សម្តេចធិបតីណែនាំឱ្យផ្អាកនាំចូលកៅស៊ូពីថៃ ហើយងាកមកជំរុញផលិតកម្មក្នុងស្រុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតីណែនាំឱ្យផ្អាកនាំចូលកៅស៊ូពីថៃ ហើយងាកមកជំរុញផលិតកម្មក្នុងស្រុក

សម្តេចធិបតីណែនាំឱ្យផ្អាកនាំចូលកៅស៊ូពីថៃ ហើយងាកមកជំរុញផលិតកម្មក្នុងស្រុក

ក្នុងពិធីសម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូដ៏ធំមួយរបស់ក្រុមហ៊ុនចិន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះនៅខេត្តត្បូងឃ្មុំ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យផ្អាកការនាំចូលកៅស៊ូពីប្រទេសថៃ ហើយងាកមកប្រើប្រាស់កៅស៊ូក្នុងស្រុកឱ្យអស់លទ្ធភាពវិញ។ សម្តេចបញ្ជាក់ថា ការបញ្ឈប់ការនាំចូលនេះ គឺដើម្បីលើកកម្ពស់ផលិតផលជាតិ និងពង្រឹងទីផ្សារដាំដុះក្នុងស្រុក។
 
សម្តេចធិបតីនាយករដ្ឋមន្រ្តីបានឲ្យដឹងថា កន្លងមក កម្ពុជាបាននាំចូលកៅស៊ូពីប្រទេសថៃរហូតដល់ទៅ ៣០% នៃតម្រូវការសរុប ខណៈកៅស៊ូធម្មជាតិដែលផលិតបានក្នុងស្រុកបែរជានាំចេញទៅលក់នៅខាងក្រៅប្រទេស។  
 
វត្តមានរបស់រោងចក្រកៅស៊ូថ្មីតម្លៃ ៣០ លានដុល្លារ លើផ្ទៃដីជិត ១៥ ហិកតានេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់វិនិយោគិនចិនមកលើសុខសន្តិភាព និងបរិយាកាសធុរកិច្ចនៅកម្ពុជា។ រោងចក្រនេះមានសមត្ថភាពកែច្នៃកៅស៊ូបានរហូតដល់ ១០ ម៉ឺនតោនក្នុងមួយឆ្នាំ ដោយបង្កើតការងារផ្ទាល់ខ្លួនចំនួន ៣០០ កន្លែង និងផ្តល់អត្ថប្រយោជន៍ដោយប្រយោលដល់ប្រជាពលរដ្ឋអ្នកចៀរជ័រកៅស៊ូជាង ៥ម៉ឺននាក់។
 
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានប្រកាសគាំទ្រពេញទំហឹងចំពោះគម្រោងបន្ទាប់របស់ក្រុមហ៊ុនដដែលនេះ ក្នុងការបោះទុន ៣០ លានដុល្លារបន្ថែមទៀត ដើម្បីសាងសង់រោងចក្រទី២ នៅខេត្តរតនគិរី ដែលមានសមត្ថភាពផលិត ១០ ម៉ឺនតោនក្នុងមួយឆ្នាំដូចគ្នា ដើម្បីជួយពង្រីកទីផ្សារជ័រកៅស៊ូខ្មែរ និងកាត់បន្ថយការពឹងផ្អែកលើឈ្មួញកណ្តាល។
 
របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញថា វិស័យកៅស៊ូកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដោយរកចំណូលបានរហូតដល់ជាង ៨៣២ លានដុល្លារពីការនាំចេញផលិផលកៅស៊ូ ក្នុងនោះមានជ័រកៅស៊ូ និងឈើកៅស៊ូ កាលពីឆ្នាំ២០២៥ ពោលគឺកើនឡើង ២៤%បើធៀបនឹងឆ្នាំកន្លងទៅ។
 
ថ្វីបើចំណូលកើនឡើងដោយសារតម្លៃកៅស៊ូកើន ប៉ុន្តែបរិមាណនាំចេញវិញមានការថយចុះ ព្រោះតម្រូវការក្នុងស្រុកបានកើនឡើង។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២៥ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួនជាង ៣៤ម៉ឺនតោន គឺថយចុះចំនួន ១២.៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ​
 
​បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបជាង ៤៤ម៉ឺនហិកតា និងមានរោងចក្រផលិតសំបកកង់រថយន្តចំនួន ៨ រោងចក្រ៕

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា