តាងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងបុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ និង សន្យាថា នឹងចាត់ចែងប្រើប្រាស់ និងថែរក្សាសម្ភារបរិក្ខារពេទ្យទាំងនេះ ឱ្យចំគោលដៅ មានប្រសិទ្ធភាព និងតម្លា ភាពខ្ពស់បំផុត ដើម្បីជាប្រយោជន៍ដល់សាធារណជន៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា