ឥណ្ឌា ចែចូវទិញប្រព័ន្ធមីស៊ីល S-400 ចំនួន ៥ ឈុតទៀតពី រុស្ស៊ី ទោះមានសម្ពាធពី អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា ចែចូវទិញប្រព័ន្ធមីស៊ីល S-400 ចំនួន ៥ ឈុតទៀតពី រុស្ស៊ី ទោះមានសម្ពាធពី អាមេរិក

ឥណ្ឌា ចែចូវទិញប្រព័ន្ធមីស៊ីល S-400 ចំនួន ៥ ឈុតទៀតពី រុស្ស៊ី ទោះមានសម្ពាធពី អាមេរិក

ញូវដែលី ៖ ឥណ្ឌា កំពុងចរចាបញ្ជាទិញប្រព័ន្ធមីស៊ីល S-400 ពីប្រទេសរុស្ស៊ីចំនួន ៥ ឈុតបន្ថែមទៀត ដើម្បីពន្លឿនយុទ្ធនាការធ្វើទំនើបកម្មយោធាទ្រង់ទ្រាយធំ ទោះបីជាត្រូវប្រឈមមុខនឹងសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ ។

Advertisement

ការបញ្ជាទិញថែមនេះ នឹងធ្វើឱ្យចំនួនប្រព័ន្ធមីស៊ីល S-400 សរុបរបស់ឥណ្ឌា កើនដល់ ១០ ឈុត ខណៈកិច្ចព្រមព្រៀងចាស់កាលពីឆ្នាំ ២០១៨ ដែលបានបញ្ជាទិញចំនួន ៥ ឈុតក្នុងតម្លៃ ៥ ពាន់ ៤០០ លានដុល្លារ នឹងបិទបញ្ចប់នៅចុងឆ្នាំនេះ ។

បើតាម Moscow times, មូលហេតុដែលឥណ្ឌាចង់ទិញប្រព័ន្ធមីស៊ីល S-400 ថែមទៀត ក៏ព្រោះតែពួកវាបង្ហាញសមត្ថភាពដ៏ខ្លាំងក្លា ក្នុងអំឡុងពេលផ្ទុះជម្លោះតាមព្រំដែនជាមួយប៉ាគីស្ថាន តាមរយៈក្នុងការស្ទាក់ចាប់ និងកម្ទេចរាល់ការគំរាមកំហែងពីលើអាកាស មិនថា យន្តហោះដ្រូន ឬមីស៊ីល ។

S-400 គឺជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយ និងមធ្យមដ៏ទំនើបបំផុតមួយរបស់ប្រទេសរុស្ស៊ី ដែលមានសមត្ថភាពស្ទាក់ចាប់គោលដៅក្នុងចម្ងាយរហូតដល់ ៦០០ គីឡូម៉ែត្រ និងអាចបាញ់កម្ទេចគោលដៅបានចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ ។

វាត្រូវបានរចនាឡើងដើម្បីកម្ទេចរាល់ការវាយប្រហារតាមអាកាសគ្រប់ទម្រង់ រាប់ចាប់ពីយន្តហោះចម្បាំង យន្តហោះដ្រូន មីស៊ីលនាំផ្លូវ រហូតដល់មីស៊ីលផ្លោងជាដើម ។

យោងតាម RT, ក្រៅពីប្រព័ន្ធមីស៊ីល S-400 ក្រសួងការពារជាតិឥណ្ឌា កាលពីដើមឆ្នាំនេះ ក៏បានអនុម័តកញ្ចប់ថវិកាចំនួន ១ ពាន់ ១០០ លានដុល្លារ ដើម្បីបញ្ជាទិញគ្រាប់មីស៊ីលចំនួន ២៨៨ គ្រាប់ ក្នុងនោះមានគ្រាប់មីស៊ីលរយៈចម្ងាយខ្លី ១២០ គ្រាប់ និងរយៈចម្ងាយឆ្ងាយចំនួន ១៦៨ គ្រាប់ សម្រាប់ផ្គត់ផ្គង់ដល់ប្រព័ន្ធ S-400 ដែលមានស្រាប់ ។

គម្រោងទាំងនេះ ស្ថិតនៅក្រោមផែនការធ្វើទំនើបកម្មយោធារបស់ប្រទេសឥណ្ឌា ដែលមានតម្លៃសរុបប្រមាណ ២៥ ពាន់លានដុល្លារ ដោយរួមបញ្ចូលទាំងការទិញយន្តហោះដឹកជញ្ជូន និងយន្តហោះដ្រូនវាយប្រហារចម្ងាយឆ្ងាយផងដែរ ។

ផ្អែកតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល, ឥណ្ឌាគឺជាប្រទេសចំណាយលុយលើវិស័យយោធាធំជាងគេទី៥របស់ពិភពលោក និងជាប្រទេសនាំចូលអាវុធធំជាងគេទីពីរ បន្ទាប់ពីអ៊ុយក្រែន ។

៥ឆ្នាំកន្លងមកនេះ ឥណ្ឌាបានរ៉ាប់រងជិតពាក់កណ្តាលនៃការនាំចេញអាវុធសរុបរបស់រុស្ស៊ី ក្នុងចំណោមអតិថិជនកំពូលចំនួន៣ ហើយ ៦០% នៃអាវុធរបស់ឥណ្ឌាមានប្រភពដើមមកពីរុស្ស៊ី ។

យ៉ាងណា ទីក្រុងញូវដេលី បានដាក់មហិច្ឆតាប្រែក្លាយខ្លួនជាក្រុមហ៊ុនផលិតសម្ភារៈការពារជាតិ សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស នាពេលអនាគតផងដែរ ៕

ប្រភព ៖ Moscow times និង RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា