ឯកឧត្តម កែវ រ៉េមី អះអាងថា កម្ពុជាឈានមុខគេក្នុងវិស័យសិទ្ធិមនុស្ស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម កែវ រ៉េមី អះអាងថា កម្ពុជាឈានមុខគេក្នុងវិស័យសិទ្ធិមនុស្ស

ឯកឧត្តម កែវ រ៉េមី អះអាងថា កម្ពុជាឈានមុខគេក្នុងវិស័យសិទ្ធិមនុស្ស

ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីយន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ធ្វើឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នៅខេត្តបាត់ដំបង ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងពីចំណុចជាអាទិភាព និងឈានមុខគេរបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស។

Advertisement

ជាក់ស្តែង កម្ពុជាបានផ្តល់សច្ចាប័នលើលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិដ៏ច្រើនលើសលប់ ព្រមទាំងអនុញ្ញាតឱ្យមានវត្តមានការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្ស និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា។ ជាងនេះទៅទៀត កម្ពុជាបានលុបចោលទោសប្រហារជីវិត ធ្វើសុខដុមនីយកម្មសាសនា និងបើកទូលាយចំពោះសិទ្ធិសេរីភាពរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីអាទិភាពនានា ដើម្បីធានាស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍលើគ្រប់វិស័យ គឺជាបុរេលក្ខខណ្ឌនៃសិទ្ធិមនុស្ស និងស្របតាមអនុសាសន៍ដែលកម្ពុជាបានទទួលយកក្នុងក្របខណ្ឌ UPR។ យន្តការ UPR គឺជាយន្តការដ៏សំខាន់មួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលផ្តល់ឱកាសឱ្យប្រទេសសមាជិកទាំងអស់ ចែករំលែកឧត្តមានុវត្តន៍ និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើវិស័យសិទ្ធិមនុស្ស។

ដោយឡែក ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា តាមរយៈការចេញញត្តិថ្កោលទោស និងដាក់ពាក្យបណ្តឹងទៅកាន់យន្តការសិទ្ធិមនុស្សតំបន់ និងអន្តរជាតិចំនួន ៦០ច្បាប់។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានបំពេញបេសកកម្មនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីខែមីនា ឆ្នាំ២០២៦ ផងដែរ។

ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំកម្ពុជា ទាំងសម្ដេចតេជោ និងសម្ដេចធិបតី បានផ្ដល់តម្លៃយ៉ាងខ្ពស់ចំពោះអាយុជីវិត សុខសុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប តាមរយៈការប្រកាន់យកការអត់ធ្មត់ជាអតិបរមា និងជម្រើសនៃការដោះស្រាយបញ្ហាដោយសន្ដិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់យុវជនឱ្យចូលរួមបំពេញកាតព្វកិច្ចយោធាឱ្យបានពេញលេញ ដោយចាត់ទុកថានេះជាឱកាសក្នុងការរួមចំណែកក្នុងការការពារបូរណភាពទឹកដី ក៏ដូចជាដើម្បីពង្រឹងសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើឱ្យប្រជាពលរដ្ឋបន្ដជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយរាល់បញ្ហា ព្រមទាំងត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបាលក្នុងការការពារ និងកសាងជាតិឱ្យរីកចម្រើនជាលំដាប់៕

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា