កម្លាំងសាមគ្គីជាតិផុលផុសបានជួយសង្គ្រោះកុមារ ដែលជាធនធានមនុស្សអនាគតរាប់ម៉ឺនាក់ក្នុងមួយឆ្នាំៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្លាំងសាមគ្គីជាតិផុលផុសបានជួយសង្គ្រោះកុមារ ដែលជាធនធានមនុស្សអនាគតរាប់ម៉ឺនាក់ក្នុងមួយឆ្នាំៗ

កម្លាំងសាមគ្គីជាតិផុលផុសបានជួយសង្គ្រោះកុមារ ដែលជាធនធានមនុស្សអនាគតរាប់ម៉ឺនាក់ក្នុងមួយឆ្នាំៗ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សហប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា ការចូលរួមបរិច្ចាគនូវធនធាន ដើម្បីគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុង “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឬតាមរយៈសកម្មភាពផ្សេងៗ គឺបង្ហាញពីទឹកចិត្តសប្បុរសធម៌របស់ប្រជាពលរដ្ឋខ្មែរ ក្នុងការជួយសង្គ្រោះដល់កុមារ ទារក និងស្ត្រីមានផ្ទៃ ឲ្យមានសុខភាពល្អ។

Advertisement

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “បើកយុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ និង “ពិធីសំណេះសំណាល ជាមួយគណៈកម្មការទ្រទ្រង់ មូលនិធិគន្ធបុប្ផាកម្ពុជា” និង “កម្មពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា” នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា យុទ្ធនាការនេះ ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ១ មិថុនា ការបំផុសសកម្មភាពកៀរគរមូលនិធិសប្បុរសធម៌ ហើយជាការសំខាន់ទៀតនោះ គឺការបំផុសស្មារតីខ្មែរជួយខ្មែរ ទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មានសិស្ស និស្សិត មន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័ន គ្រឹះស្ថានឯកជន និងសាធារណៈទាំងក្នុង និងក្រៅប្រទេស ក្រោមមូលបទ “ទោះក្នុងកាលៈទេសៈណាក៏ដោយ ខ្មែរនៅតែជួយខ្មែរ” ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗដទៃទៀត ដើម្បីរម្លឹក និងបំផុសចលនាចូលរួមបរិច្ចាគពីគ្រប់មជ្ឈដ្ឋាន ដើម្បីរួមគ្នារក្សានូវនិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងមានបេសកកម្មសង្រ្គោះជីវិតមាតាទារក និងកុមារនៅកម្ពុជា ប្រកបដោយគុណភាព មិនរើសអើង និងដោយមិនគិតថ្លៃ ជាពិសេសកុមារដែលមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ក៏អាចទទួលបានសេវាពិនិត្យ និងព្យាបាលប្រកបដោយគុណភាពផងដែរ។ ជាមួយនេះ លោកជំទាវបណ្ឌិត បានកោតសរសើរ និងថ្លែងនូវអំណរគុណ ចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន បណ្តាវិស័យឯកជន ដៃគូពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលមានទឹកចិត្តសប្បុរសយ៉ាងធំធេង ចូលរួមគាំទ្រ មូលនិធិគន្ធបុប្ផា ទាំងកម្លាំងកាយចិត្ត និងធនធាន នាពេលកន្លងមក ដែលជាការបង្ហាញយ៉ាងច្បាស់ថា មិនថានៅទីកន្លែងណា មិនថាពេលវេលាណា ខ្មែរតែងតែបារម្ភ ស្រឡាញ់ និងយកចិត្តទុកដាក់គ្នាទៅវិញទៅមក ហើយតែងតែជួយគ្នាទៅតាមគ្រប់មធ្យោបាយ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផា មានប្រសាសន៍ថា ក្នុងមួយថ្ងៃៗ មន្ទីរពេទ្យគន្ធបុប្ផាត្រូវការចំណាយថវិកាតិចចំនួន១២ម៉ឺនដុល្លារ ឬប្រមាណ៤៣លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ដើម្បីរក្សានិរន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យ ទាំងនៅរាជធានីភ្នំពេញ និងទាំងនៅខេត្តសៀមរាប ដែលមានការផ្តល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ រួមទាំងសេវាសម្ភពដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

សូមរំលឹកថា បន្ទាប់ពីដំណើរការឡើងវិញនៅឆ្នាំ១៩៩២ ដោយលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានផ្តល់នូវសេវាព្យាបាលប្រកបដោយគុណភាព និងជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា រួមទាំងស្ត្រីមានផ្ទៃពោះរាប់លាននាក់ ដោយឥតគិតថ្លៃ ក្នុងរយៈពេលជាង ៣ទសវត្សរ៍កន្លងមកនេះ ។ ដើម្បីលើកកម្ពស់ ជ្រោមជ្រែង និងបន្តបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លានេះ នៅឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តួចផ្តើមបង្កើត “មូលនិធិគន្ធបុប្ផា” ដែលជាមូលនិធិផ្លូវការតែមួយគត់ បើកទទួលមូលនិធិសប្បុរសធម៌ពីគ្រប់ប្រភពស្របច្បាប់នានាទាំងក្នុង និងក្រៅប្រទេស៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា